តំណាងរាស្ត្រប្រទេស ស៊ុយ អ៊ែត លោកស្រី Cecilia WIKSTROM បានធ្វើដំណើរ រួមគ្នាកាលពីថ្ងៃ ម្សិលមិញ ទី១៧ ខែឧសភា ជាមួយអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ២រូបមានលោកស្រីមួរ សុខហួរ និងលោកនុតរំដួល អមដំណើរ ដោយក្រុមការងារគណបក្ស សម រង្ស៊ី ក្នុងខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថាន ភាពរំលោភដីធ្លី របស់ប្រជាពលរដ្ឋ ក្រោមរូបភាពសម្បទាន នៅក្នុងស្រុកថ្ពង និងស្រុកភ្នំស្រួច ដែលមានប្រជាពលរដ្ឋ រាប់ពាន់គ្រួសារត្រូវបានបណ្តេញចេញពីដីធ្លី ដោយពុំ មានសំណង ត្រឹមត្រូវ ។
នេះមិនមែនជាលើកទី១នោះទេ ដែលអ្នកតំណាងរាស្ត្របរទេស បានធ្វើដំណើររួមគ្នាជាមួយ តំណាង រាស្ត្រកម្ពុជាមកពីគណបក្ស សម រង្ស៊ី ដើម្បីស្វែងយល់លើបញ្ហាប្រឈម ដែលបណ្តាល ឲ្យប្រជាពល រដ្ឋកម្ពុជា បានក្លាយជាជនរងគ្រោះដោយការរំលោភដីធ្លី និងធ្វើការពិនិត្យលើស្ថានភាពទំនាស់ ដែល រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃបានធ្វើឲ្យមានកេរ្តិ៍ឆឈ្មោះមិនសូវល្អលើឆាកអន្តរជាតិ ។
ទំនាស់ដីធ្លីនៅក្នុងខេត្តកំពង់ស្ពឺបានបន្សល់ទុកឲ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្លាយជាជនរង គ្រោះបាត់បង់ មុខរបរ ហើយមានតែក្រុមហ៊ុនឯកជន ដែលស្និទ្ធនឹងអ្នកមានអំណាចតែមួយ ឬពីរ ប៉ុណ្ណោះដែលទទួល បានប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់លើផ្ទៃដី ដែលដណ្តើមបានពីប្រជាពលរដ្ឋ តាមរូបភាពសម្បទាន ។
លោកស្រី Cecilia WIKSTROM បានប្រាប់ថា ប្រជាពលរដ្ឋមានសិទ្ធិរស់នៅសមរម្យ និងថ្លៃថ្នូរ លើ ដីកម្មសិទ្ធិ ដែលមិនត្រូវបានគំរាមកំហែង ឬបណ្តេញចេញនោះឡើយ ។ លោកស្រីបន្ត ទៀតថា លោកស្រីមិនដឹង ថាតើរដ្ឋាភិបាលកម្ពុជាកំពុងធ្វើអ្វីនោះទេ ដែលបណ្តាលឲ្យប្រជាពល រដ្ឋច្រើន យ៉ាងនេះទទួលរងផលប៉ះ ពាល់ ដោយសារតែសេចក្តីសំរេចរបស់ខ្លួន ។
កម្ពុជាក្រោយឆ្នាំ១៩៩១ បានទទួលយកលក្ខណ្ឌ គោរពសិទ្ធិមនុស្ស ស្រមតាមគោលការណ៍លទ្ធិប្រជាធិប តេយ្យសេរី ជាថ្នូរ នឹងប្រាក់រាប់រយលានដុល្លាសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ ហើយបច្ចុប្បន្នជំនួយនេះ បានកើនដល់រាប់ពាន់ដុល្លាថែមទៀត ប៉ុន្តែផ្ទុយទៅវិញគេមិនបានឃើញ ស្ថានភាពរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសបានល្អប្រសើរនោះទេ ដែលពីមួយឆ្នាំទៅៗ រដ្ឋាភិបាលកម្ពុជាបានព្រងើយកន្តើយ ហើយធ្វើ ឲ្យទ្រង់ទ្រាយការរំលោភសិទ្ធិពលរដ្ឋកាន់តែរីកធំទៅៗ ។
មានប្រជាពលរដ្ឋច្រើនជាង២៥ម៉ឺនគ្រួសារបានក្លាយជាជនរងគ្រោះ ដោយការបណ្តេញចេញពីដីធ្លីនៅទូទាំង ប្រទេស ។
លោកស្រី Cecilia WIKSTROM បានបន្តទៀតថាស្ថានភាពនេះក្នុងនាមលោកស្រីជាអ្នកតំណាងរាស្ត្រ ទោះបីមិនឋិតនៅកម្ពុជា ប៉ុន្តែជាមនុស្សដែលរស់នៅលើផែនដីជាមួយគ្នា លោកស្រីត្រូវ តែឈឺឆ្អាល ។ លោកស្រី បានដឹងហើយនូវការឈឺចាប់របស់ប្រជាពលរដ្ឋកម្ពុជា ដូច្នេះលោកស្រីនឹងពាំនាំនូវស្ថានភាព ដ៏អាក្រក់ទាំងអស់នេះ ប្រាប់ទៅរដ្ឋាភិបាលប្រទេសស៊ុយអ៊ែត និងប្រាប់ទៅ រដ្ឋាភិបាលប្រទេសដ៏ទៃទៀត នៅសហគមន៍អ៊ឺរ៉ុបតាមរយៈអ្នកតំណារាស្ត្រក្នុង សភាអ៊ឺរ៉ុប (EU) ។
