ក្មេងម្នាក់នេះកាន់ក្រម៉ាលក់នៅប្រាសាទបន្ទាយស្រី
២៨-០៦-២០១១
កន្លងមកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ធ្លាប់បានសរសេរលិខិតផ្ញើទៅលោក សុខ អាន ប្រធានអជ្ញាធរអប្សរា ជំរុញឲ្យមានការរៀបចំសណ្តាប់ធ្នាប់ជុំវិញប្រាសាទបន្ទាយស្រី ដោយមាន ការចូលរួមពីប្រជាពលរដ្ឋ និងទទួលបានផលស្មើៗគ្នា ប៉ុន្តែមិនការឆ្លើយតបនោះទេ ដែលគេនៅ តែឃើញសកម្មភាពរបស់អជ្ញាធរអប្សរានេះ បន្តកើតមានយ៉ាងព្រៃផ្សៃលើប្រជាពលរដ្ឋ ដែលរស់ នៅ និងលក់ដូរនៅទីនោះ ។
ដោយសារការរៀបចំមិនច្បាស់លាស់ និងបញ្ហាបក្សពួកនិយម បានធ្វើឲ្យកើតមានបាតុភាព ជាច្រើនជុំវិញការប្រកបរបរអាជីវកម្មនៅក្នុងផ្សារខាងមុខប្រាសាទបន្ទាយស្រី។ ភាព អសកម្ម ដែលធ្វើឲ្យមានការតវ៉ា ពីក្រុមអាជីវករនេះ កើតឡើងក្រោមការគ្រប់គ្រងដោយអជ្ញាធរ អប្សរា នៅតំបន់នោះ។
យ៉ាងហោចណាស់មានស្រី្ត២នាក់ ដែលជាអ្នកទទួលយកសំភារៈពីតូបនៅក្នុងផ្សារមកលក់ចល័ត ត្រូវបានអជ្ញាធរអប្សរាប្រើដំបងឆក់ធ្វើឲ្យរងរបួស ខណៈអជ្ញាធរអប្សរាបានចោទពួកគេថាបាន ដើរលក់បង្កភាពអាណាធិបតេយ្យ នៅតាមទីធ្លាប្រាសាទ ។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៤ខែមិថុនានេះ វេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ។
ស្រ្តីមួយរូបមានឈ្មោះ ឈាង ស៊ាប បានប្រាប់ថា នាងត្រូវដេកផ្ទះព្យួរសេរ៉ូមរយៈពេល២ថ្ងៃមក ហើយបន្ទាប់ពីត្រូវបានអជ្ញាធរអប្សរាឆក់ចំនួន២ដង កាលពីថ្ងៃទី២៤។ នាងថាការឆក់លើកទី១ ខណៈនាងកាន់សំភារៈមួយចំនួនបំរុងវិលត្រឡប់ទៅផ្ទះ បរិភោគអាហារថ្ងៃត្រង់ ប៉ុន្តែត្រូវបានអជ្ញាធរអប្សរាយល់ច្រឡំថានាងដើរលក់ ទើបចេញមកឃាត់ និងមានការប្រទាញប្រទង់ដណ្តើម សំភារៈមិត្តភក្តិនាងម្នាក់ទៀត ហើយនាងបានស្ទុះទៅជួយ ប៉ុន្តែត្រូវបានគេឆក់ត្រូវចំដៃ ហើយមិត្ត ភក្តិនាងម្នាក់ទៀតក៏ត្រូវបានឆក់ដូចគ្នា។ ក្រោយមកមានមគ្គុទេ្ទសន៍ទេសចរម្នាក់បានឃើញ ហើយយកកាមេរ៉ាទូរសព្ទថតសកម្មភាពអជ្ញាធរប្រទាញប្រទង់ជាមួយនាង ក៏ត្រូវបានអជ្ញាធរសំលុតទាមទារយកទូរសព្ទរបស់គាត់ ហើយក៏មានការប្រទាញប្រទង់ជាថ្មី ពេលនោះនាងក៏ចូល ទៅជួយដែរ ប៉ុន្តែត្រូវបានគេឆក់ម្តងទៀតចំពោះ ធ្វើឲ្យនាងវិលមុខ និងមានអាការៈស្ពឹក ហើយក៏រត់ឡើងលើតូបរបស់អ្នកដែល នាងទទួលឥវ៉ាន់លក់ ស្របពេលដែលអជ្ញាធរព្យាយាម តាមឆក់ នាងបន្ថែមទៀត។
