សកម្មភាពអជ្ញាធរខណ្ឌឬស្សីកែវរុះរើផ្ទះប្រជាពលរដ្ឋកន្លងមក
១៧-០៦-២០១១
បុរសជាប្តីមានឈ្មោះ សាំង ផល្លី បានប្រាប់កម្មវិធីពន្លឺភ្លើងទៀនថាប្រពន្ធរបស់គាត់ឈ្មោះ ស្រេង សុខនីម អាយុ៣១ឆ្នាំ ដែលទើបសំរាលកូនខ្ចីបាន១ខែ បានកើតជំងឺគ្រុនក្តៅខ្លាំង ដែលគាត់ ហៅថាជាជំងឺទាស់ ដោយសារតែរន្ធត់ចិត្តពេក នៅពេលអជ្ញាធរខណ្ឌឬស្សីកែវដឹកនាំដោយ លោក កូប ស្លេះ អភិបាលខណ្ឌ បានយកគ្រឿងចក្រមកវាយកំទេចផ្ទះរបស់គាត់ មានទីតាំង ឋិតនៅជាប់ត្រើយ ខាងកើតគល់ស្ពានជ្រោយចង្វារក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ម្សិលមិញ។
អាការៈគ្រុនក្តៅញាក់ញ័របានកើតមានតាំងពីវេលាល្ងាចបន្ទាប់ពីផ្ទះរបស់គាត់ត្រូវបានគ្រឿងចក្រ វាយកំទេចទាំងស្រុង ដែលធ្វើប្រពន្ធគាត់មិនមានទឹក ដោះឲ្យកូនបៅ។ លោក សាំង ផល្លី បានឲ្យ ដឹងអំឡុងពេលកូនតូចរបស់គាត់កំពុងស្រែកយំគួរឲ្យអាសូរ ដោយសារឃ្លានខ្លាំងបន្ថែមទៀតថា ដោយសារផ្ទះគាត់ត្រូវបានកំទេច គាត់ និងភរិយា និងកូនត្រូវមករស់នៅលើផ្ទះរបស់អ្នកជិតខាង ជាបណ្តោះអាសន្ន ហើយរង់ចាំមើលដំណោះស្រាយពីអជ្ញាធរ។ លោកថាកាលពីថ្ងៃម្សិលមិញ លោកបានព្យាយាមអង្វរ ដល់អជ្ញាធរ ទុកពេលឲ្យលោកធ្វើការរុះរើផ្ទះដោយខ្លួនឯង ព្រោះខ្លាច ប៉ះពាល់ដល់សុខភាពរបស់ប្រពន្ធលោក ដែលទើបសំរាលកូនខ្ចីបានប្រមាណ១ខែ ប៉ុន្តែអជ្ញាធរ មិនបានបង្ហាញការអាណិតអាសូរដល់គ្រួសាររបស់គាត់នោះទេ ដោយបញ្ជាឲ្យគ្រឿងចក្រវាយ កំទេចភ្លាមៗខណៈផ្ទះរបស់ប្រជាពលរដ្ឋនៅសងខាងផ្ទះរបស់គាត់មិនទាន់មានការរុះរើនៅ ឡើយមកដល់ថ្ងៃនេះ។
យ៉ាងយោចណាស់មានផ្ទះរបស់ប្រជាពលរដ្ឋច្រើនជាង២០គ្រួសារ ក្នុងនោះមានជាង១០គ្រួសារ ឋិតនៅចំលើគំរោងធ្វើរង្វង់មូល និងស្ពានជ្រោយចង្វាទី២ទាំងស្រុងតែម្តង ដែលតម្រូវឲ្យមានការ រុះរើចេញ។ ប៉ុន្តែមានតែផ្ទះរបស់លោក សាំង ផល្លី មួយប៉ុណ្ណោះដែលត្រូវបានវាយកំទេចនៅថ្ងៃ សុក្រ។
បុរសជាប្តីបានប្រាប់ទៀតថា ការយកគ្រឿងចក្រមកវាយកំទេចផ្ទះរបស់គាត់នេះ មិនមានការជូន ដំណឹងឲ្យគាត់មានពេលវេលាគ្រប់គ្រាន់ក្នុងការរើសំភារៈ និងរុះរើ ដោយខ្លួនឯងនោះទេ ដោយគ្រាន់តែអជ្ញាធរសង្កាត់បានមកប្រាប់គាត់នៅវេលាល្ងាចថ្ងៃព្រហស្បតិ៍ ហើយនៅព្រឹក ព្រលឹមស្រាងៗស្រាប់តែអជ្ញាធរមានកំលាំងប្រដាប់អាវុធ និងគ្រឿងចក្រមកអនុវត្តតែម្តង ដែលធ្វើឲ្យប្រពន្ធរបស់គាត់បានដួលសន្លប់ភ្លាមៗ។
