លោក ហ្វ្រង់ ស្វរ ប្រ៊ុត សមាជិកសភាបារាំង
លោក ហ្វ្រង់ ស្វរ ប្រ៊ុត សមាជិកសភាបារាំងមួយរូបទៀត មកពីគណបក្សសង្គមនិយម បាន សរសេរលិខិតមួយច្បាប់ទៅកាន់លោក អាឡាំង ហ៊្សូពែ រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង ដើម្បី ឲ្យលោកក្នុងនាមរដ្ឋាភិបាលបារាំង ត្រូវសំដែងនូវការគាំទ្រច្បាស់លាស់ ចំពោះករណីនយោបាយ របស់លោកសមរង្ស៊ីមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា។
លោក ហ្វ្រង់ ស្វរ ប្រ៊ុត បានបញ្ជាក់ប្រាប់ទៅរដ្ឋមន្ត្រីបារាំងថា លោកចង់ឲ្យរដ្ឋាភិបាលបារាំងផ្តោត ការយកចិត្តទុកដាក់ពិសេសចំពោះបញ្ហានយោបាយនៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះមេដឹកនាំគណបក្សប្រឆាំង សម រង្ស៊ី កំពុងត្រូវបានធ្វើទុក្ខបុកម្នេញតាមរយៈ ការបំផ្លែងករណីនយោបាយរបស់លោកឲ្យក្លាយទៅជាបទ ល្មើសព្រហ្មទណ្ឌ ហើយប្រើប្រាស់ តុលាការមកផ្តន្ទាទោស។ លោកប្រាប់ទៅរដ្ឋាភិបាលបារាំង ថាវាជាករណីនយោបាយសុទ្ធសាធ ដោយលោកក៏បានរំលឹកអំពីសន្ធិសញ្ញាក្រុងប៉ារីសឆ្នាំ១៩៩១ ដែលបារាំងធ្វើជាសហប្រធាន ជាមួយប្រទេសឥណ្ឌនេស៊ី ។ ហើយសន្ធិសញ្ញានោះបានចែងច្បាស់ អំពីការប្រកាន់ របបប្រជាធិបតេយ្យ ដែលធានាការគោរពសិទ្ធិមនុស្ស និងសេរីភាព ការបញ្ចេញមតិជាមូល ដ្ឋាន។ ការដកកៅអីសភារបស់លោក សម រង្ស៊ី ជាទង្វើមិនត្រឹមត្រូវ ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី១៥ខែមេសា តំណាងរាស្ត្របារាំងមួយរូបមានឈ្មោះ នីកូឡា ឌុយប៉ុង បានស្នើម្តងរួចទៅហើយ ឲ្យលោក អាឡាំង ហ៊្សូពែ ក្នុងនាមរដ្ឋាភិបាលបារាំងត្រូវបង្ហាញនូវ ជំហរក្នុងការថ្កោលទោសចំពោះការយាយីនយោបាយមកលើលោក សម រង្ស៊ី ប្រធានគណបក្ស ជំទាស់នៅកម្ពុជា ។
ជាការឆ្លើយតបលោក អាឡាំង ហ៊្សូពែ បានបញ្ជាក់ជំហរថា ករណីនេះមិនបានមើលរំលងដោយ រដ្ឋាភិបាលបារាំងឡើយ ហើយប្រទេសដទៃទៀតក្នុងសហគមន៍អ៊ឺរ៉ុបក៏បានចាប់អារម្មណ៍ជា ពិសេសផងដែរ ។ លោក Alain JUPPE’ រដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសបារាំង បានបញ្ជាក់ទៀតថា នៅពេលដែលមានការព្រួយបារម្ភអំពីសិទ្ធិរបស់អ្នកតំណាងរាស្ត្រ ស្ថាន ទូតបារាំង និងដៃគូប្រទេសនានាក្នុងសហភាពអ៊ឺរ៉ុប បានយកចិត្តទុកដាក់ចំពោះការជជែក ពិភាក្សា តាមបែបប្រជាធិបតេយ្យ ។ ប្រទេសបារាំងនឹងបន្តតាមដានសភាពការណ៍ របស់ អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង បន្តទៀតដោយការយកចិត្តទុកដាក់ខ្ពស់។
លោកស្រី សែស៊ីលីយ៉ា វីគស្ត្រុម សមាជិកសភាអ៊ឺរ៉ុប តំណាងប្រទេសស៊ុយអ៊ែត ធ្លាប់បាន បញ្ជាក់អំឡុងពេលលោកស្រីមកទស្សនៈកិច្ចក្រៅផ្លូវការនៅកម្ពុជាថា លោកស្រីនឹងបន្តជំរុញឲ្យ លោកសមរង្ស៊ីបានវិលត្រឡប់មកកម្ពុជាវិញមុនការបោះឆ្នោតខាងមុខ ៕ កង ប៊ុន