អាជីវករចល័តម្នាក់ទៀតឈ្មោះ ហូន សុខវេន បានឲ្យដឹងដែរថានាងត្រូវបានអជ្ញាធរ អប្សរាឆក់ បណ្តាលឲ្យឈឺស្ពឹក ដោយសារតែនាងបានលក់ក្រមាឲ្យភ្ញៀវ ទេសចរ ដែលមកទស្សនាប្រាសាទ។ នាងថាការដើរលក់ចល័តវាល្មើសទៅ នឹងការហាមឃាត់របស់អជ្ញាធរ ប៉ុន្តែនាង និង អាជីវករដទៃទៀតមិនមានជំរើសទេ ដោយសារតែការតំរូវឲ្យទៅលក់តាមតូប លក់មិនដាច់ ព្រោះ មិនមានការរៀបចំច្បាស់លាស់ ។ នាងថាក្រោយការឆក់ ដោយដំបងឆក់ រូបនាង និងមិត្តភក្តិត្រូវ ដេកព្យួរសេរ៉ូមកំលាំងអស់២ថ្ងៃ ដោយអាការៈ ស្ពឹក ស្ទើរពេញដងខ្លួន ពិសេសកន្លែង ដែលត្រូវបានឆក់ ។ នាងចាត់ទុកសកម្មភាពរបស់អជ្ញាធរអប្សរាថាធ្វើឡើងដោយភាពសាហាវយង់ឃ្នង ដូចដែលគេធ្លាប់ធ្វើនាពេលកន្លងមក សូម្បីតែកុមារ និងមនុស្សចាស់ ។ នាងថាក្រោយការរៀបចំ សណ្តាប់ធ្នាប់ថ្មីនៅប្រាសាទបន្ទាយស្រី អាជីវករតូចតាចជួបវិបត្តិយ៉ាងធ្ងន់ធ្ងរដោយការលក់មិន ដាច់ ហើយត្រូវបង្ខំចិត្តយកសំភារៈរបស់ខ្លួនបន្តិចបន្ទួចដើរលក់ចល័ត។
សុខ វេន បានប្រាប់ទៀតថា នាងបានប្រកបរបរលក់ដូរចល័តនៅប្រាសាទបន្ទាយស្រីនេះរយៈ ប្រមាណ១០ឆ្នាំមកហើយ ដោយទទួលបានចំណូលគួរសមអាចដោះស្រាយជីវភាពបានមួយ កំរិត ប៉ុន្តែនៅពេលនេះ នាងលក់លែងដាច់តែម្តង ដោយសារតែមានការរឹតបន្តឹង ធ្វើដោយអជ្ញាធរ អប្សរា ។ ទន្ទឹមពេលដើរលក់លួចលាក់កំបាំងភ្នែករបស់អជ្ញាធរ មានពេលខ្លះសំភារៈរបស់នាង ត្រូវបានរឹបអូសទាំងស្រុងក៏មាន ដែលធ្វើឲ្យនាងបាត់ឥវ៉ាន់ហើយ មិនបានប្រាក់ចំណូលទៀត ដូចនេះជាហេតុធ្វើឲ្យបញ្ហាជីវភាព គ្រួសារកាន់តែលំបាក។ នាងបានអំពាវនាវឲ្យមានការរៀបចំ សារជាថ្មី និងទទូចឲ្យថ្នាក់លើ និងអង្គការសិទ្ធិមនុស្សនានាចូលរួមធ្វើអន្តរាគមន៍ ដើម្បីនាង និងអាជីវករដទៃទៀត បានលក់ និងមានចំណូលជាធម្មតាវិញ ។
