Wednesday 10 August 2011

ទំព័រដើម សកម្មភាព

ពលរដ្ឋខ្មែរត្រូវការឲ្យមានការផ្លាស់ប្តូរ ដូចក្នុងប្រទេសថៃ

04-07-2011

ការបោះឆ្នោតក្នុងប្រទេសថៃទើបតែបញ្ចប់ថ្មីៗនេះ។ លទ្ធផលបានបង្ហាញថា គណបក្សប្រឆាំង ភឿថៃបានឈ្នះសំលេងដ៏លើសលប់លើគណបក្សកាន់អំនាចពីមុន ដែលដឹកនាំដោយលោកអាប ភីស៊ីត។

ជោគជ័យរបស់គណបក្សភឿថៃ បានធ្វើឲ្យមានកំណត់ត្រាប្រវត្តិសាស្ត្រលើកដំបូងក្នុងប្រទេស ដែលរដ្ឋាភិបាលប្រទេសនេះដឹកនាំដោយស្ត្រី។

គណបក្សសមរង្ស៊ីបានសំដែងនូវការសាទរ ដ៏ស្ម័គ្រស្មោះចំពោះជោគជ័យរបស់គណបក្សប្រឆាំង ក្នុងប្រទេសថៃនាពេលនេះ។ ជោគជ័យរបស់អ្នកប្រឆាំងក្នុងប្រទេសថៃ គឺជាសញ្ញាណដ៏វិជ្ជមាន ចំពោះកំលាំងប្រឆាំងក្នុងប្រទេសកម្ពុជា ដែលមានវប្បធម៌ស្រដៀងគ្នា មានប្រទេសនៅក្បែរគ្នា។

គួរកត់សំគាល់ថាប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋថៃ ចង់ឲ្យមានការផ្លាស់ប្តូររបបដឹកនាំ ដោយ​ត្រូវជ្រើសរើសយកអ្នកថ្មី ជាសំលេងប្រឆាំងដែលដឹកនាំដោយអ្នកស្នេហាជាតិ ស្អាតស្អំ និងមាន​សមត្ថភាព។

ពលរដ្ឋខ្មែរ និងពលរដ្ឋថៃត្រូវការនូវភាពយុត្តិធម៌ក្នុងសង្គម ចង់ឲ្យមានការកាត់បន្ថយគំលាតរវាង​អ្នក​មាន និងអ្នកក្រ គំលាតរវាងប្រជាពលរដ្ឋអ្នកទីក្រុង និងអ្នកជនបទ និងចង់ឲ្យមាន​ការអនុវត្ត​ដោយជោគជ័យនូវគោលនយោបាយកាត់បន្ថយភាពក្រីក្រក្នុងប្រទេស ដែលគណបក្សកាន់​អំណាច ដឹកនាំដោយមនុស្សគ្មានសមត្ថភាពមិនអាចធ្វើបាន។

ទាំងអស់នេះហើយដែលធ្វើឲ្យមានការផ្លាស់ប្តូរក្នុងរបបនយោបាយប្រទេសថៃ ហើយវាក៏ជំរុញ​ឲ្យមានការផ្លាស់ប្តូរក្នុងប្រទេសកម្ពុជានាពេលខាងមុខផងដែរ។ ការបោះឆ្នោតក្នុងប្រទេស​កម្ពុជា​នឹងចូលមកដល់នៅឆ្នាំ២០១២ សំរាប់ការបោះឆ្នោតរើសមេដឹកនាំរដ្ឋាភិបាល។ ប្រជាពលរដ្ឋ​កម្ពុជា​នឹងធ្វើការផ្លាស់ប្តូរ ដោយសារលក្ខ័ណ្ឌ រស់នៅដ៏សែនលំបាកក្នុងរបបដឹកនាំបច្ចុប្បន្ន។ មានភាពអយុត្តិធម៌ ដែលធ្វើឲ្យប្រជាពលរដ្ឋត្រូវរស់នៅក្នុងសភាពភ័យខ្លាច ការរំលោភដីធ្លី ធ្វើដោយបុគ្គលមានអំណាចដើម្បីប្រយោជន៍ក្រុមខ្លួន ហើយមិនត្រូវបានយកចិត្តទុកដាក់ដោះ​ស្រាយ​ដោយសារតែមានជាប់ពាក់ព័ន្ធនឹងទំនាស់ផលប្រយោជន៍ ការបំផ្លាញទ្រព្យសម្បត្តិជាតិ ដោយមិនគិតពីអនាគតទ្រព្យសម្បត្តិទាំងអស់នោះ ដើម្បីតែប្រយោជន៍ខ្លួន ការបណ្តែតបណ្តោយ​ឲ្យប្រទេសជិតខាងឈ្លានពានដីខ្មែរ ដោយមិនប្រើប្រាស់វិធានការណ៍ដ៏មានប្រសិទ្ធភាព ការធ្វើ​ឲ្យ​មានគំលាតកាន់តែខ្ពស់រវាងអ្នកមាន និងអ្នកក្រ និងអំពើពុករលួយ ទាំងនេះជំរុញឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ដែលមានឪកាសត្រឹមតែប្រាំឆ្នាំម្តងប៉ុណ្ណោះ ត្រូវធ្វើការផ្លាស់ប្តូរតាមរយៈសន្លឹក​ឆ្នោត​របស់​ខ្លួន ដើម្បីស្វែងរកភាពយុត្តិធម៌សង្គម និងការរីកចំរើនពិតប្រាកដ ដោយជ្រើសរើស​យក​សំលេងគណបក្សប្រឆាំង ដែលមានសមត្ថភាព​និងស្នេហាជាតិពិតប្រាកដ ដូចការផ្លាស់ប្តូរ​ក្នុងប្រទេសថៃ។

