Wednesday 10 August 2011

ទំព័រដើម សកម្មភាព

គណបក្សសមរង្ស៊ី ប្រកាសសុពលភាពប្រធានក្រុមប្រឹក្សាគណបក្សខេត្តស្វាយរៀង

ប្រជាពលរដ្ឋ និងសកម្មជនគណបក្សសមរង្ស៊ី ក្នុងខេត្តស្វាយរៀង បានចូលរួមក្នុងពិធីមួយកាល ពីថ្ងៃសៅរ៍ទី០២ ខែកក្កដា កន្លងទៅ ក្រោមការរៀបចំដោយគណបក្សសមរង្ស៊ីខេត្ត ដើម្បី​ស្វាគមន៍​វត្តមានមេបក្ស ខេត្តថ្មី ដែលត្រូវចូលកាន់តំណែង។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី ដូចជា លោក គង់ គាំ ប្រធានស្តីទី​គណបក្ស លោក ហូរ វ៉ាន់ អគ្គលេខាធិការងគណបក្ស លោក ស៊ុន ឆ័យ ប្រធានក្រុមអ្នកតំណាង រាស្ត្រគណបក្ស សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នកតំណាងរាស្ត្រ និងលោក ឃី វណ្ណដេត អ្នក​តំណាងរាស្រ្ត លោក សេង ម៉ារឌី អតីតប្រធានក្រុមប្រឹក្សាគណបក្សខេត្តស្វាយរៀង និងលោក រៀល ខេមរិន្ទ្រ បេក្ខភាពប្រធានក្រុមប្រឹក្សាគណបក្សខេត្តស្វាយរៀងថ្មី។

លោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី បានថ្លែងថា ការផ្លាស់ប្តូរសមាសភាព ប្រធានក្រុមប្រឹក្សាគណបក្សថ្មីនេះ គឺប្រព្រឹត្តទៅក្រោមរូបភាព ភាតរភាព និងកិច្ចសហ​ប្រតិបត្តិការ​គ្នាទៅវិញទៅមក រវាងថ្នាក់ដឹកនាំគណបក្សទាំងថា្នក់លើ និងនៅក្នុងខេត្ត។ លោក​​បានបញ្ជាក់ថា សង្គមប្រជាធិបតេយ្យ ចាំបាច់ណាស់ទាមទារឲ្យមានការផ្លាស់ប្តូរ ការផ្លាស់ប្តូរគឺ នាំមកនូវការកាន់តែរីកចំរើនទៅមុខ ហេតុនេះហើយទើបគណបក្ស សម រង្ស៊ី បានធ្វើការផ្លាស់ប្តូរ ថ្នាក់ដឹកនាំខេត្តនៅទូទាំងប្រទេស ដូចដែលបានធ្វើនាពេលកន្លងមក។ ម្យ៉ាងទៀតលោក គង់ គាំ ក៏បានបញ្ជាក់បន្ថែមទៀតថា ដើម្បីធ្វើឲ្យគណបក្ស សម រង្ស៊ី ទទួលបានជោគជ័យពិតប្រាកដ ការផ្លាស់ប្តូរគឺជាយុទ្ធសាស្ត្រដ៏ល្អ សំរាប់ការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចបច្ចុប្បន្ន ក្នុងកាលៈទេសៈស្ថានការណ៍នយោបាយដូចសព្វថ្ងៃ។

មេដឹកនាំមិនអាចកាន់អំណាចយូរឆ្នាំបានទេ  បើកាលណាកាន់អំណាចកាន់តែយូរឆ្នាំ អំណាច​កាន់​តែចាក់ឬសជ្រៅ ជារូបភាពមិនល្អសំរាប់ការដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ ដូចការ​ដឹកនាំប្រទេសសព្វថ្ងៃ ដូចនេះ​ហើយទើបគណបក្ស សម រង្ស៊ី រៀបចំឲ្យមានការផ្លាស់​ប្តូរមេ​ដឹកនាំគណបក្សខេត្ត និងឈានទៅប្តូរមេដឹកនាំប្រទេសសព្វថ្ងៃ នៅក្នុងការបោះឆ្នោតនាពេល​ខាង​មុខជាក់ជាមិនខាន។

លោក ហូរ វ៉ាន់ អគ្គលេខាធិការរងគណបក្សបានកត់សំគាល់ថា ក្នុងមួយរយៈកាលកន្លងមក ការដឹកនាំគណបក្សនៅក្នុងខេត្ត មានការរីកចំរើន ដែលមានប្រជាពលរដ្ឋកាន់តែច្រើនបានងាក និងបន្តចូលរួមគាំទ្រនូវសកម្មភាព និងគោលនយោបាយរបស់គណបក្សសមរង្ស៊ី។ នេះជា ស្នាដៃរបស់មេដឹកនាំចាស់ ហើយគណបក្សមិនអាចបំភ្លេចបានទេ ដោយការកោតសរសើរខ្ពស់ និងខិតខំជំរុញឲ្យបន្តការអនុវត្តការងារដ៏ល្អនេះបន្ថែមទៀត​ ដើម្បីភាពធំធាត់រីកចំរើនរបស់ គណបក្ស ​សម រង្ស៊ី ដែលជាគណបក្សនយោបាយធំទី២ជាក្តីសង្ឃឹមតែមួយគត់របស់រាស្ត្រខ្មែរ។

