ការបូមខ្សាច់ក្នុងខេត្តកោះកុង (ពីGoogle)
01-07-2011
បើគិតត្រឹមថ្ងៃសុក្រទី១ខែកក្កដានេះ មានរយៈពេល២ឆ្នាំហើយ ដែលលោកនាយករដ្ឋមន្ត្រីបាន ប្រកាសព្រមាន និងហាមឃាត់សកម្មភាពបូមខ្សាច់សមុទ្រ។ គេនៅចាំបានថា នៅក្នុងការប្រារព្ធទិវាមច្ឆាជាតិនៅក្នុងក្រុងកែបកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៩ លោកនាយករដ្ឋមន្ត្រីបានថ្លែងដាច់អហង្កា មិនឲ្យបូមខ្សាច់ ក្នុងសមុទ្រដាច់ខាត។
រយៈពេល២ឆ្នាំមកនេះ បើទោះបីមានការស្រែកហាមឃាត់ការបូមខ្សាច់សមុទ្រ ប៉ុន្តែមិនបានធ្វើ ឲ្យឈ្មួញរកស៊ីលក់ខ្សាច់ព្រឺសំបុរនោះទេ ដែលគេឃើញសកម្មភាពបូមខ្សាច់នេះនៅតែកើតមាន ពិសេសក្នុងខេត្តកោះកុង ដែលជាតំបន់ទេសចរមាត់សមុទ្រ ដ៏ល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុនឯកជនមួយជាកម្មសិទ្ធិរបស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវសកម្មភាពលេចធ្លោជាងគេ ក្នុងការបូមខ្សាច់សមុទ្រនាខេត្តកោះកុងនេះ។ ប្រជាពលរដ្ឋ ជាអ្នកនេសាទ និងជាអាជីវករលក់ដូរនៅតាមតំបន់រម្យនីយដ្ឋានមួយចំនួន បានត្អូញត្អែរថា ចំណូលរបស់ពួកគាត់បានធ្លាក់ចុះ ដែលបណ្តាលមកពី ការបូមខ្សាច់។
រម្យនីយដ្ឋានតាតៃ កាលពីពេលថ្មីៗនេះ ត្រូវបានកាសែតក្នុងស្រុកមួយចុះផ្សាយថា កំពុងប្រឈម គ្រោះមហន្តរាយដោយសារតែការបូមខ្សាច់នេះ។ ច្រាំងដៃទន្លេកន្លែងខ្លះកំពុងបាត់ស្រុត ធនធាន ជីវចំរុះកំពុងបាត់បង់ ជាហេតុធ្វើឲ្យមានការព្រួយបារម្ភពីនិរន្តរភាពតំបន់ទេសចរ ដែលរដ្ឋាភិបាល កម្ពុជាព្យាយាមអន្ទងឲ្យភ្ញៀវទៅទស្សនានោះ។
ការបូមខ្សាច់ទ្រង់ទ្រាយធំធ្វើអាជីវកម្ម ក្នុងតំបន់ទេសចរនេះត្រូវបានកាសែតដដែលបា្រប់ថា លាតសន្ធឹងលើផ្ទៃក្រឡាសរុបប្រមាណ៣២គីឡូម៉ែត្រការ៉េឯណោះ។
គេមិនជឿថាការបូមខ្សាច់នេះមិនមានមន្រ្តីពាក់ព័ន្ធ ឬលោកនាយករដ្ឋមន្ត្រីផ្ទាល់បានដឹងនោះទេ ប៉ុន្តែគេមិនឃើញមានវិធានការណ៍ ដែលធ្វើឲ្យបទបញ្ជារបស់លោកទៅជាគ្មានប្រសិទ្ធភាព។
កន្លងមកបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីគ្រាន់តែធ្វើឡើងឲ្យល្អមើលប៉ុណ្ណោះ ប៉ុន្តែមន្ត្រីរបស់ លោកមិនដែលអនុវត្តតាម ឬអនុវត្តតាមតែមួយរយៈពេលខ្លីប៉ុណ្ណោះ ដែលធ្វើឲ្យសកម្មភាពល្មើស នៅតែកើតមានមិនចេះចប់ ដូចជាការហាមឃាត់ការបូមខ្សាច់សមុទ្រនេះ ការហាមឃាត់រថយន្តពាក់ស្លាកលេខ ន-ប និងខ-ម ការហាមឃាត់ការកាប់ព្រៃឈើ ការប្រើកណ្តាប់ដៃដែកបញ្ចប់អំពើ ពុករលួយក្នុងស្ថាប័នតុលាការ ការហាមឃាត់មិនឲ្យមានកុងត្រូលជជុះ ដែលលោកព្រមានដក ទាំងលោកខែទៀតនោះ ជាដើម ។ ការនិយាយផ្សេង ធ្វើផ្សឹង កើតមានដដែលៗរបៀបនេះ បានធ្វើឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសពលរដ្ឋ ដែលធ្លាប់តែបោះឆ្នោតឲ្យលោក មិនមានទំនុកចិត្តចំពោះលោកតទៅទៀតនោះទេ។
