ឆ្លើយតបទៅនឹងការរីកចំរើននៃសកម្មភាពការងារ និងការកើនឡើងច្រើននៃចំនួនអ្នកគាំទ្រគណបក្ស សម រង្ស៊ី នៅគ្រប់ទិសទី ពិសេសក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១១នេះ គណបក្សខណ្ឌទួលគោកបានរៀបចំពិធីសម្ពោធទីស្នាក់គណបក្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោក គង់ គាំ ប្រធានគណបក្សស្តីទី លោក ហូរ វ៉ាន់ ប្រធានក្រុមប្រឹក្សាគណបក្សរាជធានីភ្នំពេញ លោកស្រី លី ស្រីវីណា អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ លោក ឃី វណ្ណដេត អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងថ្នាក់ដឹកនាំគណបក្សរាជធានី និងខណ្ឌសាមី ចូលរួម ជាមួយសមាជិកប្រមាណជាង១០០នាក់។
លោក ចេប គឹមអ៊ាង ប្រធានក្រុមប្រឹក្សាគណបក្សសមរង្ស៊ីខណ្ឌទួលគោកបានជំរាបប្រាប់ថ្នាក់ដឹក នាំ និងសមាជិកចូលរួមអំពីរបាយការណ៍សង្ខេបនៃសកម្មភាពសំខាន់ៗរបស់គណបក្សក្នុងខណ្ឌ នាពេលកន្លងមក ដែលនៅតែគោរពជំហរការពារប្រជាពលរដ្ឋ និងខិតខំពង្រឹងខ្លួនយ៉ាងសកម្ម ដើម្បីបង្ហាញឲ្យឃើញ និងធ្វើឲ្យប្រជាពលរដ្ឋ លោកកាន់តែមានការជឿជាក់មកលើគណបក្សសមរង្ស៊ី ដែលជាក្តីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ។ លោកថាក្នុងការការពារការរស់នៅរបស់ ប្រជាពលរដ្ឋ និងការជម្រុញការអភិវឌ្ឍក្នុងមូលដ្ឋានដើម្បីឲ្យមានការចូលរួមពីប្រជាពលរដ្ឋ និងការទទួលបានចំណែកស្មើគ្នាពីការអភិវឌ្ឍនោះ កន្លងមកសមាជិកក្រុមប្រឹក្សាគណបក្សក្នុង ខណ្ឌ និងសង្កាត់ដែលជាប់ឆ្នោត បានខិតខំធ្វើការតស៊ូមតិជាមួយថ្នាក់ដឹកនាំខណ្ឌ និងសង្កាត់ មកពីគណបក្សកាន់អំនាច ប្រយោជន៍ធ្វើយ៉ាងណាឲ្យគំរោងនោះជះផលប៉ះពាល់ដ៏តិចតួចបំផុត ឬមិនមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយផ្តល់មកឲ្យប្រជាពលរដ្ឋវិញនូវផលចំនេញច្រើន ដូចជាការជួសជុសផ្លូវ ការស្តារ ប្រព័ន្ធបង្ហូរទឹកចាស់ៗ មានប្រឡាយទឹក និងលូជាដើម។ លោកថាគំរោងទាំងនោះបើមិនមានការជជែកពីតំណាងរបស់គណបក្សសមរង្ស៊ីនោះទេ អជ្ញាធរ ដែលឋិតក្រោមការគ្រប់គ្រងដោយសមាជិកមកពីគណបក្សកាន់អំណាចសព្វថ្ងៃមិនដែលបាន យកចិត្តទុកដាក់គិតគូរពីផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះទេ មានន័យថា គេធ្វើអ្វីតាមតែអំពើចិត្ត និងមិនមានតម្លាភាព។ លោក ចេប គឹមអ៊ាង បានមានប្រសាសន៍ទៀតថា ទីស្នាក់ការរបស់គណបក្សក្នុងខណ្ឌនេះ ជាសមិទ្ធិផល ដែលកើតចេញពីការខិតខំប្រឹងប្រែង និងការលះបង់របស់បណ្តាថ្នាក់ដឹកនាំ និងសកម្មជនគណបក្សទាំងអស់នៅក្នុងខណ្ឌ។
