នាយករដ្ឋមន្ត្រីបារាំង លោក ហ្វ្រង់ស្វរ ហ្វីយ៉ុង
02-07-2011
បន្ទាប់ពីមានលិខិតផ្លូវការរបស់សមាជិកសភាបារាំង យ៉ាងហោចណាស់៣រូប ដែលបានស្នើឲ្យរដ្ឋាភិបាលបារាំង និងសហគមន៍អ៊ឺរ៉ុប ធ្វើអន្តរាគមន៍លើករណីនយោបាយរបស់មេបក្សប្រឆាំងសម រង្ស៊ី ដែលត្រូវបានតុលាការកម្ពុជាកាត់ឲ្យមានទោស១៤ឆ្នាំក្នុងបណ្តឹងចំនួន៣ដាច់ដោយឡែកពីគ្នា ប៉ុន្តែមានហេតុផលតែមួយ គឺធ្វើយ៉ាងណាដើម្បីបញ្ចប់ជីវភាពនយោបាយរបស់ លោក សម រង្ស៊ី ដែលកំពុងលេចធ្លោក្នុងការធ្វើសកម្មភាពការពារប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដីខ្មែរ នៅថ្ងៃនេះនាយករដ្ឋមន្ត្រីបារាំង លោក ហ្វ្រង់ស្វរ ហ្វីយ៉ុង បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាតាមគំរោងហើយ ដើម្បីជួបជាមួយថ្នាក់ដឹកនាំខ្មែរ។ ដំណើរទស្សនៈកិច្ចរបស់ លោក ហ្វ្រង់ស្វរ ហ្វីយ៉ុង មានរយៈពេល២ថ្ងៃ គឺថ្ងៃទី០២ ខែកក្កដានេះ និងនៅថ្ងៃទី០៣ ខែកក្កដាស្អែក។
នៅក្នុងសេចក្តីប្រកាសពត៌មានរបស់ស្ថានទូតបារាំង ដំណើរទស្សនៈកិច្ចនេះ ក្នុងបំណងដើម្បីពង្រឹងចំណងការទូតរវាងគ្នាទៅវិញទៅមក ក្នុងនោះគេរំពឹងថា បារាំងនឹងលើកយកករណីរបស់លោក សម រង្ស៊ី មកជជែកពិភាក្សាគ្នាជាមួយមេដឹកនាំខ្មែរ ព្រោះលោក សម រង្ស៊ី គឺជាបុគ្គលដ៏សំខាន់ ក្នុងការជួយជ្រោមជ្រែងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឲ្យធ្វើដំណើរទៅមុខ ប្រឆាំងរបបផ្តាច់ការ ដែលកម្ពុជាខ្លួនឯងបានយល់ព្រមទទួលយកគំរូនេះ តាំងពីឆ្នាំ១៩៩១ តាមរយៈសន្ធិសញ្ញាក្រុងប៉ារីសដែលបារាំងនៅពេលនោះ ជាសហប្រធានជាមួយប្រទេសឥណ្ឌូនេស៊ី។
បារាំងមានកាតព្វកិច្ចពិនិត្យមើលការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១ ព្រោះបារាំងក្រៅ ពីតួនាទីជាសហប្រធាន បារាំងក៏ជាប្រទេសផ្តល់ជំនួយដ៏សំខាន់មួយរបស់កម្ពុជាផងដែរ។ វាមិន មែនជារឿងចៃដន្យនោះទេ ដែលបារាំងនៅពេលនេះបានមកកាន់ប្រទេសកម្ពុជាក្នុងនាមប្រទេសបារាំងផ្ទាល់ និងក្នុងនាមសហគមន៍អ៊ឺរ៉ុបទាំងមូល។ ចំពោះស្ថានការណ៍នយោបាយក្នុងប្រទេស អវត្តមានមេបក្សប្រឆាំង សម រង្ស៊ី ទំនងជាកម្មវត្ថុមួយដ៏សំខាន់ក្នុងការលើកយកមកជជែកគ្នា ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីធានាធ្វើយ៉ាងណាឲ្យលោក សម រង្ស៊ី បានវិលត្រឡប់មកកាន់ ប្រទេសកម្ពុជាវិញមុនការបោះឆ្នោតខាងមុខ និងត្រូវបញ្ចប់សកម្មភាពគំរាមកំហែងនយោបាយមកលើរូបលោក សម រង្ស៊ី តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍។