លោក គីមសួរ ភីរឹទ្ធ តំណាងរាស្ត្រគណបក្សសមរង្ស៊ីបានថ្លែងថា កង្វះការតាមដានត្រួតពិនិត្យ និងការដាក់ពិន័យរដ្ឋបាលលើមន្ត្រីអនុវត្តតួនាទីទាំងអស់នោះ ហើយនិងបញ្ហាបក្សពួកនិយម ទំនងជាមូលហេតុដែលធ្វើឲ្យការអនុវត្តបទបញ្ជារបស់នាយករដ្ឋ មន្ត្រីនេះមិនមានប្រសិទ្ធភាព។ លោកថាលោកមិនចង់ឃើញមន្ត្រីគ្រប់រូបអនុវត្តតែបទបញ្ជារបស់ លោកនាយករដ្ឋមន្ត្រីប៉ុណ្ណោះទេ គឺលោកចង់ឲ្យមន្ត្រីទាំងនោះ មានស្វ័យឆន្ទៈ និងការទទួលខុស ត្រូវដោយខ្លួនឯង ផ្អែកលើការអនុវត្តច្បាប់ និងតួនាទីរបស់ខ្លួន ដើម្បីធ្វើយ៉ាងណា ឲ្យសង្គមកម្ពុជា ក្លាយជាសង្គមមាននីតិរដ្ឋត្រឹមត្រូវ ពិតប្រាកដ។ បើមន្ត្រីក្រោមបង្គាប់ពឹងផ្អែកតែលើបទបញ្ជារបស់នាយករដ្ឋមន្ត្រីនោះមិនមែនជារឿងល្អនោះទេ សំរាប់សង្គមជាតិ ព្រោះបើសិនជាមេដឹកនាំមានឆន្ទៈពិតប្រាកដ នោះនឹងមានការរីកចំរើនក្នុងការ ទប់ស្កាត់ភាពមិនប្រក្រតីនានាទាំងអស់នោះ ប៉ុន្តែបើមេដឹកនាំគ្មានឆន្ទៈ ហើយដាក់បទបញ្ជាគ្រាន់ តែដើម្បីល្អមើល នោះភាពអសកម្មទាំងឡាយនឹងនៅតែកើតមានគ្មានការទប់ស្កាត់បាននោះទេ។
លោក គីមសួរ ភីរឹទ្ធ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីបានថ្លែងទៀតថា សកម្មភាពល្មើសជាច្រើននៅតែកើតមាន ដោយមិនមានការទទួលខុសត្រូវ និងការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព ហើយវាជះផលអវិជ្ជមានដ៏ធំធេងដល់សង្គមជាតិទាំងមូល ដោយសារតែការអនុវត្តតួនាទី និងការ ចេញបទបញ្ជាមិនមានប្រសិទ្ធភាពរបៀបនេះ។ ហើយដើម្បីឲ្យមានការរឹតបន្តឹងការអនុវត្តតួនាទី របស់មន្ត្រីរដ្ឋាភិបាល និងមន្ត្រីក្រោមបង្គាប់ គឺស្ថាប័នរបស់រដ្ឋត្រូវតែឯករាជ្យ មិនកើតមានបញ្ហា បក្សពួកនិយម និងបញ្ហាអំពើពុករលួយ។
សូមបញ្ជាក់ថាការស្តាប់បង្គាប់មនុស្សតែម្នាក់មិនបានធ្វើឲ្យការដឹកនាំប្រទេសជាតិមួយមានការរីកចំរើននោះទេ។ ផ្ទុយទៅវិញអំពើពុករលួយ នៅតែកើតមាន ការបណ្តេញប្រជាពលរដ្ឋចេញពីដីធ្លី ការបំផ្លាញធនធានធម្មជាតិ នៅតែកើតមាន ការលក់ទ្រព្យសម្បត្តិជាតិ ការបើកឪកាសវិនិយោគ មិនមានតំលាភាព នៅតែកើតមាន នៅពេលដែលមនុស្សម្នាក់នោះ មិនមានឆន្ទៈទប់ស្កាត់ពិត ប្រាកដ ឬមិនមានសមត្ថភាពគ្រប់គ្រាន់។
លោកប្រធានសមរង្ស៊ីធា្លប់បានមានប្រសាសន៍ថា មេដឹកនាំប្រទេសមួយ ដែលមិនមានសមត្ថភាពជំនាញពិតប្រាកដ មិនអាចដឹកនាំប្រទេសឲ្យមានការរីកចំរើនបានទេ។ ផ្ទុយទៅវិញមេដឹកនាំនោះ នឹងបណ្តាលឲ្យប្រទេសជាតិរបស់ខ្លួនធ្លាក់ចូលយ៉ាងជ្រៅក្នុងអំពើពុករលួយ ការបំផ្លាញធនធានធម្មជាតិ ការបណ្តេញប្រជាពលរដ្ឋចេញពីដីធ្លី ដើម្បីតែប្រយោជន៍របស់ក្រុមជនមួយក្តាប់តូច និងការពង្រីកបណ្តាញដឹកនាំប្រទេសដើម្បីកាន់អំណាចឲ្យបានយូរឆ្នាំ៕ កង ប៊ុន