សាក៖
ក្រុមតំណាងរាស្ត្រ ២៨រូបពីខាងគណបក្ស សម រង្ស៊ី បានថ្កោលទោសយ៉ាងខ្លាំងទៅនឹងការសម្រេចថ្មីៗរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបិទមជ្ឈមណ្ឌលជួយជនភៀសខ្លួនក្នុងទីក្រុងភ្នំពេញ ដែលគ្រប់គ្រងដោយឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀស ខ្លួន (UNHCR)។
ជនភៀសខ្លួនដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលនោះមានចំនួន ៧៦នាក់ ជាជនជាតិភាគតិចម៉ុងតាញ៉ា ដែលរត់គេចពីការតាមធ្វើទុក្ខបុកម្នេញដោយរដ្ឋាភិបាលវៀតណាម។
រដ្ឋាភិបាលកម្ពុជា គ្រោងបញ្ជូនជនភៀសខ្លួនចំនួន ១៤នាក់ក្នុងចំណោមមនុស្សចំនួន ៧៦នាក់នោះទៅប្រទេសវៀតណាមវិញ បន្ទាប់ពីពួកគេទើបបានមកកម្ពុជា គេចពីសមត្ថកិច្ចវៀតណាម ដែលតាមចាប់។
ក្រុមអ្នកតំណាងរាស្ត្រទាំង ២៨រូបខាងលើនេះ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញចំពោះការសម្រេចចិត្តមួយដែលក្រុមអ្នកតំណាងរាស្ត្រ ចាត់ទុកថា ធ្វើឡើងដ៏តក់ក្រហល់នេះ ហើយអនុញ្ញាតឲ្យអង្គការ UNHCR បន្តបំពេញបេសកកម្មមនុស្សធម៌របស់គេឲ្យបានចប់ចុងចប់ដើម។
ក្រុមអ្នកតំណាងរាស្ត្រទាំងនេះបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា គោរពកាតព្វកិច្ចមនុស្សធម៌ និងបទដ្ឋានអន្តរជាតិផ្សេងៗ ដែលមានចែងក្នុងច្បាប់របស់កម្ពុជា រួមនឹងអនុសញ្ញាអន្តរជាតិស្តីអំពីជនភៀសខ្លួនរបស់អង្គការ សហប្រជាជាតិ នៅឆ្នាំ១៩៥១៕