រដ្ឋសភាប្រទេសកម្ពុជាបានសំរេចអនុម័តច្បាប់ស្តីពីរបបថវិការ និងការគ្រប់គ្រងសម្បត្តិរដ្ឋ ហើយ ដោយសំលេងភាគច្រើនកាលពីថ្ងៃទី១១ខែឧសភានេះ ទោះបីមិនមានការឯកភាពពីគណបក្ស ប្រឆាំងសមរង្ស៊ីដោយសារភាពចន្លោះប្រហោងនៃច្បាប់។ សេចក្តីព្រាងច្បាប់មួយនេះមិនត្រូវបាន កែប្រែតាមការទទូចរបស់តំនាងរាស្ត្រគណបក្សសមរង្ស៊ីនោះទេ ហើយត្រូវបានអនុម័តក្នុង សំលេង៨៦ ក្នុងចំនោមសមាជិកសភាវត្តមាន៩៩រូប បន្ទាប់ពីការជជែកគ្នារយៈពេល២ថ្ងៃ។
គណបក្សសមរង្ស៊ីបានគំាទ្រនូវការបង្កើតឲ្យមានច្បាប់នេះ ដោយចាត់ទុកថាជាការខិតខំបន្ថែម មួយកំរិតទៀតក្នុងការប្រមូលអំនាចឲ្យអជ្ញាធរមូលដ្ឋាន ទាំងក្នុងការគ្រប់គ្រង ចាយវាយថវិការ និងការថែរក្សាទ្រព្យសារធារណៈ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ពង្រាងច្បាប់នេះមិនមានភាព ល្អឥតខ្ចោះនោះទេ ហើយមានចំនុចមួយចំនួននៅតែមានភាពស្រពិចស្រពិល ដែលតំណាង រាស្ត្រ គណបក្សសមរង្ស៊ីស្នើឲ្យមានការកែលំអរ។ ទោះជាយ៉ាងណាក៏ដោយច្បាប់នេះបានឆ្លង ផុតសភា ដែលគេនៅរង់ចាំមើល ការអនុវត្តជាក់ស្តែងវិញម្តង។
នៅក្នុងការជជែកគ្នាលើជំពូកទី៣នៃច្បាប់ស្តីពីរបបថវិការ និងការគ្រប់គ្រងសម្បត្តិរដ្ឋ ដែលចែង អំពីការគ្រប់គ្រងថវិការរបស់រដ្ឋបាលមូលដ្ឋាន តំនាងរាស្ត្រ ស៊ុនឆ័យមកពីគណបក្សសមរង្ស៊ី បានស្នើសុំឲ្យមានការចែងអំពីយន្តការនៃការផ្សព្វផ្សាយជាសារធារណៈ អំពីការគ្រប់គ្រងថវិការ និងការចាយវាយ ក្នុងការអភិវឌ្ឍគំរោងនៅតាមមូលដ្ឋាន ព្រោះកន្លងមកសូម្បីតែអ្នក តំណាងរាស្ត្រ ក៏មិនដែលទទួលបានពត៌មានអំពីការប្រើប្រាស់ថវិការរបស់ស្ថាប័នរដ្ឋនៅមូលដ្ឋាន ដែលត្រូវតែមានការធានាអំពីការផ្សព្វផ្សាយជាទូទៅដើម្បីឲ្យប្រជាពលរដ្ឋបានដឹង សូម្បីតែគំរោង អភិវឌ្ឍ និងការសាងសង់ក្នុងមូលដ្ឋាន។
បន្ថែមលើការទទួលខុសត្រូវក្នុងការប្រកាសជាចំហរនូវគំរោងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋក៏ត្រូវតែមានការផ្តល់លទ្ធភាពគ្រប់គ្រាន់ ដើម្បីឲ្យពួកគាត់ ឬតំណាងពួកគាត់ចូលរួម ក្នុងគំរោង ទាំងការសិក្សា វាយតំលៃលើផលប៉ះពាល់ ដែលកើតមានឡើងលើប្រជាពលរដ្ឋ និងការការពារនូវសេចក្តីត្រូវការរបស់មូលដ្ឋានខ្លួនបានខ្ជាប់ខ្ជួន។
អំពីការបែងចែកថវិការសំរាប់រដ្ឋបាលមូលដ្ឋាន ថ្នាក់ឃុំសង្កាត់ លោកស៊ុនឆ័យបានបញ្ជាក់ថា មានការរើសអើងចំពោះប្រជាពលរដ្ឋ ដែលមាននិន្នាការផ្សេងពីគណបក្សប្រជាជនកម្ពុជាក្នុង អំណាច។ លោកបានលើកឧទាហរណ៍ថា ក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០០៧ គណបក្ស សមរង្ស៊ីឈ្នះអាសនៈទទួលបានតំណែងជាមេឃុំ និងចៅសង្កាត់មួយចំនួន ហើយក្នុងការបែង ចែកថវិការឃុំសង្កាត់ អជ្ញាធរស្រុក ខេត្ត រាជធានីហាក់ដូចជាព្រងើយកន្តើយ ធ្វើឲ្យថវិការគំរោង យឺតយ៉ាវ និងមិនមានតំលាភាព ដែលកើតឡើងចំពោះតែឃុំសង្កាត់ដែលគណបក្សសមរង្ស៊ី ឈ្នះឆ្នោត។ រូបភាពនេះធ្វើឲ្យគេគិតថាប្រជាពលរដ្ឋដែលគាំទ្រគណបក្សសមរង្ស៊ីហាក់ត្រូវ បណ្តាសាដោយការរើសអើងពីអជ្ញាធរថ្នាក់លើ។ លោកស៊ុនឆ័យបានពន្យល់ថាវាខុសស្រឡះ ពី គោលការណ៍ប្រជាធិបតេយ្យ ដែលនិយាយអំពីតំលាភាព គណនេយ្យភាព ហើយត្រូវបានធានា នៅក្នុងសេចក្តីព្រាងច្បាប់នេះ។ លោកថាថ្នាក់លើគួរតែបើកលទ្ធភាពសម្រាប់រដ្ឋបាលឃុំសង្កាត់ នានា ធ្វើការប្រកួតប្រជែងគ្នាបង្កើតស្នាដៃក្នុងការអភិវឌ្ឍមូលដ្ឋាននិងការផ្តល់សេវាឲ្យប្រជា ពលរដ្ឋ។ ប្រសិនបើធ្វើដូច្នេះប្រទេសជាតិទាំងមូល នឹងមានការរីកចំរើនទៅមុខ។ ផ្ទុយទៅវិញ បើ មានតែការច្រណែនគ្នា ការរើសអើង ខ្វះការលើកទឹកចិត្ត ការប្រកាន់បក្សពួក នឹងមិនអាចធ្វើឲ្យ មានការរីកចំរើនបាននោះទេ។ លោកស៊ុនឆ័យបានបន្តទៀតថាជាការខុសឆ្គងមួយទៀតគឺការប្រើ ប្រាស់វេទិការសាធារណៈ ឬការជួបជុំជាមួយប្រជាពលរដ្ឋ ធ្វើជាវេទិការរបស់បក្ស ដោយអជ្ញាធរ ធ្វើជាតំណាងរបស់គណបក្សនយោបាយ ដែលគេឃើញកើតមានស្ទើគ្រប់វេទិការ និងគ្រប់ទី កន្លែង ដែលត្រូវតែមានការកែប្រែនូវវប្បធម៌បែបនេះ ជៀសវាងការប្រើប្រាស់ថវិការរបស់ជាតិ ប៉ុន្តែអួតអាងថាជាស្នាដៃរបស់បក្ស។