លោក ហូរ វ៉ាន់ ប្រធានក្រុមប្រឹក្សាគណបក្សរាជធានីបានមានប្រសាសន៍ចូលរួមថា រូបភាពដែល នាំទៅដល់ការកកើតមានជាទីស្នាក់ការសំរាប់គណបក្សធ្វើការងារក្នុងខណ្ឌទួលគោកបានបង្ហាញ យ៉ាងច្បាស់នូវសាមគ្គីភាពផ្ទៃក្នុងរបស់សកម្មជន និងថ្នាក់ដឹកនាំក្នុងខណ្ឌទាំងមូល ដែលជាការ ពួតដៃគ្នាប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ និងជាគំរូសំរាប់សាខាគណបក្សនៅគ្រប់ទីកន្លែង។ លោកថានៅពេលដែលសាមគ្គីភាពផ្ទៃក្នុងមានភាពរឹងមាំវាគឺជាសញ្ញាដ៏វិជ្ជមានបំផុតក្នុងការនាំ គណបក្សឆ្ពោះទៅកាន់ភាពជោគជ័យនៅពេលខាងមុខដ៏ខ្លីនេះមិនខាន។ លោក ហូរ វ៉ាន់ បានធ្វើការកោតសរសើរខ្ពស់ចំពោះគណបក្ស សម រង្ស៊ី ខណ្ឌទួលគោក ដែលជានិច្ចជាកាលបានដឹកនាំ គណបក្សទទួលបានការរីកចំរើន និងជោគជ័យជាបន្តបន្ទាប់ ហើយអាចរកសំលេងគាំទ្រពីប្រជា ពលរដ្ឋបានកាន់តែច្រើនឡើងៗ។ លោកក៏បានថ្លែងអំណរចំពោះប្រជាពលរដ្ឋក្នុងខណ្ឌ ដែលបាន និងកំពុងគាំទ្រមកលើគណបក្សសមរង្ស៊ីយ៉ាងផុលផុស។ លោកថាការគាំទ្ររបស់ប្រជាពលរដ្ឋ ដែលមានមកលើគណបក្ស សម រង្ស៊ី គឺជាកំលាំងចិត្តដែលជំរុញឲ្យគណបក្សសមរង្ស៊ីនៅតែមោះ មុតក្នុងការការពារប្រជាពលរដ្ឋពីការជិះជាន់ និងការបំបិទសិទ្ធិសេរីភាព ទាំងក្នុងការរស់ប្រចាំថ្ងៃ និងការចូលរួមក្នុងការអភិវឌ្ឍ។ គណបក្ស សម រង្ស៊ី តាំងពីពេលបង្កើតរហូតមកទល់បច្ចុប្បន្ននេះ នៅតែរក្សាជំហររបស់ខ្លួនដដែល គឺការពារផលប្រយោជន៍ជាតិ ប្រឆាំងបរទេសឈ្លានពាន ការពារបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា ប្រឆាំងដាច់ខាតអំពើពុករលួយ និងស្វែងរកយុត្តិ ធម៌ជូនប្រជាពលរដ្ឋ។
