Friday 17 June 2011

ទំព័រដើម សកម្មភាព

តំណាងរាស្ត្រគណបក្សសមរង្ស៊ី ជួបជាមួយអគ្គរាជទូតប្រទេសអង់គ្លេស

តំណាងរាស្ត្រគណបក្សសមរង្ស៊ីមួយក្រុមដឹកនាំដោយលោកគង់គាំ ប្រធានស្តីទីគណបក្សសមរង្ស៊ី កាលពីថ្ងៃ ទី១៨ ខែឧសភា បានជួបសំណេះសំណាលជាមួយ អគ្គរដ្ឋទូតប្រទេសអង់គ្លេសប្រចាំនៅកម្ពុជា លោក អេនដ្រូយ៍ ម៉ាស និងមន្ត្រីយោធាជាន់ខ្ពស់ចំរុះ មកពីសកលវិទ្យាល័យប្រទេសអង់គ្លេសមួយចំនួនទៀត។

ការជួបពិភាក្សាការទូតរវាងគណបក្ស សម រង្ស៊ី និងប្រតិភូតំណាងប្រទេសអង់គ្លេសធ្វើឡើង នៅទីស្នាក់ការកណ្តាល គណបក្ស សម រង្ស៊ី ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរយោបល់ ជុំវិញការអនុវត្ត កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី កម្ពុជា ក្នុងទំនាក់ទំនងរវាងកម្ពុជា និងប្រទេសជិតខាង ការកាត់ទោស មេដឹកនាំខ្មែរក្រហម និងស្ថានភាពនយោបាយនៅកម្ពុជា ក្នុងនោះមានការយាយី មកលើបក្សប្រឆាំង សម រង្ស៊ី ផងដែរ ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានប្រាប់នៅក្រោយជំនួបនោះថា ក្នុងការលើក ឡើង ប្រាប់ទៅតំណាងទូតនៃប្រទេសអង់គ្លេស អំពីទំនាក់ទំនងការបរទេសជាមួយប្រទេសជិតខាងទាំងវិស័យ សេដ្ឋកិច្ច និងនយោបាយគណបក្ស សម រង្ស៊ី ចង់ឃើញរដ្ឋាភិបាលកម្ពុជា អនុវត្តឲ្យបាននូវតម្លាភាព និងការគោរពគ្នាផលប្រយោជន៍គ្នាទៅវិញទៅមក ។ តំណាងគណបក្ស សម រង្ស៊ី បានប្រាប់ទៀតថា មានការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យក្រុមហ៊ុនប្រទេសវៀតណាមរាប់សែនហិចតា នៅបណ្តាខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបានធ្វើឲ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់ដីធ្លីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ទឹកម្ចាស់ដី ហើយក៏ប៉ះពាល់ធ្ងន់ធ្ងរផងដែរ ដល់បូរណភាពទឹកដីកម្ពុជា ដែលរូបភាពនេះ គណបក្ស សម រង្ស៊ី មានក្តីបារម្ភ ហើយចង់ឲ្យប្រទេសនានា ដែលជាម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ជម្រុញឲ្យមានការគោរពស្មារតីនៃកិច្ចព្រមព្រៀងនេះ ។

លោក យឹម សុវណ្ណ បានប្រាប់ទៀតថា ពាក់ព័ន្ធទៅនឹងតួនាទីរបស់គណបក្សប្រឆាំងនៅកម្ពុជា ដើម្បីការ ផ្លាស់ប្តូរ និងលើកកំពស់លទ្ធិប្រជាធិបតេយ្យ តំណាងទូត និងតំណាងមន្ត្រីយោធាជាន់ខ្ពស់ នៃសកល វិទ្យាល័យក្នុងប្រទេសអង់គ្លេស ក៏បានចោទសួរអំពីដំណើរការបង្រួមបង្រួមគ្នា រវាងអ្នកប្រជាធិបតេយ្យ ជាមួយគណបក្សសមរង្ស៊ី ដែលរហូតមកទល់ពេលនេះត្រូវខកខាន ដោយសារតែភាពមិនស្មោះត្រង់ ការមិនគោរពគ្នា និងចាត់ទុកគណបក្សសមរង្ស៊ីជាសត្រូវ ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ គណបក្ស សម រង្ស៊ី នៅតែអំពាវនាវឲ្យអ្នកដែលស្រឡាញ់ជាតិ ស្រឡាញ់យុត្តិធម៌ និងស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ទាំងអស់ចូលរួមជាមួយគណបក្ស សម រង្ស៊ី ដែលជាគណបក្សឋិតក្នុងលំដាប់បន្ទាប់ពីគណបក្សកាន់អំនាច ហើយឈានទៅការដឹកនាំរដ្ឋាភិបាលនៅថ្ងៃខាងមុខ ។ អ្នកប្រជាធិបតេយ្យ ដែលអាចរួមគ្នាជាមួយគណបក្ស សម រង្ស៊ី ត្រូវតែជាអ្នកដែលស្អប់អំពើពុករលួយ ស្អប់អំពើអយុត្តិធម៌ ជាអ្នកដែលការពារប្រជាពលរដ្ឋ ដែលទទួលរងនូវអំពើអយុត្តិធម៌ និងស្រឡាញ់ទឹកដី ប្រឆាំងបរទេសឈ្លានពាន មិនមែនជាអ្នកដែលចាត់ទុក គណបក្សសមរង្ស៊ីជាសត្រូវនោះទេ ។

