តំណាងរាស្រ្តគណបក្ស សម រង្ស៊ី ដែលជាគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា បានសម្តែងកង្វល់ ទៅលើការបាត់បង់សិទ្ឋិបោះឆ្នោតរបស់ពលរដ្ឋ នៅខណៈពលរដ្ឋជាច្រើន គ្រួសារ ត្រូវអាជ្ញាធរបញ្ជូនអោយទៅរស់នៅតាំងទីលំនៅថ្មីក្រៅក្រុងភ្នំពេញ ។
ពលរដ្ឋដែលត្រូវបានអាជ្ញាធរផ្លាស់ប្តូរទៅរស់នៅទីតាំងថ្មី ជាយក្រុងភ្នំពេញ ត្រូវបានគេអះអាងថា ពិបាកក្នុងការបំពេញសំណុំបែបបទ ដើម្បីមានសិទ្ឋិបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១២ និងការបោះឆ្នោតសកល ដែលកាន់តែខិតជិតមកដល់នៅឆ្នាំ២០១២ និងឆ្នាំ២០១៣ ជាបន្តបន្ទាប់ខាងមុខ។
ថ្លែងនៅក្នុងកិច្ចពិភាក្សាសេចក្តីព្រាង នៃការរៀបចំបញ្ជីឈ្មោះបោះឆ្នោតចុងក្រោយ បោះឆ្នោតឃុំសង្កាត់បង្កើតថ្មី និងឃុំសង្កាត់កែប្រែព្រំប្រទល់ នៅស្នាក់ការកណ្តាលគណកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១១ ដែលមានមន្រ្តីពាក់ព័ន្ឋ ចូលរួមជាច្រើនរូបផងនោះ លោក ហូ វ៉ាន់ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី បានលើកឡើង ដោយស្នើទៅក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អោយយកចិត្ត ទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលត្រូវបានផ្ទេឈ្មោះទៅឃុំសង្កាត់ បង្កើតថ្មី ពីព្រោះកន្លងមក ការផ្ទេឈ្មោះប្រជាពលរដ្ឋ ចេញពីរាជធានីភ្នំពេញ បង្ករនូវផលលំបាកចំពោះពលរដ្ឋក្នុងការ បំពេញឯកសាររដ្ឋបាលផ្សេងៗ ។ លោក ហូ វ៉ាន់ ថ្លែងបន្ថែមថា ពលរដ្ឋផ្លាស់ទីលំនៅថ្មី មិនដឹងច្បាស់ថា ត្រូវទៅបំពេញឯកសារ នៅទីណាពិតប្រាកដនោះឡើយ ។ ជាមួយគ្នានេះ លោក សូមជំរុញទៅដល់គណបក្ស នយោបាយ ដែលមានទីតាំងនៅទីនោះ ចូលរួមជំរុញ ទៅមន្រ្តីពាក់ព័ន្ឋ អោយពលរដ្ឋបានទៅបោះឆ្នោតគ្រប់ៗគ្នា។
លោក ហូ វ៉ាន់ ក៏បានជំរុញទៅក្រសួងមហាផ្ទៃ អោយពន្លឿន ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណថ្មី ដល់ពលរដ្ឋទើបគ្រប់អាយុ និងបន្តអន្តសញ្ញាណប័ណ្ណអស់សុពលរដ្ឋភាព ដើម្បីសំរួលអោយពលររដ្ឋបានទៅបោះឆ្នោតគ្រប់ៗគ្នា។
សូមរំលឹកថា កាលពីសម័យបោះឆ្នោតឆ្នាំ២០០៨ កន្លងទៅ មានពលរដ្ឋប្រមាណជា ១០ ម៉ឺននាក់ក្នុងក្រុងភ្នំពេញ មិនបានចូលរួមបោះឆ្នោត ដោយសារតែរកឈ្មោះបោះឆ្នោត មិនឃើញ ឬត្រូវគេលប់ចោលដោយសារគេសង្ស័យ ពលរដ្ឋទាំងនោះមានទំនោរ ស្រលាញ់ គណបក្ស សម រង្ស៊ី ៕ វិន វិទ្យា