ក្នុងការរៀបចំទីតាំងសំរាប់បែងចែកឲ្យអាជីវករ លក់ដូចក្នុងផ្សារខាងមុខប្រាសាទ ពួកគាត់បាន ប្រាប់ថា គ្មានការកំណត់ច្បាស់លាស់ ដែលនេះទំនងមកពីបញ្ហាបក្សពួកនិយម។ អាជីវករបាន អះអាងដូចៗគ្នាថា ពួកគាត់លក់ក្នុងផ្សារមិនដាច់ ដោយសារតែខាងមុខផ្សារមានលក់សំភារៈដូច ខាងក្នុងដែរ ដែលធ្វើឲ្យភ្ញៀវមិនចូលទៅខាងក្នុង ហើយទិញតែនៅខាងក្រៅ ។ ពួកគាត់ប្រាប់ទៀតថា កន្លងមកអ្នកខាងមុខលក់ឥវ៉ាន់ផ្សេង ហើយអ្នកខាងក្នុងលក់ផ្សេង ដែលធ្វើឲ្យភ្ញៀវទិញ ចូលទិញនៅខាងក្នុង ប៉ុន្តែនៅពេលដែលអ្នកខាងក្រៅចាប់ផ្តើមលក់ទំនិញបន្ថែម ដូចទៅនឹងមុខ ទំនិញនៅខាងក្នុងបានធ្វើឲ្យការលក់ដូរនៅខាងក្នុងលក់មិនដាច់ ។
មានការមើលឃើញពីការបើកលក់សេរីតាមតូបខាងមុខផ្សារដោយមិនមានការយោគយល់ និង ការរៀបចំច្បាស់លាស់នេះ គឺដោយសារតែមានតូបដាច់ដោយឡែកផ្សេងទៀត ដែលត្រូវបាន គេអះអាងថា ជាខ្សែររយៈរបស់អជ្ញាធរ បានលក់សំភារៈគ្រប់មុខ ដោយអាងលើទីតាំងល្អ នៅចំ ខាងមុខប្រាសាទ និងនៅខាងមុខបំផុតនៃផ្សារ។ ការលក់សំភារៈគ្រប់មុខធ្វើដោយម្ចាស់តូបដែល មានខ្សែររយៈជាមួយអជ្ញាធរនេះហើយ ដែលធ្វើឲ្យអ្នកលក់ក្នុងតូបខាងមុខផ្សារចាប់ផ្តើមធ្វើគំរូ តាម ហើយការធ្វើរបៀបនេះគឺជាការសំលាប់អាជីវករនៅខាងក្នុង និងកើតមាននូវការលក់ដូរ ចល័តមិនចេះចប់បែបនេះ។
កញ្ញា ឈាង ស៊ាប បានទទូចឲ្យមានការរៀបចំការលក់ដូរនេះសារជាថ្មី ដោយតំលាភាព និងច្បាស់លាស់ ដើម្បីអាជីវករទាំងអស់គ្នាបានរស់ដោយសមរម្យ ហើយត្រូវបញ្ឈប់សកម្មភាព បក្សពួកនេះដាច់ខាត។ កញ្ញា ឈាង ស៊ាប បានទទូចដោយបំភ្លេចការឈឺចាប់ដែលត្រូវអជ្ញាធរ ឆក់ឲ្យរបួស មកជាការព្រួយបារម្ភចំពោះការលក់ដូរប្រចាំថ្ងៃរបស់កញ្ញាវិញថា ប្រសិនបើមានការ រៀបចំត្រឹមត្រូវតាមការស្នើសុំរបស់អាជីវករនៅខាងក្នុងផ្សារ នោះការលក់ដូរចល័ត និងត្រូវកាត់ បន្ថយ រឺបំបាត់បានទាំងស្រុងតែម្តង ។ ផ្ទុយទៅវិញ ប្រសិនបើការលក់បាំងមុខនៅតែកើតមាន ការលក់ចល័តនៅតែត្រូវបានហាមឃាត់ មានន័យថាអជ្ញាធរកំពុងសំលាប់ពួកគាត់តាមរយៈការមិនឲ្យរកចំណូលបានហើយ ។