ដោយឡែកសំរាប់លោកស្រី លី ស្រីវីណា អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញក៏បានថ្លែងកោតសសើរ នូវការដឹកនាំគណបក្សនៅក្នុងខណ្ឌ ដែលជាការកត់សំគាល់មានការរីកចំរើនគួរឲ្យកោតសរសើរ ហើយការរីកចំរើននេះ គឺជាមោទនភាពដ៏ថ្លៃថ្លារបស់គណបក្ស សម រង្ស៊ី ទាំងមូល។ លោកស្រីថា ការរីកចំរើនរបស់គណបក្ស គឺអាស្រ័យដោយការចូលរួមពីប្រជាពលរដ្ឋ។ មូលហេតុដែលប្រជាពលរដ្ឋចូលរួមជាមួយកម្លាំងរបស់គណបក្ស សម រង្ស៊ី គឺអាស្រ័យដោយសារ តែគណបក្ស សម រង្ស៊ី ជាគណបក្សប្រជាធិបតេយ្យដ៏ធំតែមួយគត់នៅកម្ពុជា ដែលមានមេដឹកនាំ ពោរពេញដោយសមត្ថភាព និងមានគោលជំហរមិនផ្លាស់ប្តូរគឺជំហរការពារប្រជាពលរដ្ឋ និងប្រយោជន៍របស់ពលរដ្ឋ ខុសពីគណបក្សកាន់អំណាចសព្វថ្ងៃ ដែលដឹកនាំប្រទេសប្រមាណ ៣០ឆ្នាំមកហើយ មិនអាចរកគោលដៅរីកចំរើនជូនប្រជាពលរដ្ឋកម្ពុជាបាន។ ផ្ទុយទៅវិញអ្នកកាន់ អំណាចសព្វថ្ងៃបានបន្សល់ទុកឲ្យមានប្រជាពលរដ្ឋរាប់សែនគ្រួសារក្លាយជាជនរងគ្រោះដោយ ការបណ្តេញចេញពីដីធ្លី ហើយក៏មានប្រជាពលរដ្ឋរាប់ម៉ឺនាក់ទៀតកំពុងប្រឈមមុខ និងទទួល រងផលប៉ះពាល់ដោយការបណ្តេញចេញនេះ។ ក្រៅពីនោះនៅមានទ្រព្យសម្បតិ្តជាតិ ព្រៃឈើ ស្ទឹង បឹង ទន្លេ និងទ្រព្យសម្បត្តិជាតិដែលនៅសេសសល់ក្នុងទីរួមខេត្ត និងរាជធានីជាច្រើនត្រូវ បានលក់គ្មានសល់ ដោយមិនមានតម្លាភាព និងមិនមានការបញ្ជាក់ពីការចាយវាយថវិការទាំង អស់នោះបានច្បាស់លាស់។ លោកស្រី លី ស្រីវីណា បានបញ្ជាក់ទៀតថាកម្ពុជាយើងបច្ចុប្បន្ននេះ កំពុងប្រឈមមុខនឹងគ្រោះថ្នាក់ ដែលត្រូវការចាំបាច់បំផុតនូវការស្រោចស្រង់ជាតិឲ្យបានទាន់ ពេលវេលា។ ប្រទេសយួនដែលឋិតនៅជាប់ព្រំដែនរបស់ខ្មែរ បានខិតខំបង្កើតឥទ្ធិពលរបស់ខ្លួន កាន់តែច្រើនឡើងៗមកលើអធិបតេយ្យកម្ពុជា ដែលគេឃើញមានឥទ្ធិពលធំៗចំនួន៣គឺ នយោបាយ សេដ្ឋកិច្ច និងប្រជាសាស្ត្រ។ អំពីឥទ្ធិពលនយោបាយ រដ្ឋាភិបាលកម្ពុជាបានជាប់ ឈ្មោះជារណបរបស់ប្រទេសយួន ដែលបានប្រើឥទ្ធិពលរបស់ខ្លួនក្រោយឆ្នំា១៩៧៩ លើកបន្តុប។ សេដ្ឋកិច្ចយើងសង្កេតឃើញថា មានការបើកទូលាយសំរាប់ពាណិជ្ជករជនជាតិយួនក្នុងការមក រកស៊ីនៅលើដីខ្មែរ តាមការផ្តែរផ្តាំរបស់មេដឹកនាំយួន ជាញឹកញាប់រាល់ពេលមកទស្សនកិច្ចស្រុកខ្មែរ។ ក្រៅពីនោះមានការផ្តល់សម្បទានដីឲ្យក្រុមហ៊ុនយួនរាប់សែនហិចតា ទាំងតំបន់ឋិតជាប់ព្រំដែន និងតំបន់កណ្តាលផ្ទៃប្រទេស។ មានក្រុមហ៊ុនយួនខ្លះបានយកលេសសម្បទាននេះ ដើម្បីកាប់បំផ្លាញព្រៃឈើរបស់ខ្មែរតាមអំពើចិត្ត