ក្រុមអ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី បានជំទាស់ទៅនឹងការអនុម័តលើសេចក្តី្តព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញារវាងព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការកំណត់ចំណុចប្រសព្វ នៃខ្សែព្រំដែនប្រទេសទាំងបី ។ នៅក្នុងកិច្ចប្រជុំរដ្ឋសភា ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១១នេះ ក្រុមអ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី បានថ្លែងថា រដ្ឋាភិបាលកម្ពុជា ត្រូវតែយកផែនទីខ្នាត ១/១០.០០០ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មកប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែន ដោយមិនត្រូវយកផែនទីដែលកំណត់ ដោយគណៈកម្មាធិការព្រំដែនកម្ពុជា ខ្នាត ១/៥០.០០០ មកប្រើប្រាស់នោះទេ ពីព្រោះវាបានធ្វើឲ្យបាត់បង់ទឹកដីនៃប្រទេសកម្ពុជា ។
ក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការកណ្តាលគណបក្ស រាជធានីភ្នំពេញ អ្នកតំណាងរាស្រ្ត គណបក្ស សម រង្ស៊ី បានថ្លែងថា វាគ្មានផលចំណេញអ្វីឡើយ ដែលរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ផែនទីខ្នាត ១/៥០.០០០ ក្នុងការបោះបង្គោលព្រំដែននោះ ។ បើរដ្ឋាភិបាលយល់ថា មានផលចំណេញ តើចំណេញត្រង់ចំណុចណាខ្លះ ត្រូវតែបញ្ជាក់ជូនប្រជាពលរដ្ឋកម្ពុជាឲ្យបានដឹងជាសាធារណៈផង ។
ចំពោះបញ្ហាព្រំដែននេះ គឺជាអាយុជីវិតរបស់ប្រទេសជាតិទាំងមូល ដូច្នេះ គណបក្ស សម រង្ស៊ី នៅតែបន្តសកម្មភាពប្រឆាំងនឹងការបោះបង្គោលព្រំដែន ដែលបានធ្វើឲ្យបាត់បង់នូវបូរណភាពទឹកដី នៃប្រទេសកម្ពុជា ហើយអ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី នឹងមិនទទួលខុសត្រូវឡើយចំពោះការអនុម័តលើសេចក្តីព្រាងច្បាប់នេះ ៕