លោកថាទោះបីជារូបភាពបង្ហាញពីភាពរីកចំរើនរបស់គណបក្សនៅក្នុងការដឹកនាំក៏ដោយ ប៉ុន្តែ ការផ្លាស់ប្តូរគឺជាសេចក្តីសំរេច និងជាយុទ្ធសាស្ត្ររបស់គណបក្សថ្នាក់ជាតិ ដែលត្រូវតែអនុវត្ត តាម ហើយវាគឺជាការចែករំលែកបទពិសោធន៍ របៀបដឹកនាំទៅវិញទៅមក។

លោក រៀល ខេមរិន្ទ្រ ប្រធានក្រុមប្រឹក្សាគណបក្សខេត្ត​ ដែលត្រូវទទួលតំណែងបន្ត បានធ្វើ​ការប្តេជ្ញា​បន្តការងាររបស់ប្រធានខេត្តចាស់ ហើយនឹងខិតខំធ្វើយ៉ាងណាជំរុញឲ្យគណបក្ស សម រង្ស៊ី កាន់តែរឹងមាំ និងរីកចំរើន ដើម្បីឈានទៅការដឹកនាំប្រទេសនាពេលខាងមុខ។ លោក រៀល ខេមរិន្ទ្រ ក៏បានសំដែងនូវការគាំទ្រ និងកោតសសើរខ្ពស់ចំពោះវីរភាព និងការដឹកនាំប្រកបដោយ ភាពជោគជ័យរបស់លោកប្រធាន សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ដែលជាអ្នកស្នេហា​ជាតិពិតប្រាកដ និងមានសមត្ថភាព។ វាជាគំរូ ដែលមេដឹកនាំគ្រប់រូបត្រូវអនុវត្តតាម ហើយលោក ក៏សំដែងនូវការដឹងគុណ ចំពោះថ្នាក់ដឹកនាំរបស់គណបក្ស សម រង្ស៊ី គ្រប់រូប ដែលបានចំណាយ ពេលវេលា និងធនធានដើម្បីបុព្វហេតុគណបក្ស និងប្រទេសជាតិទាំងមូល។ លោកថាការងារ ដែលលោកត្រូវអនុវត្តចាប់ពីពេលនេះតទៅ ជាការធ្វើដំណើរលើផ្លូវចាស់ ដែលមានស្រាប់ ដោយ​លោកគ្រាន់តែធ្វើការកែលំអរ និងបំពេញបន្ថែមចំណុចខ្លះៗប៉ុណ្ណោះ។ ដូចនេះអ្នកដែលគួរឲ្យ កោតសរសើរបំផុតដែរនោះ គឺអ្នក ដែលបានដឹកនាំគណបក្សខេត្ត ចាប់ពីការកកើតឡើងរហូត​មានរូបរាងដូចថ្ងៃនេះ។

បន្ទាប់ពីពិធីប្រគល់ត្រាសំគាល់គណបក្សខេត្ត លោកប្រធាន សម រង្ស៊ី ក៏បានចូលរួមសំណេះ សំណាលជាមួយថ្នាក់ដឹកនាំ និងសកម្មជនទាំងអស់តាមរយៈវីដេអូខន់ហ្វើរ៉េនពីប្រទេសបារាំង។ លោកប្រធាន សម រង្ស៊ី បានថ្លែងអំណរអរគុណចំពោះប្រធានក្រុមប្រឹក្សាខេត្តចាស់ ដែលត្រូវ​បានផ្លាស់ប្តូរ ដែលមានស្នាដៃ ក្នុងការកសាង និងរៀបចំរចនាសម្ព័ន្ធរបស់គណបក្សខេត្ត នាពេលកន្លងមក។ លោកថាគុណបំណាច់ទាំងនេះក្នុងនាមជាសហការីរបស់លោក លោកត្រូវ តែដឹងគុណ ហើយក៏នៅតែបន្តជំរុញឲ្យខិតខំអនុវត្តការងារបន្ថែមទៀត នៅក្នុងតួនាទីណាមួយ​ផ្សេងទៀត​ ដែលគណបក្សចាត់តាំង។ លោកក៏បានថ្លែងលើកទឹកចិត្តចំពោះអ្នកថ្មី ដែលត្រូវ ទទួលការងារបន្ត ថាត្រូវធ្វើយ៉ាងណាកុំឲ្យស្នាដៃ ដែលមានស្រាប់ត្រូវខូចខាត ឬបាត់បង់ មានន័យថាត្រូវតែពុះពារដើម្បីធ្វើឲ្យគណបក្សកាន់តែរីកចំរើន ព្រោះមានតែគណបក្ស សម រង្ស៊ី ទេដែលអាចនាំមកនូវការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជាបាន។ ដូចនេះគណបក្ស សម រង្ស៊ី ត្រូវតែធ្វើខ្លួនឲ្យរឹងមាំ និងកាន់តែខ្លាំពូកែ ដើម្បីយកជ័យជំនះជូនរាស្ត្រខ្មែរ តាមរយៈការប្រកួត​​ប្រជែងជាមួយគណបក្សកាន់អំណាចបច្ចុប្បន្ន​ ៕​ កង ប៊ុន

 

Related Posts