ដោយពុំមានការទប់ស្កាត់ហើយបានធ្វើឲ្យប៉ះពាល់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋខ្មែររាប់សែននាក់ ដូចជាត្រូវបាត់បង់ដីធ្លី បាត់បង់ផ្ទះសំបែង មុខរបរ និងព្រៃជំនឿរជាដើម។ អំពីប្រជាសាស្ត្រ មានការហូរចូលដោយសេរីនៃជនជាតិយួនមក កម្ពុជាកាន់តែច្រើនឡើងៗ។ បើតាមច្បាប់សញ្ជាតិ ទាល់តែមានការឡាយព្រះហស្ថលេខាពីមហា ក្សត្រទើបអាចទទួលបានសិទ្ធិជាជនជាតិខ្មែរស្របច្បាប់ ប៉ុន្តែរហូតមកទល់ពេលនេះ គេបាន ឃើញជនជាតិយួនខ្លះមានអត្តសញ្ញាណបណ្ណជនជាតិខ្មែររួចស្រេចទៅហើយ ហើយបានបោះ ឆ្នោតសំរេចជោគវាសនារបស់ខ្មែរជំនួសខ្មែរ ស្របពេលដែលពលរដ្ឋខ្មែររាប់សែននាក់ត្រូវបាន គេលុបឈ្មោះពីបញ្ជីនៅពេលបោះឆ្នោត។ ឋិតក្នុងកាលៈទេសៈនេះ លោកស្រីបាន អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរគ្រប់គ្នាត្រូវរួមកំលាំងជាធ្លង់មួយដើម្បីវាយកំទេចក្តីកង្វល់ដ៏គ្រោះ ថ្នាក់ទាំងនេះឲ្យអស់ពីកម្ពុជា គឺត្រូវចូលរួមជាមួយគណបក្សដែលស្រឡាញ់ជាតិពិតប្រាកដ គឺគណបក្សសមរង្ស៊ីដែលមានលោកប្រធានសមរង្ស៊ីជាអ្នកដឹកនាំ ដ៏ពោរពេញដោយសមត្ថភាព និងភាពអង់អាចក្លាហាន។ គណបក្សសមរង្ស៊ីជាក្តីសង្ឃឹមតែមួយគត់របស់រាស្ត្រខ្មែរ។
លោកប្រធានស្តីទី គង់ គាំ បានប្រាប់ទៅអង្គពិធីថា គណបក្សសមរង្ស៊ីមានមានមោទនភាពណាស់ ចំពោះការបន្តរីកចំរើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃរបស់គណបក្ស។ លោកថាយ៉ាងហោច ណាស់មានប្រជាពលរដ្ឋចំនួនពាក់កណ្តាលកំពុងរស់នៅក្នុងរាជធានីភ្នំពេញបានគាំទ្រគណបក្ស សម រង្ស៊ី។ លោកថាទន្ទឹមនឹងនេះ គណបក្ស សម រង្ស៊ី ត្រូវតែមានទីស្នាក់ការរបស់ខ្លួនច្បាស់លាស់នៅតាមខណ្ឌនីមួយៗ។ បើតាមការកត់សំគាល់នៅ សល់តែប្រមាណ២ខណ្ឌទៀតប៉ុណ្ណោះ គណបក្សនឹងមានទីស្នាក់ការខណ្ឌគ្រប់ទីកន្លែង ហើយ សកម្មភាពនេះមិនមានការថយក្រោយទេ គឺមានតែទៅមុខជានិច្ច ដើម្បីជោគជ័យ និងមានការ ផ្លាស់ប្តូរថ្មីនៅកម្ពុជា។ លោកបញ្ជាក់ថាគណបក្ស សម រង្ស៊ី គឺកើតឡើងពីខ្មែរ ដើម្បីខ្មែរ និង ជារបស់ខ្មែរ ខុសពីគណបក្សកាន់អំណាចសព្វថ្ងៃ ដែលជាគណបក្សនយោបាយរបស់យួន ដោយសារយួន និងដើម្បីយួន។ គណបក្ស សម រង្ស៊ី រក្សាបាននូវគោលជំហររបស់ខ្លួន គឺបំរើតែខ្មែរ និងការពារប្រជាពលរដ្ឋខ្មែរ ដូច្នេះបោះឆ្នោតឲ្យគណបក្ស សម រង្ស៊ី មានន័យថាបោះឆ្នោតឲ្យខ្មែរ ដើម្បីការរីកចំរើនរបស់ខ្មែរទាំងអស់គ្នា។