តំណាងរាស្ត្ររបស់គណបក្សសមរង្ស៊ី ដែលចូលជួបសំណេះសំណាលជាមួយប្រតិភូតំណាងប្រទេស អង់គ្លេស ក៏មិនភ្លេចលើកឡើងផងដែរអំពីបញ្ហា អវត្តមានរបស់ប្រធានគណបក្ស សម រង្ស៊ី ដែលជា ចេតនារបស់គណបក្សកាន់អំណាច ក្នុងចេតនាធ្វើឲ្យគណបក្សប្រឆាំងចុះខ្សោយ ។ ប្រជាពលរដ្ឋកម្ពុជា ត្រូវការលោក សម រង្ស៊ី មកដឹកនាំគណបក្សប្រឆាំង ។ អវត្តមានរបស់លោក សម រង្ស៊ី គឺជា គ្រោះថ្នាក់ដ៏ធំរបស់កម្ពុជាក្នុងការលើកស្ទួយការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ។

 

ការបោះឆ្នោតនៅកម្ពុជា នឹងមកដល់ចំនួន៣លើកជាប់គ្នា ក្នុងរវាងឆ្នាំ២០១២ និង១០១៣ខាងមុខ ។​ ប្រជាពលរដ្ឋខ្មែរ និងមន្ត្រីរបស់គណបក្សសមរង្ស៊ីតាំងពីថ្នាក់លើ ដល់ថ្នាក់ ក្រោមត្រូវការវត្តមានរបស់ លោក សម រង្ស៊ី មកចូលរួមការឃោសនាបោះឆ្នោតដ៏សំខាន់នេះ ។

សូមបញ្ជាក់ថា ដោយសារតែគណបក្ស សម រង្ស៊ី ជាពិសេសលោក សម រង្ស៊ី តែងធ្វើការរិះគន់ឥតសំចៃមាត់ មកលើ រដ្ឋាភិបាលកម្ពុជា ក្នុងរឿងដែលមានការលេចធ្លាយនូវអំពើពុករលួយ ការរំលោភដីប្រជារាស្ត្រ ការលក់ទ្រព្យសម្បត្តិជាតិ និងការបើកដៃឲ្យប្រទេសវៀតណាម បោះបង្គោលព្រំដែនចូលដីខ្មែរ រួមទាំង ការផ្តល់សម្បទានឲ្យក្រុមហ៊ុនយួនជាដើម ដែលលោក សម រង្ស៊ី ពិពណ៌នាថាបានធ្វើឲ្យវៀតណាម មិនសប្បាយចិត្តហើយបានបញ្ជាឲ្យមានការចាត់វិធានការណ៍ មកលើរូបលោកបន្ទាប់ពីលោកបានដកចោល បង្គោលតម្រុយព្រំដែនលេខ១៨៥ ក្នុងខេត្តស្វាយ រៀង។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសអន្តរជាតិ ពិសេសប្រទេសនៅសហគមន៍អ៊ឺរ៉ុប បានសម្តែងនូវការយកចិត្ត ទុកដាក់យ៉ាងខ្លាំង ចំពោះការធ្វើទុក្ខបុកម្នេញមកលើមេបក្សប្រឆាំងសមរង្ស៊ីនេះ​ ។ ហើយចាត់ទុកសកម្មភាព នេះថាខុសច្បាប់ ដោយសហភាពអន្តរសភាអ៊ឺរ៉ុបបានជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់សកម្មភាព បំពាននេះជាបន្ទាន់ និងត្រូវប្រគល់អភ័យឯងសិទ្ធសភា ឲ្យរូបលោក សម រង្ស៊ី លើសពីនេះត្រូវតែបើក ផ្លូវឲ្យលោក សម រង្ស៊ី មានឪកាសចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខ ៕

ស្តាប់សម្លេង

Related Posts