លោកស្រីមួរសុខហួរអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានសំដែងនូវក្តីសង្ឃឹមស្រដៀងគ្នានេះ ដោយ លោកស្រីបញ្ជាក់ថា ថ្ងៃណាមួយប្រទេសនៅសហគមន៍អ៊ឺរ៉ុប ដែលជាប្រភពជំនួយ ដ៏ធំសម្រាប់កម្ពុជា នឹងចេញមុខអន្តរាគមន៍បញ្ចប់ការជិះជាន់ប្រជាពលរដ្ឋនេះឲ្យបានសំរេចជាមិនខាន ។
ក្នុងការចុះទៅពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារការបណ្តេញចេញយកដីធ្លី នេះផងដែរ អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានប្រាប់ទៅអ្នកតំណាងរាស្ត្រប្រទេសស៊ុយអ៊ែតទៀតថា ដោយ សារកង្វះការអនុវត្តនយោបាយវិមជ្ឈការឲ្យបានខ្ជាប់ខ្ជួន ហើយលើសពីនេះ អជ្ញាធរនៅមូលដ្ឋាន ដែលកំពុង កាន់អំណាច ពួកគេបានដើរតួនាទីជាតំណាងបក្សកាន់អំណាច ដូច្នេះហើយទើបធ្វើប្រជាពលរដ្ឋត្រូវរងគ្រោះ ដោយការរំលោភដីធ្លីក្នុងទ្រង់ទ្រាយធំដោយគ្មានការដោះស្រាយពីរដ្ឋាភិបាលយ៉ាងដូច្នេះ ។ មានន័យថា ទោះបីមន្ត្រីមូលដ្ឋានបានដឹងពីផលប៉ះពាល់ និងកម្មសិទ្ធិពិតប្រាកដរបស់ប្រជាពលរដ្ឋ ប៉ុន្តែការផ្តល់សម្ប ទានជាសេចក្តីសំរេចរបស់ថ្នាក់លើ ដោយព្យាយាមបញ្ចុះបញ្ចូលប្រជាពលរដ្ឋ និងមោឃភាពបណ្ណកម្ម សិទ្ធិរបស់ពួកគាត់ ហើយពេលខ្លះអជ្ញាធរមូលដ្ឋានបានឃុបឃិត ជាមួយក្រុមហ៊ុនដឹកនាំកងកម្លាំងប្រដាប់ អាវុធធ្វើការគំរាមកំហែង បណ្តេញចេញ និងចាប់ខ្លួនប្រជាពលរដ្ឋដែលហ៊ានតវ៉ា ។ អ្នកតំណាងរាស្ត្រ របស់គណបក្ស សម រង្ស៊ី បានប្រាប់ទៅតំណាងរាស្ត្រស៊ុយអ៊ែតទៀតថា រហូតមកទល់ពេលនេះ ប្រជាពលរដ្ឋមួយចំនួនកំពុងឋិតក្នុងពន្ធធនាគារនៅឡើយ ក្រោមបទចោទប្រកាន់របស់ អជ្ញាធរ និងក្រុមហ៊ុន ដោយសារតែការតស៊ូការពារដីធ្លីរបស់ខ្លួន ។
សូមបញ្ជាក់ថា លោកស្រី Cecilia WIKSTROM ជាអ្នកតំណាងរាស្ត្រប្រទេសស៊ុយអ៊ែត មកពីគណបក្ស សេរីនិយម និងជាអ្នក តំណាងរាស្ត្រប្រចាំនៅសភាអ៊ឺរ៉ុប ក្នុងគណកម្មការទទួល បន្ទុកសិទ្ធិមនុស្ស យុត្តិធម៌ និងមហាផ្ទៃ។ សភាអ៊ឺរ៉ុបបានបញ្ចេញច្បាប់មួយដ៏សំខាន់ដើម្បីទទួល ទិញផលិតផលកសិកម្មពីបណ្តា ប្រទេសនានា ដោយមិនបង់ពន្ធ ។ ច្បាប់នេះមានឈ្មោះថា អ្វីៗ មិនមែនជាអាវុធ មានន័យថា ផលិតផលកសិកម្ម ដែលនាំយកទៅលក់នៅអ៊ឺរ៉ុបនឹងទទួលបានការ មិនយកពន្ធ ប្រសិនបើផលិតផលនោះ ជាផលិតផលស្អាតស្អំ មិនមានការជិះជាន់ការដណ្តើម ដីធ្លីរបស់រាស្ត្រ ។ កម្ពុជាក៏ជាប្រទេសមួយដែល នាំចេញស្ករទៅលក់នៅទ្វីបអ៊ឺរ៉ុប ដែលមានក្រុមហ៊ុនក្នុងស្រុកមួយជាកម្មសិទ្ធរបស់លោកឧកញ៉ាលី យ៉ុងផាត់ ដែលទទួលបានសម្បទានដាំដើម អំពៅក្នុងខេត្តកំពង់ស្ពឺ ដែលអ្នកតំណាងរាស្ត្របានធ្វើដំណើរដល់នេះ ។ ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ មកពីឃុំអមលាំង ក្នុងស្រុកថ្ពង តំណាងឲ្យប្រជាពលរដ្ឋរងគ្រោះ បានទទូចឲ្យ លោកស្រី Cecilia WIKSTROM បញ្ចុះបញ្ចូលប្រទេសនៅអ៊ឺរ៉ុបឲ្យយកច្បាប់នេះមកអនុវត្ត បញ្ឈប់ការ ទទួលទិញផលិតផលស្ករដែលនាំចេញពីកម្ពុជា ក្រោមតំនក់ទឹកភ្នែកពលរដ្ឋរាប់ម៉ឺននាក់ ដោយ ការបាត់បង់ដីធ្លី៕