ការថ្លែងរបស់លោក គង់ គាំ ធ្វើឲ្យនឹកឃើញដល់គណបក្សនយោបាយថ្មីមួយទៀតនោះ ដែលជា គណបក្សនយោបាយរបស់គណបក្សកាន់អំណាច ដោយសារគណបក្សកាន់អំណាច និងដើម្បី គណបក្សកាន់អំនាច ប៉ុន្តែពុតត្បុត និងទង្វើអាក្រក់នេះត្រូវបានលាតត្រដាងនៅពេល ដែលមេដឹកនាំគណបក្សមួយនោះអស់តំលៃ ឲ្យគណបក្សកាន់អំណាចប្រើប្រាស់ ក្នុងការបំបែកសំលេង គាំទ្ររបស់គណបក្ស សម រង្ស៊ី។
នៅក្នុងកម្មវិធីដ៏នក្ខឬទ្ធិនោះផងដែរ លោកប្រធាន សម រង្ស៊ី ប្រធានគណបក្សក៏បានបង្ហាញនូវវត្ត មានចូលរួមតាមរយៈវីដេអូខន់ហ្វើរ៉េន អំឡុងពេលដែលលោកកំពុងបំពេញបេកកម្មការងារនៅ ក្នុងប្រទេសហ្វីលីពីន។ លោកប្រធានបានសំដែងការកោតសរសើរចំពោះការដឹកនាំរបស់ គណបក្សរាជធានីភ្នំពេញ ពិសេសគណបក្សខណ្ឌទួលគោក ដែលកាន់តែមានការរីកចំរើន។ ទាំងនេះកើតចេញពីការលះបង់ដ៏ប្តូរផ្តាច់របស់ថ្នាក់ដឹកនាំ និងសកម្មជន ដើម្បីបុព្វហេតុ គណបក្ស ទោះបីលោកមិនមានវត្តមាននៅក្នុងប្រទេសក៏ដោយ។ លោកថាការប្តូរផ្តាច់ និងការ រីកចំរើនរបស់គណបក្សនៅក្នុងខណ្ឌទួលគោក ក៏ដូចជារាជធានីភ្នំពេញនេះ ជារូបភាពមួយដែលឆ្លុះបញ្ជាំងពីការរីកចំរើនរបស់គណបក្សនៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស។ លោកថាទង្វើល្អ របស់គណបក្ស សម រង្ស៊ី បានធ្វើឲ្យប្រជាពលរដ្ឋមានការអាណិតអាសូរ និងងាកមកចូលរួមជាមួយ ដើម្បីប្រឆាំងនឹងការជិះជាន់ ការបំបិទសិទ្ធិសេរីភាព ភាពអយុត្តិធម៌ និងអំពើពុករលួយ ដែលកើតមាននៅក្នុងការដឹកនាំសព្វថ្ងៃ ដោយប្រជាពលរដ្ឋ រំពឹងនឹងទទួលបានមេដឹកនាំថ្មីដែល ស្នេហាជាតិ ស្អាតស្អំ និងមានសមត្ថភាព កើតចេញពីគណបក្សសមរង្ស៊ី។ លោកប្រធាន សម រង្ស៊ី បានបញ្ជាក់ទៀតថា ទីស្នាក់ការរបស់គណបក្សនៅក្នុងខណ្ឌទួលគោក មិនត្រឹមតែជាកន្លែងធ្វើ ការរបស់មន្ត្រីគណបក្ស សម រង្ស៊ី ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងផ្តល់សេវាជូនប្រជាពលរដ្ឋ នៅមូលដ្ឋានដោយពុំមានការរើសអើង និងជាទីតាំងសំរាប់វិស័យសង្គមកិច្ចផងដែរ ៕ កង ប៊ុន