ការដឹកនាំប្រទេស ដែលប្រកាន់បក្សពួក ដឹកនាំដោយ ឈ្មួញ អ្នកឧកញ៉ា ដែលមានប្រភពចេញពី គណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ មិនបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី​ទទួលបាន​យុត្តិធម៌​ពិតប្រាកដនោះទេ ផ្ទុយទៅវិញ ការរំលោភដីធ្លី ការបែងចែកទ្រព្យសម្បតិ្តជាតិ និងធម្មជាតិ កំពុងកើតមានឡើង ដើម្បីទាញយក ផលប្រយោជន៍ផ្ទាល់ខ្លួន និងធ្វើការបែងចែក​ឲ្យក្រុមបក្សពួករបស់ខ្លួនយ៉ាងសកម្ម និងមានការ លាក់កំបាំងបំផុត។ សកម្មភាពទាំងអស់នេះ​ហើយដែលធ្វើឲ្យអ្នកមានអំណាច និងបក្សពួករបស់គេកាន់តែមានទ្រព្យសម្បត្តិស្តុកស្តមទៅៗ ស្របពេលដែលប្រជាពលរដ្ឋខ្មែរខ្លះ រកអាហារបរិភោគស្ទើតែមិនបាន។ ទាំងអស់នេះហើយ ដែលជាហេតុផលដែលប្រជាពលរដ្ឋខ្មែរ ត្រូវធ្វើការផ្លាស់ប្តូរ។

គណបក្សសមរង្ស៊ីក្នុងកាលៈទេសៈណាក៏ដោយបានឈឺឆ្អាលចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច។ គេតែងបានសង្គេតឃើញវត្តមានរបស់តំណាងរាស្ត្រ និងតំណាងរបស់គណបក្ស ​សម រង្ស៊ី​ នៅគ្រប់ទីកន្លែង ចូលរួមជាមួយប្រជាពលរដ្ឋ​ ដើម្បីតស៊ូទាមទាររកយុត្តិធម៌ ប្រឆាំង អំពើជិះជាន់នានា និងការបណ្តេញប្រជាពលរដ្ឋ។ ទាំងក្នុងវេទិកានៅមូលដ្ឋាន និងក្នុងវេទិកា​ថ្នាក់ជាតិ គណបក្ស សម រង្ស៊ី បានចេញមុខធ្វើការតស៊ូមតិដ៏ប្តូរផ្តាច់ ដើម្បីការពារប្រជាពលរដ្ឋ និងទប់ស្កាត់ដាច់ខាតការប្រើប្រាស់កងកំលាំងធ្វើការគំរាមកំហែងពលរដ្ឋដោយហឹង្សា និងទប់​ស្កាត់ការវិលត្រឡប់មកវិញនៃរបបផ្តាច់ការ លើសពីនេះគណបក្ស សម រង្ស៊ី បានធ្វើសកម្មភាព​យ៉ាងសកម្មក្នុងការការពារទឹកដីខ្មែរទល់នឹងប្រទេសជិតខាង ដែលមានចេតនារំលោភចូលដីខ្មែរ ទាំងកំរោល និងវិធីត្រជាក់ក្តី។ គណបក្ស សម រង្ស៊ី ដឹកនាំដោយលោកប្រធាន សម រង្ស៊ី  ជាក្តីសង្ឃឹមតែមួយគត់របស់រាស្ត្រខ្មែរ។ គាំទ្រគណបក្ស សម រង្ស៊ី  នឹងមានការផ្លាស់ប្តូរ​ដ៏ធំនៅ​កម្ពុជា៕ កង ប៊ុន

 

Related Posts