សេចក្ដីសម្រេចរបស់តុលាការកំពូលបារាំងលើសំណុំរឿងបរិហារកេរ្តិ៍លោក សម រង្ស៊ី កំពុងក្លាយជារឿងអាម៉ាស់ធំសម្រាប់ប្រព័ន្ធ យុត្តិធម៌កម្ពុជា
វាមិនត្រឹមតែជាការច្រានចោលនូវសេចក្ដីសម្រេចមួយរបស់សាលាឧទ្ធរណ៍ប្រទេសបារាំងដែលបានកាត់ឲ្យលោក សម រង្ស៊ី ចាញ់ក្ដីជាមួយសំណងបន្ដិចបន្ដួចចំពោះសំណុំរឿងបរិហារកេរ្តិ៍ របស់ លោក ហោ ណាំហុង ប៉ុណ្ណោះទេតែវាត្រូវបានបន្ថែមនូវការស្ដីបន្ទោសដោយតុលាការកំពូលប្រទេសនេះពីការមិនយកចិត្ដទុកដាក់។ ហើយវាក៏ជាផ្នែកដែលបង្ហាញឲ្យឃើញពីសេចក្ដីអាម៉ាស់មុខធ្ងន់ធ្ងរផងដែរចំពោះប្រព័ន្ធយុត្តិធម៌របស់កម្ពុជាដែលបានកាត់សេចក្ដីលើសំណុំរឿងដូចគ្នានេះ ឲ្យលោក សម រង្ស៊ី មានទោសជាប់ពន្ធនាគាររហូត២ឆ្នាំ។
សេចក្ដីសម្រេចមួយកាលពីពេលថ្មីៗនេះរបស់តុលាការកំពូលប្រទេសបារាំងបានរកឃើញថា សាលាឧទ្ធរណ៏បានធ្វើមិនដឹងមិនឮនឹងភស្ដុតាងដែលលោក សម រង្ស៊ី បានធ្វើការចោទប្រកាន់ផ្អែកតាមអំណះអំណាងព័ត៌មាន។ សេចក្ដីសម្រេចដែលចុះកាលបរិច្ឆេទថ្ងៃទី២៧ មេសា នោះ បានច្រានចោលសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៏ទីក្រុងប៉ារីសជាមួយការប្រកាសថា ការអះអាងរបស់លោក សម រង្ស៊ី នៅក្នុងកថាខណ្ឌដែលមានបញ្ហានោះថា «មិនបានហួសព្រំដែនកំណត់ នៃការបញ្ចេញមតិដោយសេរីដែលបានអនុញ្ញាតនោះទេ»។
កាលពីឆ្នាំកន្លងទៅ សាលាឧទ្ធរណ៍ទីក្រុងប៉ារីសបានតម្កល់សេចក្ដីសម្រេចរបស់តុលាការជាន់ទាបខ្លួនដែលឲ្យលោក សម រង្ស៊ី ចាញ់ក្ដីលោក ហោ ណាំហុង ទាក់ទងការលើកឡើងនៅក្នុងសៀវភៅស្ដីពីជីវប្រវត្តិរបស់លោក សម រង្ស៊ី បោះពុម្ពកាលពីឆ្នាំ២០០៨ដែលមានឃ្លាថា លោក ហោ ណាំហុង ជាមេជំរុំបឹងត្របែក នៃរបបខ្មែរក្រហម។ ហើយសេចក្ដីសម្រេចកាលពីឆ្នាំ២០០៩នោះ បានបង្គាប់ឲ្យលោក សម រង្ស៊ី ដកផ្នែកខ្លះនៃសៀវភៅដែលបានរិៈគន់លោក ហោ ណាំហុង នោះចេញជាមួយការបង្គាប់ឲ្យលោកនិងអ្នកនិពន្ធជនជាតិបារាំងរបស់លោករួមគ្នាចេញប្រាក់១អឺរ៉ូសងជាជម្ងឺចិត្ដដល់រដ្ឋមន្រ្ដីក្រសួងការបរទេស នៃ របប ហ៊ុន សែន រូបនេះ។
ជាមួយគ្នា សេចក្ដីសម្រេចរបស់តុលាការកំពូលបារាំងបានបន្ដស្ដីបន្ទោសសាលាឧទ្ធរណ៍របស់ខ្លួនថា មិនបានពិនិត្យសើរើឯកសារដែលលើកឡើងដោយលោក សម រង្ស៊ី ដែលលោកបានអះអាងគាំទ្រដល់ការអត្ថាធិប្បាយរបស់លោកហើយពុំបានបង្ហាញថា សកម្មភាពរបស់លោក សម រង្ស៊ី ត្រូវបានធ្វើឡើងនៅក្នុងបំណង មិនល្អនោះទេ។
កាលពីខែមេសាកន្លងទៅសំណុំរឿងបរិហារកេរ្តិ៍ ដែលប្ដឹងដោយលោក ហោ ណាំហុង នៅក្នុងអង្គហេតុប្រហាក់ប្រហែលគ្នានេះ ត្រូវបានតុលាការក្រុងភ្នំពេញ នៃរដ្ឋាភិបាល ហ៊ុន សែន សម្រេចឲ្យលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងល្បីឈ្មោះនៅកម្ពុជាជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។ ជាការសម្រេចដែលត្រូវបានលោក សម រង្ស៊ី ចាត់ទុកថា ជាល្បែងនយោបាយ៕