Wednesday 10 August 2011

ទំព័រដើម សកម្មភាព

តំណាងរាស្ត្រគណបក្សសមរង្ស៊ីពិនិត្យស្ថានភាពប្រជាពលរដ្ឋបឹងសំរោង

តំណាងរាស្ត្ររបស់គណបក្ស សម រង្ស៊ី លោកហូរវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញបានដឹកនាំ ក្រុមការងារគណបក្សរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាព របស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ ជុំវិញតំបន់បឹងសំរោង ឋិតក្នុងសង្កាត់សំរោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលកំពុងប្រឈម មុខនឹងការបណ្តេញចេញ របស់អជ្ញាធរ ដើម្បីយកដីបឹងប្រគល់ឲ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍ ។

កាលពីដើមសប្តាហ៍នេះសារពត៌មាននានា បានចុះផ្សាយអំពីគំរោងបណ្តេញប្រជាពលរដ្ឋជិត​២០០ គ្រួសារដែលរស់នៅ និងអាស្រ័យផលជុំវិញបឹងបឹងសំរោង បន្ទាប់ពីការបូមខ្សាច់ជាបន្ត បន្ទាប់ធ្វើដោយក្រុមហ៊ុនចំនួន២ មានឈ្មោះលោកឡាយហ៊ាង​ និងក្រុមហ៊ុនម៉ែនសារុន ។​

លោក ហូរ វ៉ាន់ ដែលបានចុះដល់ទីកន្លែងផ្ទាល់ លោកបានមានប្រសាសន៍ថា បឹងនេះជាបឹងធម្ម ជាតិ ដែលលោកគាំទ្រទៅនឹងសំណើ របស់ប្រជាពលរដ្ឋឲ្យរក្សាបឹងនេះឲ្យនៅដដែល ។ ត្រូវ បញ្ឈប់ការបូមខ្សាច់ ជាបន្ទាន់ ព្រោះត្រីរបស់ប្រជាពលរដ្ឋនៅក្នុងបឹង នៅតូចៗមិនទាន់ប្រមូល ផល ហើយនៅពេលបូមខ្សាច់របៀបនេះ អាចនឹងធ្វើឲ្យត្រីងាប់ ។ ដូច្នេះត្រូវតែមានវិធានការណ៍ លើគំរោងអភិវឌ្ឍដ៏ប៉ះពាល់នេះ ។

បឹងសំរោងមានផ្ទៃសរុបប្រមាណ៣៣៦ហិចតា ដែលជាបឹងធម្មជាតិ សម្រាប់បញ្ជៀសទឹកពីរាជ ធានីភ្នំពេញ និងតំបន់ក្បែរនោះ ។ ប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញនោះ បានប្រើប្រាស់ទឹក បឹងសំរាប់ដោះស្រាយជីវភាព ដោយពួកគាត់បានធ្វើបែរសំរាប់ចិញ្ចឹមត្រី ប៉ុន្តែនៅពេលដែលគំ រោងបណ្តេញពួកគាត់ ឲ្យចាកចេញ និងបញ្ឈប់របរចិញ្ចឹមត្រីក្នុងបឹងនោះ ធ្វើឲ្យប្រជាពលរដ្ឋមាន ការមិនសប្បាយចិត្ត ដោយពួកគាត់ទាំងអស់គ្នា បានស្រុះស្រួល គ្នាស្នើសុំឲ្យ រក្សាទុកបឹងឲ្យនៅ ដដែល និងអនុញ្ញាតឲ្យពួកគាត់ អាចប្រកបរបរចិញ្ចឹមត្រីបាន ជាធម្មតា ព្រោះរបរនេះហើយដែល ជាអាយុជីវិតរបស់គាត់ និងក្រុមគ្រួសារ ។

នេះជាគំរោងថ្មីមួយទៀតហើយ ដែលប្រជាពលរដ្ឋគ្រោងត្រូវបានគេជំលៀសចេញ ពីតំបន់ជុំវិញ បឹង ដើម្បីចាក់ដីយកផ្ទៃបឹងធ្វើជាទ្រព្យឯកជន បន្ទាប់ពីបឹងកក់ត្រូវបានគេអនុវត្ត គំរោងបានស្ទើ តែទាំងស្រុង ហើយបឹងជើងឯកកំពុងត្រូវបានគេបូមខ្សាច់ រំលោភយកដោយស្ងាត់ៗ ៕ កង ប៊ុន

 

 

Related Posts