Wednesday 10 August 2011

ទំព័រដើម សកម្មភាព

គណបក្ស សម រង្ស៊ី រាជធានីភ្នំពេញ ជួបជុំជាមួយក្រុមប្រឹក្សាគណបក្ស ខណ្ឌ៧មករា និងខណ្ឌសែនសុខ


28-06-2011

សមាជិកក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី និងក្រុមប្រឹក្សាជាប់ឆ្នោត មកពីខណ្ឌ៧មករា និងខណ្ឌ​សែន​សុខចំនួន៦៥នាក់ បានជួបប្រជុំគ្នានៅល្ងាចថ្ងៃសៅរ៍នេះ នៅទីស្នាក់ការកណ្តាល​គណបក្ស​រាជធានី​ ក្រោមការដឹកនាំដោយលោក ហូរ វ៉ាន់ ប្រធានក្រុមប្រឹក្សាគណបក្ស​និងមានការចូលរួម​ដឹកនាំដោយលោកស្រី លី ស្រីវីណា តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងលោក​ ឃី វណ្ណដេត តំណាង​រាស្ត្រមណ្ឌលកំពង់ឆ្នាំង ។ លោក ហូរ វ៉ាន់ ប្រធានក្រុមប្រឹក្សាគណបក្សរាជធានភ្នំពេញ បានមានប្រសាសន៍ថា គោលបំណងនៃការជួបជុំគ្នានេះ គឺដើម្បីស្តាប់នូវរបាយការណ៍ របស់​បណ្តា​សមាជិកក្រុមប្រឹក្សាគណបក្សខណ្ឌ ដែលបានធ្វើនាពេលកន្លងមក និងការវាយតំលៃ ដើម្បីកំណត់យុទ្ធសាស្ត្រអនុវត្តការងារបន្តទៀតក្នុងការជួយការពារប្រជាពលរដ្ឋ និងតាមដាន​ការ​អនុវត្តតួនាទីរបស់អជ្ញាធរក្នុងការងារអភិវឌ្ឍខណ្ឌ និងសង្កាត់ ។

ថ្លែងចូលរួមក្នុងកម្មវិធី លោកស្រី លី ស្រីវីណា បានបញ្ជាក់ថាក្រុមប្រឹក្សាខណ្ឌ សង្កាត់របស់​គណបក្សសមរង្ស៊ី ពិតជាមានតួនាទីសំខាន់ណាស់ក្នុងការជម្រុញ និងតាមដានការអភិវឌ្ឍនៅ​មូល​ដ្ឋាន ដែលឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋ ។ បើគ្មានក្រុមប្រឹក្សារបស់គណបក្ស សម រង្ស៊ី អជ្ញាធរ ដែលក្រោមការដឹកនាំដោយមនុស្ស របស់គណបក្សកាន់អំណាចសព្វថ្ងៃ នឹងឆ្លៀតធ្វើសកម្មភាពតាមអំពើចិត្ត ដែលមិនបំរើដល់ឆន្ទៈរបស់ប្រជាពលរដ្ឋគ្រប់គ្រាន់ ប៉ុន្តែផ្តល់ ផលឲ្យតែក្រុមមនុស្សមួយចំនួនតូច ដែលជាក្រុមបក្សពួករបស់គេ និងអ្នកដែលមានអំណាចខាង លើគេប៉ុណ្ណោះ។ ដូច្នេះតំណាងរបស់គណបក្សសមរង្ស៊ីត្រូវតែធ្វើសកម្មភាពបំរើដល់ប្រជាពលរដ្ឋ ពិតប្រាកដ ព្រោះប្រជាពលរដ្ឋជាម្ចាស់អំនាច ជាអ្នកបោះឆ្នោតឲ្យ ហើយត្រូវប្រឆាំងដាច់ខាត រាល់គំរោងណា ដែលជះផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងមិនឆ្លុះបញ្ជាំងពី ប្រយោជន៍រួម ។

