Wednesday 10 August 2011

ទំព័រដើម សកម្មភាព

តំណាងរាស្ត្របារាំងមួយរូបទៀតបានស្នើឲ្យបារាំង និងអ៊ឺរ៉ុបអន្តរាគមន៍ លើករណីលោកប្រធានសមរង្ស៊ី

លោក អង់ ដ្រេវ៉ាល់លីនី (Andre Valini) សមាជិកសភាបារាំង

 

យោងតាមលិខិតមួយច្បាប់ ដែលទទួលបានពីលោក ថៃ មករា តំណាងគណបក្សសមរង្ស៊ីនៅទ្វីបអ៊ឺរ៉ុប មានសមាជិកសភាបារាំងមួយរូបទៀតហើយ បានសរសេរលិខិតជំរុញឲ្យរដ្ឋាភិបាលបារាំង​ តាមរយៈ​ក្រសួងការបរទេស ដែលមានលោក អាឡាំង ហ្ស៊ូពេ ជារដ្ឋមន្ត្រី ត្រូវបង្ហាញជំហររបស់​ខ្លួនរឹងមាំ ចំពោះការថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្នកំពុងធ្វើលទ្ធិប្រជាធិតេយ្យ​ទន់ខ្សោយ។

លោក អង់ ដ្រេវ៉ាល់លីនី បានចាត់ទុកសភាពការណ៍នយោបាយនៅកម្ពុជាមានភាពមិនប្រក្រតី ដោយ​លោក​ស្នើឲ្យរដ្ឋមន្ត្រីការបរទេសបារាំង ត្រូវយកចិត្តទុកដាក់ពិសេសចំពោះការធ្លាក់ចុះនៃ ជោគ​វាសនារបស់មេបក្សប្រឆាំង សម រង្ស៊ី ក្នុងអណ្ណត្តិនៃអ្នកតំណាងរាស្ត្ររបស់ខ្លួន។

លិខិតរបស់លោក អង់ ដ្រេវ៉ាល់លីនី ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១១ ផ្ញើជូនលោក អាឡាំង ហ៊្សូពេ ជាទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសបារាំង និងអ៊ឺរ៉ុប បានបញ្ញាក់បន្ថែមទៀតថាការរករឿង មេបក្ស​ប្រឆាំង សម រង្ស៊ី​ មានដូចជាការផ្តន្ទាទោសលោកនៅខែមករាឆ្នាំ២០១០ ឲ្យជាប់ពន្ធធនាគារ​រយៈ​ពេល​២ឆ្នាំ និងការកាត់ទោសបន្ថែមនៅខែកញ្ញាឆ្នាំ២០១០ ដដែលឲ្យលោកជាប់ពន្ធធនាគាររយៈពេល១០ឆ្នាំ ពាក់ព័ន្ធនឹងបណ្តឹងរបស់រដ្ឋាភិបាលកម្ពុជា ដោយសារ​តែលោកបា​នដកបង្គោលត​ម្រុយព្រំដែនកម្ពុជា​វៀ​តណាម​កាលពីឆ្នាំ២០០៩ ជារូបភាពប្រឆាំងនឹងការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម ដែលទាំង​អស់នេះជាករណីនយោបាយសុទ្ធសាធ។

លោកបានបញ្ជាក់ជំហ​រក្នុង​នាម​ជាអ្នក​តំណាងរាស្ត្រ​បារាំងថា បារាំងមិនដែលបានខកខានក្នុង ការ​សំដែង​នូវកង្វល់របស់ខ្លួនការ​ប្រើប្រាស់បទបរិហាកេរ្តិ៍ និងបទចោទ​ប្រកាន់សំដៅដល់ការឈាន​ទៅដក​អភ័យឯកសិទ្ធិសភា​របស់តំណាងរាស្ត្របក្សប្រឆាំងនៅកម្ពុជានោះទេ។

លោក​បានធ្វើការ​កត់​សំគាល់​បន្ថែមទៀតផងដែរថា លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជាត្រូវបានធានា តាម​រយៈសន្ធិសញ្ញាក្រុងប៉ារីសឆ្នាំ១៩៩១ ដែលចាត់ទុកសេរីភាព ការគោរពសិទ្ធិមនុស្ស និងការបោះ​ឆ្នោតដោយសេរី និងយុត្តិធម៌ ជាស្នូលនៃការកសាងលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវតែបញ្ឈប់ ការបំភិតបំភ័យចំពោះកំលាំងប្រឆាំងនៅក្នុងប្រទេស។

លោក អង់ ដ្រេវ៉ាល់លីនី បានស្នើឲ្យលោក អាឡាំង ហ៊្សូពេ ត្រូវចាត់វិធានការណ៍ ធ្វើការតាមដាន និងអន្តរាគមន៍ដើម្បីធានាថាកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១ ត្រូវបានគោរពដោយខ្ជាប់ខ្ជួន ពោល​គឺ​ការកសាងលទ្ធិប្រជាធិបតេយ្យ​មួយដើរលើផ្លូវត្រូវ​ក្នុងប្រទេសកម្ពុជា។

គួររំលឹកផងដែរថា នេះជាលិខិតរបស់អ្នកតំណាង​រាស្ត្របារាំងទី៣ហើយ ដែលបានទទូចឲ្យបារាំង​ និងសហគមន៍អ៊ឺរ៉ុបយកចិត្តទុកដាក់ អំពីការធ្វើទុក្ខបុកម្នេញមកលើមេបក្សប្រឆាំងសមរង្ស៊ី ធ្វើដោយ​រដ្ឋា​ភិបាលកម្ពុជា។​ អ្នកតំណាងរាស្ត្របារាំង សុទ្ធតែបានបង្ហាញជំហរដូចៗគ្នា ដោយចង់ឃើញវត្តមាន​របស់លោកសមរង្ស៊ី មេបក្សប្រឆាំងដ៏មានប្រជាប្រិយភាព បានវិលត្រលប់មកកម្ពុជាវិញមុនការ​បោះ​ឆ្នោត​នាពេលខាងមុខ ក្នុងឆ្នាំ២០១២ និង២០១៣ ដែលជាព្រឹត្តការណ៍បោះឆ្នោតសំខាន់ៗ ក្នុង​ការ​កំណត់​ជោគវាសនារបស់ប្រទេសកម្ពុជា និងដើម្បីធានាអំពីភាពសេរី និងយុត្តិធម៌៕ កង ប៊ុន

 

Related Posts