Tuesday 06 March 2012

ទំព័រដើម សកម្មភាព

ប្រធានក្រុមការងារគណបក្សភូមិភាគ៤ ជួបក្រុមប្រឹក្សា ស្រុក ឃុំ ក្នុងខេត្តបន្ទាយមានជ័យ

លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាប្រធានក្រុមការងារគណបក្ស សម រង្ស៊ី ប្រចាំភូមិភាគទីបួន បានធ្វើដំណើរជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាគណបក្ស ឃុំ ក្នុងស្រុកចំនួន៣ គឺស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ និងស្រុកភ្នំស្រុក ក្នុងខេត្តបន្ទាយមានជ័យ រួមជាមួយសកម្មជនរបស់គណបក្សនៅទីនោះ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ខែមិថុនា។

នេះជាដំណើរបំពេញបេសកកម្មការងារដោយឡែកមួយទៀត បន្ទាប់ពីលោកបានវិលត្រឡប់មកពីចូលរួម មហាសន្និបាទអ្នកសេរីនិយមពិភពលោកលើកទី៥៧នៅប្រទេសហ្វីលីពីន។

ក្នុងកិច្ចសំណេះសំណាលជាមួយសមាជិក និងថ្នាក់ដឹកនាំមូលដ្ឋានរបស់គណបក្សក្នុងស្រុកទាំង ៣នាខេត្តបន្ទាយមានជ័យ លោក យឹម សុវណ្ណ បានជំរាបអំពីលទ្ធនៃមហាសន្និបាទអ្នកសេរីនិយម នៅប្រទេសហ្វីលីពីន ដោយលោកបញ្ជាក់ថា មានការចាប់អារម្មណ៍យ៉ាងពិសេសលើការប្រែប្រួល របបនយោបាយនៅលើសកលលោក ដែល បណ្តាប្រទេសមួយចំនួន ថ្មីៗនេះបាន និងកំពុងនាំគ្នាបះបោរប្រឆាំងនឹងមេដឹកនាំក្រាញអំណាច ផ្តាច់ការក្នុងប្រទេសរបស់ខ្លួន។ ក្រុមអ្នកសេរីនិយមពិភពលោក បានសំដែងការគាំទ្រចំពោះ ការផ្លាស់ប្តូរដ៏ជោគជ័យនេះ ហើយរំពឹងថាទំនោរប្រជាធិបតេយ្យ និងធ្វើឲ្យប្រជាពលរដ្ឋនៅទូទាំង សកលលោក ពិសេសប្រទេស ដែលមានមេដឹកនាំផ្តាច់ការ ភ្ញាក់ខ្លួន និងរើបំរះ ស្វែងរកសេរីភាព ពិតប្រាកដ។ លោកបានបញ្ជាក់ទៀតថា អំពីបញ្ហានយោបាយក្នុងប្រទេសកម្ពុជា ក្រុមអ្នកសេរីនិយមពិភពលោក ក៏បានសំដែងនូវការចាប់អារម្មណ៍យ៉ាងពិសេសផងដែរ​។ ពួកគេបានជំរុញឲ្យប្រទេសកម្ពុជា គោរពឲ្យបានខ្ជាប់ខ្ជួននូវ ស្មារតីនៃសន្ធិសញ្ញាក្រុងប៉ារីសឆ្នាំ១៩៩១ និងជំរុញឲ្យមានការបើកផ្លូវឲ្យលោកប្រធាន សម រង្ស៊ី បានវិលត្រឡប់មកម្ពុជាវិញ ដើម្បីចូលរួមការបោះឆ្នោត លើលពីនេះកម្ពុជាក៏ត្រូវរៀបចំបែបបទ និងនិតិវិធីបោះឆ្នោតឡើងវិញ ផងដែរដើម្បីធ្វើឲ្យមានលក្ខណៈសេរី និងយុត្តធម៌ពិតប្រាកដ ព្រោះការបោះឆ្នោតនាពេលកន្លងមក មានការកត់សំគាល់ថាមិនសេរី និងគ្មានភាពយុត្តិធម៌។ បន្ថែមលើការមើលឃើញពីភាពមិនប្រក្រតីមួយចំនួននៅកម្ពុជា ដែលរាំងស្ទះដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ

សេចក្តីថ្លែងការណ៍របស់ប្រធានចលនាអ្នកប្រជាធិបតេយ្យពិភពលោក ក៏បានសំដែងនូវការ គាំទ្រយ៉ាងពេញទំហឹងចំពោះជំហរគណបក្សសមរង្ស៊ី ក្នុងការស្វែងរកយុត្តិធម៌ និងសេរីភាពជូន ប្រជាពលរដ្ឋកម្ពុជា និងការតស៊ូដើម្បីទាមទារឲ្យមានការរៀបចំប្រទេសតាមបែបប្រជាធិបតេយ្យពិតប្រាកដ។

 

