វិទ្យាស្ថានសាធារណៈរដ្ឋអន្តរជាតិ IRI សហការជាមួយគណបក្ស សម រង្ស៊ី រាជធានីភ្នំពេញ នៅព្រឹកនេះបាន រៀបចំសិក្ខាសាលាបណ្តុះបណ្តាលដល់ចលនាយុវជន សម រង្ស៊ី ប្រមាណជិត ១០០នាក់ ក្រោមប្រធានបទការជំរុញឲ្យយុវជនទៅចុះឈ្មោះបោះឆ្នោត ។ កម្មវិធីនេះធ្វើឡើង នៅទីស្នាក់ការ កណ្តាលគណបក្ស សម រង្ស៊ី រាជធានីភ្នំពេញ ដោយមានការចូលរួមជាអធិបតីភាពដោយលោក ហូរ វ៉ាន់ ប្រធានក្រុមប្រឹក្សាគណបក្សសមរង្ស៊ីរាជធានីភ្នំពេញ និងជាអគ្គលេខាធិការរងគណបក្ស ។
ថ្លែងបើកសិក្ខាសាលា លោក ហូរ វ៉ាន់ បានបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជាការបើក ឪកាសឲ្យយុវជន ដែលជាស្លាបរបស់គណបក្ស សម រង្ស៊ី មានសម្ថភាពគ្រប់គ្រាន់ក្នុងការប្រមូលប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ពិសេសយុវជនឲ្យមកចូលរួមចុះឈ្មោះបោះឆ្នោត នៅតាមឃុំ-សង្កាត់ ។ ការចុះឈ្មោះបោះឆ្នោត គឺជាជំហានជំរុញដល់យុវជន និងប្រជាពលរដ្ឋទាំងអស់បាន ចូលរួមការបោះឆ្នោត ដែលជាព្រឹត្តិការណ៍ជាតិដ៏សំខាន់បំផុតក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិទាំងមូល ហើយពួកគាត់មានឪកាសតែម្តងគត់ក្នុងរយៈពេលប្រាំឆ្នាំ។ លោក ហូរ វ៉ាន់ បានបញ្ជាក់ទៀតថា គណបក្ស សម រង្ស៊ី ពិតជាមានក្តីសោមនស្សរីករាយណាស់ ដែល វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI បានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង។ លោកថាប្រធានបទ នៃសិក្ខាសាលានេះ គឺជាអ្វី ដែលគណបក្សសមរង្ស៊ីចង់បានជាទីបំផុត ហើយវាស្របទៅនឹងកាលៈទេសៈ ដែលការចុះឈ្មោះបោះឆ្នោតជិតឈានចូលមកដល់ទៀតហើយក្នុងឆ្នាំ២០១១នេះ ។ លោកថាយុវជនគឺជាកំលាំងដ៏មានប្រសិទ្ធភាព និងធំធេងបំផុត។ យុវជនជាសរសរទ្រូងរបស់ប្រទេសជាតិ ដូចនេះការចូលរួមរបស់យុវជន ពិតជាមានសារៈសំខាន់ ។ លោកក៏បានជំរុញឲ្យសិក្ខាកាមទាំងអស់យកចំណេះដឹង និងបទពិសោធនដែលទទួលបានថ្ងៃនេះទៅអនុវត្ត ក្នុងការបំផុសឲ្យយុវជនដទៃទៀតបានយល់ដឹងពីសារៈសំខាន់នៃការចុះឈ្មោះ បោះឆ្នោត និងការបោះឆ្នោត ។ លោកបានបន្ថែមថា ការចុះឈ្មោះបោះឆ្នោតតែមួយមុខមិនទាន់គ្រប់គ្រាន់ទេ គឺក្នុងសកម្មភាពនេះ យុវជនក៏ត្រូវទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោត ដែលបានកំណត់បិទនៅតាមមណ្ឌលរបស់ខ្លួន ។ លោកក៏រំពឹងថា វិទ្យាស្ថានសាធារណៈរដ្ឋអន្តរជាតិ នេះ នឹងរៀបចំឲ្យ មានសិក្ខាសាលាបន្ថែមទៀតដល់យុវជនគណបក្ស សម រង្ស៊ី ក្នុងប្រធានបទ ការជំរុញឲ្យយុវជន ទៅបោះឆ្នោត។ លោកបានថ្លែងអំណរគុណចំពោះអង្គការ IRI ដែលតែងបានសហការជាមួយ គណបក្ស សម រង្ស៊ី ដើម្បីជំរុញសកម្មភាពរបស់យុវជន ដែលជាចលនាដ៏សំខាន់បំផុត ក្នុងការចូលរួមជំរុញការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការផ្លាស់ប្តូរនៅកម្ពុជា ៕ កង ប៊ុន