នៅកម្មវិធីដ៏មានសារៈសំខាន់នោះផងដែរ លោកប្រធាន សម រង្ស៊ី ក៏មានវត្តមានចូលរួមតាមរយៈ វីដេអូខន់ហ្វឺរ៉េនខណៈរូបលោកកំពុងមានវត្តមាននៅប្រទេសបារាំង ។ ដោយការនឹករលឹកចំពោះ សមាជិកក្រុមប្រឹក្សាគណបក្សដែលមានមានវត្តមាន លោកប្រធាន សម រង្ស៊ី បានជំរាបប្រាប់អំពី សកម្មភាពការងាររបស់លោកដែលកំពុង នឹងបានធ្វើលើឆាកអន្តរជាតិ ដើម្បីប្រឆាំង និងស្វែងរក យុត្តិធម៌ជូនសង្គមជាតិខ្មែរ ដោយលោកថាកុំឲ្យមានការព្រួយបារម្ភ ព្រោះអ្វីដែលលោកធ្វើបាន ទទួលការគាំទ្រយ៉ាងពេញទំហឹង ។ ដូច្នេះលោករំពឹងថា សមាជិក្រុមប្រឹក្សាគណបក្សទាំងអស់ មិនមានការព្រួយបារម្ភ ហើយនៅតែបំពេញការងាររបស់ខ្លួននៅតាមមូលដ្ឋានជាធម្មតា ដើម្បី​ការពារប្រជាពលរដ្ឋ និងស្វែងរកសំលេងគាំទ្រឲ្យគណបក្ស ។ លោកប្រធាន សម រង្ស៊ី បានបញ្ជាក់​ទៀតថាសកម្មភាពការងារ របស់សមាជិកក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី ទាំងអស់ គឺជាសកម្មភាព ដ៏មានតំលៃ ធ្វើដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋសុទ្ធសាធ ។

លោកប្រធាន សម រង្ស៊ី បានធ្វើការកត់សំគាល់ទៀតថា បច្ចុប្បន្ននេះរដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យ​ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែងរាប់សែនគ្រួសារ ទទួលរងគ្រោះដោយការបណ្តេញចេញពីដីធ្លី ។ ក្នុងកាលៈទេសៈនេះក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី ទាំងអស់ ត្រូវតែរួមគ្នា​ធ្វើការតស៊ូ​ជាមួយ ប្រជា​ពលរដ្ឋ ប្រឆាំងដាច់ខាត ដើម្បីការពារប្រជាពលរដ្ឋ ដោយចាត់ទុកថាដីធ្លីជាអាយុជីវិត​របស់ពួកគាត់ ។ បើកាលណាដីធ្លីត្រូវបានរំលោភយកដោយក្រុមហ៊ុនខិលខូច និងអ្នកមាន​អំណាច​មួយចំនួន មានន័យស្មើនឹងការសំលាប់ប្រជាពលរដ្ឋ ។ ដូចនេះគណបក្ស សម រង្ស៊ី​មិនអាចឈរមើលបានទេ គឺត្រូវតែចូលរួមជាមួយប្រជាពលរដ្ឋ ដើម្បីការពារដីធ្លីទាំងអស់នោះ ដោយគ្មានការរើសអើង ។