បើតាមការអះអាងរបស់លោក សាំង ផល្លី បានឲ្យដឹងទៀតថា កន្លងមកធ្លាប់មានក្រុមហ៊ុនសាង សង់មកធ្វើការសិក្សា និងបោះចំណាំលើផ្ទៃដី ដែលប៉ះពាល់ ហើយក៏ធ្លាប់មានតំណាងមន្ទីរសុរិ យោដីរាជធានីមកធ្វើការវាស់វែងដីរបស់គាត់ ហើយបានរកឃើញថា នៅសល់ប្រមាណ ៨គុណ៣ម៉ែត្រ ដែលគ្រួសារម្ចាស់ដីសុំសិទ្ធិរស់នៅបន្តលើផ្ទៃដី ដែលនៅសល់ ហើយក៏មានការទទួលស្គាល់ និងអនុញ្ញាតពីអជ្ញាធរសង្កាត់ និងភូមិ ដោយ មានលិខិតអនុញ្ញាតបញ្ជាក់ទៀតផង ប៉ុន្តែសំរាប់អជ្ញាធរខណ្ឌ ដែលដឹកនាំដោយលោកកូបស្លេះ ដែលល្បីថាជាតួឯកក្នុងការបញ្ជាឲ្យវាយកំទេចផ្ទះប្រជាពលរដ្ឋក្នុងខណ្ឌនាពេលកន្លងមក បាន បដិសេធ ដោយមិនទទួលស្គាល់ដី ដែលនៅសល់របស់គាត់ទៅវិញ។ ករណីនេះ ដែលធ្វើឲ្យម្ចាស់ ផ្ទះដាក់ការសង្ស័យថា មានការឃុបឃិតគ្នាណាមួយ ព្រោះដីរបស់គាត់ឋិតនៅចំខាងមុខដីឡូត៍ មួយកន្លែង ដែលមិនស្គាល់ម្ចាស់ច្បាស់លាស់។ ការបណ្តេញគាត់ចេញពីដីអាចជាវិធានការណ៍ ដើម្បីបើកច្រកចូលដីឡូតិ៍ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយមិនមានការអះអាងពិតប្រាកដនោះទេ ពាក់ព័ន្ធ នឹងការកំទេចផ្ទះរបស់គាត់យ៉ាងតក់ក្រហល់នេះ។
លោក គឹម ណារុន សមាជិកក្រុមប្រឹក្សាខណ្ឌឬស្សីកែវមកពីគណបក្ស សម រង្ស៊ី ដែលបានតាមដាន ការវាយកំទេចផ្ទះរបស់លោក សាំង ផល្លី កាលពីម្សិលមិញនេះ ក៏បានឲ្យដឹងផងដែរថា មិនមានទេ ការជូនដំណឹងក្នុងនាមអជ្ញាធរខណ្ឌដូចគ្នាអំពីគំរោងរុះរើផ្ទះប្រជាពលរដ្ឋនេះ ដោយលោក កូប ស្លេះបានដឹកនាំកំលាំង និងសំរេចដោយខ្លួនឯង។
កន្លងមកមានការចុះរុះរើផ្ទះសំបែងរបស់ប្រជាពលរដ្ឋជាញឹកញាប់ ធ្វើដោយអជ្ញាធរខណ្ឌ ប៉ុន្តែមានតិចតួចណាស់ ដែលលោក កូប ស្លេះ បើកឲ្យមានការជជែកគ្នាក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ខណ្ឌ ហើយមានការរិតត្បិតសិទ្ធិនិយាយស្តីរបស់សមាជិកមកពីគណបក្សសមរង្ស៊ីដ៏តឹងរឹងទៀត ផង នេះបើតាមការអះអាងរបស់លោក គឹម ណារុន សមាជិកក្រុមប្រឹក្សាខណ្ឌម្នាក់មកពី គណបក្ស សម រង្ស៊ី។
លោក អ៊ូច ឡេង មន្ត្រីផ្នែកស៊ើបអង្គេតសិទ្ធិដីធ្លីរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក បាន ហៅសកម្មភាព របស់អជ្ញាធរខណ្ឌក្នុងការវាយកំទេចផ្ទះសំបែងរបស់ប្រជាពលរដ្ឋនេះថា ជាទង្វើ ខុសច្បាប់ ដោយលោកបញ្ជាក់ថា មុននឹងសម្រេចរុះរើផ្ទះប្រជាពលរដ្ឋ ទោះបីផ្ទះនោះឋិតលើ ដីគំរោងអភិវឌ្ឍរបស់ជាតិក៏ដោយ ក៏ត្រូវតែមានការជូនដំណឹងឲ្យបានច្បាស់លាស់ មានដីការ ត្រឹមត្រូវ មានតម្លាភាព និងមានការជជែកគ្នាជាមួយប្រជាពលរដ្ឋ ក្នុងនាមជាអជ្ញាធរ មិនមែន ធ្វើសកម្មភាពដោយឯកតោភាគីតាមអំពើចិត្ត មិនគិតដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នោះទេ។ លោក អ៊ូច ឡេង បានបន្តទៀតថា ប្រសិនបើអជ្ញាធរនៅតែធ្វើរបៀបនេះ រដ្ឋាភិបាល នឹងបរាជ័យក្ នុងការអនុវត្តនយោបាយឈ្នះៗរបស់ខ្លួន ដោយប្រជាពលរដ្ឋជាអ្នកចាញ់ ហើយត្រូវ បាត់បង់ទីជំរក និងកាន់តែក្រីក្រ ។
សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា មិនបានសម្តែងឲ្យឃើញពីការយកចិត្តទុកដាក់ចំពោះការរស់ នៅរបស់ប្រជាពលរដ្ឋខ្មែរខ្លួនឯងនោះទេ។ មានការបណ្តេញចេញប្រជាពលរដ្ឋ ពីដីធ្លីផ្ទះសម្បែង ដើម្បីយកដីមកធ្វើការអភិវឌ្ឍ។ មានការប្រើប្រាស់កងកំលាំងប្រដាប់អាវុធមកគំរាមកំហែងពល រដ្ឋ និងមានការចាប់ខ្លួនពលរដ្ឋជាដើម។ សកម្មភាពទាំងនេះគេមិន ដែលបានលឺមានការលើក ឡើងនៅក្នុងវេទិការរបស់រដ្ឋាភិបាលនោះទេ ផ្ទុយទៅវិញគេបែរជាបានលឺតែការនិយាយពីការ អភិវឌ្ឍ ដែលមន្ត្រីរបស់រដ្ឋាភិបាល កាន់កាប់ដោយគណបក្សប្រជាជនកម្ពុជា ហាក់បានបំភ្លេច ចោល ឬមិនចង់ឲ្យសាធារណៈជនបានលឺពីការស្រែកទ្រហ៊ោរយំរបស់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺន គ្រួសារ ដែលកំពុងឈឺចាប់បាត់បង់ផ្ទះសំបែងដោយអយុត្តិធម៌។
ក្នុងករណី ដែលលោក កូប ស្លេះ បានដឹកនាំកំលាំងធ្វើការវាយកំទេចផ្ទះប្រជាពលរដ្ឋកាលពីថ្ងៃ សុក្រ ដែលធ្វើឲ្យមានស្ត្រីកូនខ្ចីសន្លប់ និងទាស់នោះផងដែរ ភរិយារបស់លោកនាយករដ្ឋមន្ត្រី ដែលថ្មីៗនេះទើបតែទទួលបានការសរសើរពីស្នាដៃយកចិត្តទុកដាក់ចំពោះសុខភាពមាតា និងទារក ត្រូវតែអន្តរាគមន៍។ ស្រី្តពរពោះ ឬស្រី្តទើប សំរាលកូនខ្ចី គួរតែត្រូវបានយកចិត្តទុកដាក់ ជៀសវាងការប៉ះទង្គិចទាំងផ្លូវកាយ និងផ្លូវចិត្ត។ ប៉ុន្តែស្ត្រីម្ចាស់ផ្ទះម្នាក់នេះ ដែលទើបសំរាលកូន បានប្រមាណមួយខែ បែរជាត្រូវបានកំលាំង រុះរើ ផ្ទះរបស់ខណ្ឌ ធ្វើឲ្យរន្ធត់រហូតដល់សន្លប់ និងកើតជំងឺទាស់ទៅវិញ។
ក្នុងការអនុវត្ត គំរោងអភិវឌ្ឍនានារបស់រដ្ឋាភិបាលនាពេលក្រោយៗទៀត គេចង់ឃើញមានការ ជជែកពិភាក្សាគ្នាជាមួយប្រជាពលរដ្ឋឲ្យបានល្អិតល្អន់ ដើម្បីរកដំណោះស្រាយ ដែលជៀសផុត ពីការប្រើប្រាស់ហឹង្សា និងការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ។ គណបក្សសមរង្ស៊ីយល់ថាការអភិវឌ្ឍ ដែល មានការបណ្តេញប្រជាពលរដ្ឋឲ្យចាកចេញ ដោយប្រើប្រាស់កំលាំងប្រដាប់អាវុធរបៀបនេះ ជាការអភិវឌ្ឍដ៏ខុសឆ្គងបំផុត គណបក្សសមរង្ស៊ី នឹងធ្វើឲ្យការអភិវឌ្ឍប្រកបដោយប្រសិទ្ធិភាព និងយុត្តិ ធម៌ដល់ប្រជាពលរដ្ឋ មានន័យថា ប្រជាពលរដ្ឋ នឹងទទួលបានចំណែកពីការអភិវឌ្ឍគ្រប់គ្នា ប្រកបដោយសមធម៌ នៅពេលដែលគណបក្សនេះទទួលបានសំលេងគាំទ្រគ្រប់គ្រាន់ដឹកនាំលើរដ្ឋាភិបាល ៕ កង ប៊ុន