បុរសម្នាក់មានវ័យចំណាស់ជាគ្រូបង្រៀន ឈ្មោះ ទឹម សាន្តត្រាណ បានប្រាប់ដែរថា នៅពេល ទំនេរគាត់តែងយកសៀវភៅបន្តិចបន្តួចលក់ឲ្យភ្ញៀវទេសចរ ប៉ុន្តែការលក់របៀបនេះត្រូវបាន ហាមឃាត់ដោយអជ្ញាធរជាញឹកញាប់ ។ លោកប្រាប់ទៀតថាកាលពីថ្ងៃទី២១កន្លងមកនេះ សៀវភៅរបស់លោក ដែលបំរុងយកទៅលក់ស្រាប់តែអជ្ញាធរ១ក្រុមបានមកប្រមូលយកអស់ដោយមិន បានប្រគល់ឲ្យវិញនៅឡើយ ។ លោកថាអជ្ញាធរតែងបានធ្វើសកម្មភាពបែបនេះលើគ្រប់អាជីវករ លក់ដូរចល័ត ។
លោកបានអំពាវនាវឲ្យអជ្ញាធរអប្សរាត្រូវបើកទូលាយចំពោះប្រជាពលរដ្ឋ នៅជុំវិញតំបន់នោះក្នុង ការយកសំភារៈទៅលក់ដូរនៅក្បែរប្រាសាទ ព្រោះការរស់នៅប្រចាំថ្ងៃក្រៅពីធ្វើស្រែចំការ ការលក់ដូរបន្តិចបន្តួច គឺជាប្រភពចំណូលដ៏សំខាន់ជួយដោះស្រាយបញ្ហាជីវភាពបានមួយកំរិត ។
សូមបញ្ជាក់ថា កន្លងមកអជ្ញាធរអប្សរានៅតំបន់ប្រាសាទបន្ទាយស្រីធ្លាប់បានកសាងរឿងអាស្រូវ ជាច្រើន ពិសេសពាក់ព័ន្ធ នឹងការលក់ដូរ និងការរៀបចំសណ្តាប់ធ្នាប់នៅជុំវិញប្រាសាទ ។ ក្មេងៗ រាប់សិបនាក់បានប្រាប់ថាពួកគេត្រូវបានអជ្ញាធរអប្សរា គំរាមកំហែង ប្រើទារុណកម្មជាដើម ខណៈពួកគេបានយកសំភារៈមកដើរលក់នៅជុំវិញទីធ្លាប្រាសាទ ។ ក្មេងៗភាគច្រើនជាកូនចៅ របស់ក្រុមអាជីវករ ដែលកំពុងលក់មិនដាច់ខាងក្នុងផ្សារ ។ អជ្ញាធរអប្សរាបានចោទប្រកាន់ក្មេងៗ និងអាជីវករលក់ចល័តទាំងនោះ ថាបានធ្វើឲ្យមានភាពអាណាធិបតេយ្យនៅតំបន់ប្រាសាទ ប៉ុន្តែ បើមើលលើប្រភព ដែលនាំឲ្យមានការលក់ចល័ត ដែលមិនអាចទប់ស្កាត់ បានរបៀបនេះគឺ ដោយសារតែការរៀបចំមិនត្រឹមត្រូវ ក្នុងការកំណត់តូប និងមុខទំនិញដែលត្រូវលក់។ នៅពេល អាជីវករខាងក្រៅ ពិសេសអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអជ្ញាធរអប្សរាតំបន់នោះបាន បើកលក់ទំនិញគ្រប់មុខដូចមុខទំនិញក្នុងផ្សារដែរ ដូច្នេះហើយទើបធ្វើឲ្យការលក់នៅខាងក្នុង មិនមានអ្នកចូលទិញ ដែលជំរុញឲ្យពួកគាត់ប្តូរការលក់ពីលើតូប មកដើរលក់ចល័តវិញ។ ដូចនេះអជ្ញាធរមិនអាចទប់ស្កាត់ភាពអាណាធិបតេយ្យនេះបានទេ បើអជ្ញាធរមិនធ្វើការបែងចែកតូប និង មុខទំនិញលក់ ឲ្យបានច្បាស់លាស់។ ផ្ទុយទៅវិញភាពអាណាធិបតេយ្យនេះ នឹងត្រូវលុបបំបាត់ ដោយខ្លួនឯង ប្រសិនបើមានការរៀបចំច្បាស់លាស់ និងមានតម្លាភាព ៕ កង ប៊ុន