ក្នុងរវាង៣ខែចុងក្រោយនេះសមាជិកសភាបារាំង យ៉ាងហោចណាស់៣រូប បានស្នើឲ្យរដ្ឋាភិបាលបារាំង តាមរយៈលោក អាឡាំង ហ្សូពេ រដ្ឋមន្ត្រីការបរទេសបារាំង និងអ៊ឺរ៉ុបត្រូវសំដែងជំហរច្បាស់លាស់ចំពោះការលូកដៃក្នុងរឿង ដែលរដ្ឋាភិបាលកម្ពុជាបានធ្វើទុក្ខបុកម្នេញមេបក្សប្រឆាំង ដែលជាដៃគូ ធ្វើឲ្យតំណែងនាយករដ្ឋមន្ត្រី របស់លោក ហ៊ុន សែន មានការរង្គោះរង្គើ តាមរយៈ ប្រជាប្រិយភាពរបស់លោក ក្នុងការដឹកនាំគណបក្សប្រឆាំង។ ក្នុងចំណោមនោះលោក អង់ដ្រេ វ៉ាលីនី នៅក្នុងលិខិតចុះថ្ងៃទី២៧ខែឧសភារបស់លោក បានជំរុញឲ្យបារាំង ក្នុងនាមអ៊ឺរ៉ុបផងនោះ ត្រូវពិនិត្យឡើងវិញចំពោះការអនុវត្តសន្ធិសញ្ញាក្រុងប៉ារីសឆ្នាំ១៩៩១ ដើម្បីទប់ស្កាត់ការវិល ត្រឡប់មកវិញនៃរបបផ្តាច់ការនៅកម្ពុជា។
ការភ័យខ្លាចចំពោះវត្តមានរបស់មេបក្សប្រឆាំង គឺជាសញ្ញាណដ៏អវិជ្ជមាន ចំពោះការគោរពលទ្ធិប្រជាធិបតេយ្យ ដែលធានាសិទ្ធិសេរីភាពនយោបាយរបស់បក្សនយោបាយ និងប្រជាពលរដ្ឋ។
លោក អង់ដ្រេ វ៉ាលីនី បានបញ្ជាក់ថា បារាំងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្រើប្រាស់បណ្តឹងបរិហារកេរ្តិ៍ដើម្បីជាលេសដកអភ័យឯកសិទ្ធសភារបស់អ្នកតំណាងរាស្ត្រ។ លោកថាសន្ធិសញ្ញាក្រុងប៉ារីសឆ្នាំ១៩៩១ ធានាសិទ្ធិខាងនយោបាយពហុបក្ស និងធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គ្មានការគំរាមកំហែង រួមទាំងការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន។ ប៉ុន្តែផ្ទុយទៅវិញអ្វី ដែលរដ្ឋាភិបាលកម្ពុជា ដឹកនាំអំណាចដោយគណបក្សប្រជាជនកម្ពុជាកំពុងធ្វើមានការឆ្គាំឆ្គង ដែលត្រូវតែបញ្ឈប់ជាបន្ទាន់។ ក្នុងន័យនេះលោកបញ្ជាក់ថា បារាំងគួរតែមានវិធានការណ៍ណាមួយផងដែរ ដើម្បីធានាថារដ្ឋាភិបាលកម្ពុជា មិនបានអនុវត្តផ្ទុយពីកិច្ចព្រមព្រៀងក្រុងប៉ារីស ស្តីពីដំណើរការនយោបាយស្របតាមជំហរលទ្ធិប្រជាធិបតេយ្យ។
ប្រជាពលរដ្ឋខ្មែរ ដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព បានផ្តល់ការសង្ឃឹមយ៉ាងខ្លាំងចំពោះវត្តមានរបស់នាយករដ្ឋមន្ត្រីបារាំងនៅកម្ពុជាពេលនេះ ថានឹងអាចកែប្រែវាសនាប្រទេសកម្ពុជា តាមរយៈការអន្តរាគមន៍ឲ្យមានការបើកផ្លូវ ឲ្យលោកសមរង្ស៊ីបានវិលត្រឡប់មក ប្រទេសកម្ពុជាវិញក្នុងពេលយ៉ាងឆាប់រហ័សនេះ ព្រោះគណបក្ស សម រង្ស៊ី ដែលមានលោកប្រធាន សម រង្ស៊ី ជាស្ថាបនិកជាក្តីសង្ឃឹមតែមួយគត់របស់រាស្ត្រខ្មែរ។
គួររំលឹកផងដែរថាកាលពីខែឧសភា អំឡុងពេលទស្សនៈកិច្ចក្រៅផ្លូវការមកកាន់ប្រទេសកម្ពុជា លោកស្រី ស៊ែស៊ីលីយ៉ា វីគស្រ្តូម សមាជិកសភាប្រទេសស៊ុយអែត និងជាសមាជិកសភាសហគមន៍អ៊ឺរ៉ុប បានអះអាងថា លោកស្រីនឹងជំរុញឲ្យ លោកប្រធាន សម រង្ស៊ី បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដើម្បីចូលរួមក្នុងការងារឃោសនាបោះឆ្នោត នាពេលខាងមុខដាច់ខាត៕ កង ប៊ុន