ក្នុងការធ្វើដំណើរបេសកកម្មទៅកាន់ខេត្តបន្ទាយមានជ័យនេះផងដែរ​ លោក យឹម សុវណ្ណ ដែលជា ប្រធានក្រុមការងារគណបក្សភូមិភាគ ក៏បានចូលរួមត្រួតពិនិត្យការរៀបចំរចនាសម្ព័ន្ធ ភូមិ ឃុំ​ របស់គណបក្ស ឲ្យមានលក្ខណៈកាន់តែប្រសើរ និងច្បាស់លាស់ ដើម្បីត្រៀមចូលរួមក្នុងការអូសទាញសំលេងគាំទ្រពីប្រជាពលរដ្ឋ ឲ្យបានកាន់តែច្រើនក្នុងការបោះឆ្នោតនាពេលខាងមុខ។ លោកបានបញ្ជាក់ថាទោះជាយ៉ាង ណាក៏ដោយ ការអូសទាញសំលេងគាំទ្រពីប្រជាពលរដ្ឋ មិនមែនមានន័យថា ទៅភូតកុហកប្រជាពលរដ្ឋដើម្បីឲ្យលោកជឿ ហើយបោះឆ្នោតឲ្យនោះទេ ប៉ុន្តែត្រូវតែធ្វើសកម្មភាព​ជាក់ស្តែងក្នុងការការពារសិទ្ធិ និងការរស់នៅរបស់ប្រជាពលរដ្ឋ​ ឲ្យបានយ៉ាងសកម្ម ដោយបញ្ជ្រាបឲ្យប្រជាពលរដ្ឋបានយល់ អំពីសារនយោបាយសំខាន់របស់គណបក្ស។

លោកថានៅពេលប្រជាពលរដ្ឋបានឃើញពីទង្វើល្អរបស់គណបក្ស សម រង្ស៊ី នៅពេលនោះ ពួកគាត់នឹងងាកមកគាំទ្រគណបក្ស សម​ រង្ស៊ី ដោយឯកឯង មិនចាំប្រើប្រាស់អំណោយ សារុង ប៊ីចេង ដូចគណបក្សកាន់អំណាចគេធ្វើនោះទេ។

លោកបានបញ្ជាក់ទៀតថាតាមការកត់សំគាល់របស់លោក ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សារបស់គណបក្សនៅគ្រប់មូលដ្ឋានខេត្ត ក្រុង ស្រុកខណ្ឌ រាជធានី ឃុំសង្កាត់ទាំង អស់ ដែលបានជាប់ឆ្នោត បានបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម និងដោយការប្តេជ្ញាខ្ពស់ ក្នុងការការពារប្រជាពលរដ្ឋ ពីការរំលោភជិះជាន់ ការដណ្តើមដីធ្លី និងធ្វើការតស៊ូមតិដើម្បីជំរុញឲ្យមានការអភិវឌ្ឍនៅមួលដ្ឋាន ដែលឆ្លើយតបទៅតាមតំរូវការ របស់ប្រជាពលរដ្ឋ ទោះបីគណបក្សសមរង្ស៊ីមិនទាន់មានអំណាចគ្រប់គ្រាន់ក៏ដោយ។ លោកថាសកម្មភាពទាំងនេះ បានធ្វើឲ្យគណបក្សសមរង្ស៊ីកាន់តែលេចធ្លោ ព្រោះមិនមានគណបក្សដទៃណាអាចធ្វើបាន ពិសេសគណបក្សកាន់អំណាចសព្វថ្ងៃ ដែលកំពុង មានការពាក់ព័ន្ធក្នុងទំនាស់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ។ មានន៍យថាប្រសិនបើគេធ្វើសកម្មភាពការពារប្រជាពលរដ្ឋ នោះគេ និងក្រុមគេ នឹងត្រូវបាត់បង់ ប្រយោជន៍ ប៉ុន្តែសំរាប់គណបក្ស សម រង្ស៊ី ជាគណបក្សប្រជាធិបតេយ្យ ស្រលាញ់ជាតិ ស្រលាញ់ប្រជាពលរដ្ឋពិតប្រាកដ ដូច្នេះមិនមានអ្វី ដែលជាឧបសគ្គរារាំងគណបក្សនេះ មិនឲ្យការពារប្រយោជន៍ប្រជាពលរដ្ឋនោះទេ។ លោកក៏បានថ្លែងកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការការពារប្រយោជន៍របស់ពលរដ្ឋ។ លោកក៏បានជំរុញឲ្យថ្នាក់ដឹកនាំ និងសកម្មជនគណបក្សនៅមូលដ្ឋាន ត្រូវបន្តសកម្មភាពនេះ ដោយចាត់ទុកថាមានតែប្រជាពលរដ្ឋប៉ុណ្ណោះគឺជាចៅហ្វាយរបស់យើង ព្រោះពួកគាត់បានបោះឆ្នោតឲ្យ ហើយត្រូវធ្វើយ៉ាងណា ឲ្យពួកគាត់មើលឃើញថា គណបក្សសម រង្ស៊ីជាក្តីសង្ឃឹមពិតប្រាកដតែមួយគត់របស់ពលរដ្ឋ​ខ្មែរ ៕​ កង ប៊ុន

 

Related Posts