គួររំលឹកថា ដោយការឈឺឆ្អាលអំពីបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង កន្លង​មកគេសង្គេតឃើញមានតែវត្តមានរបស់តំណាងគណបក្ស សម រង្ស៊ី ប៉ុណ្ណោះ បានចេញមុខ ធ្វើ​អន្តរាគមន៍ ពិសេសលើបញ្ហាទំនាស់ដីធ្លី ដែលជាអាយុជីវិតរបស់រាស្ត្រខ្មែរ។ តាមរយៈសកម្មភាព​នេះ គេបានមើលឃើញនូវជំហរចំនួន២​ដែលផ្ទុយគ្នាស្រឡះ ទីមួយគឺជំហរ របស់គណបក្ស​កាន់អំណាចបច្ចុប្បន្ន ដែលកំពុងធ្វើសព្វថ្ងៃ លើការការពារប្រជាពលរដ្ឋ ។ កន្លងមកទោះបីមាន​ការទទូចជាញឹកញាប់ដើម្បីឲ្យរដ្ឋាភិបាលធ្វើការសំរេចចិត្ត ដោយបញ្ជៀសផល ប៉ះពាល់ដល់​ប្រជាពលរដ្ឋ​ ពោលគឺជម្រុញឲ្យការអភិវឌ្ឍមានការចូលរួមពីប្រជាពលរដ្ឋ ប៉ុន្តែផ្ទុយ ទៅវិញនៅ​ពេល​ដែលមានការអភិវឌ្ឍ បែរជាសង្គេតឃើញប្រជាពលរដ្ឋរងគ្រោះដោយការបាត់ បង់ដីធ្លីផ្ទះ​សំបែង និងមុខរបរទៅវិញ ហើយវាកើតមានពាសពេញផ្ទៃប្រទេស។ គេមិនដែលបានឃើញ រដ្ឋាភិបាលធ្វើការពិភាក្សា សុំយោបល់ពីប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ដើម្បីតំរង់ការ សំរេចចិត្តរបស់ខ្លួននោះទេ ប៉ុន្តែគេបែរជាធ្វើដោយឯកឆន្ទ ហើយមិនគិតពីផលប៉ះពាល់លើប្រជា ពលរដ្ឋទាល់តែសោះ ដែលធ្វើឲ្យពលរដ្ឋតែងក្លាយជាជនរងគ្រោះ ស្របពេលដែលក្រុមហ៊ុន របស់អ្នកមានអំណាច និងក្រុមហ៊ុនខិលខូចមួយចំនួនទទួលបានផលដ៏សន្ធឹកសន្ធាប់ពីការ អភិវឌ្ឍនោះ ។

ជំហរមួយទៀតគឺជំហររបស់គណបក្សសមរង្ស៊ី ទីណាមានទុក្ខទីនោះមានតំណាងរបស់គណបក្ស សម រង្ស៊ី ។ ជាញឹកញាប់តំណាងរបស់គណបក្ស សម រង្ស៊ី តាំងពីថ្នាក់លើដល់មូលដ្ឋានតែងបាន យកចិត្តទុកដាក់ចំពោះការរស់នៅរបស់ប្រជាពលរដ្ឋ ។ ទោះបីគណបក្សសមរង្ស៊ីមិនទាន់បាន អំណាចនៅក្នុងដៃ ក៏ដោយប៉ុន្តែតំណាងរបស់គណបក្សនេះបានធ្វើសកម្មភាពគ្រប់ទីកន្លែង ពិសេសនៅពេលដែលប្រជាពលរដ្ឋជួបរឿងអយុត្តិធម៌ ។ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោល នយោ​​បាយ និងឆន្ទៈរបស់ថ្នាក់ដឹកនាំគណបក្ស ពិសេសលោកប្រធាន សម រង្ស៊ី ដែលជាវីរជន​ស្នេហាជាតិនោះ តំណាងរបស់គណបក្ស សម រង្ស៊ី បានបំបែករាល់ឧបសគ្គ ដែលត្រូវបានបង្កើត​ឡើង​ដោយអ្នកមានអំណាចបច្ចុប្បន្ន ដោយមិនមានការភ័យខ្លាច ពោលគឺអនុវត្ត ជំហរការពារ​ប្រជាពលរដ្ឋដាច់ខាត និងត្រូវតែប្រឆាំងចំពោះរាល់គំរោង ដែលធ្វើឲ្យជះផលប៉ះពាល់​ដល់ពល រដ្ឋជាម្ចាស់អំណាច ។ ការធ្វើសកម្មភាពដោយការប្តេជ្ញាចិត្តខ្ពស់នេះហើយ​បានធ្វើឲ្យគណបក្ស សម រង្ស៊ី ក្លាយជាក្តីសង្ឃឹមតែមួយគត់របស់រាស្ត្រខ្មែរ ៕​ កង ប៊ុន


 

Related Posts