ថ្ងៃទី២០ ខែកក្កដា នៅទីស្នាក់ការកណ្តាលថ្មីរបស់គណបក្សសមរង្ស៊ី ដែលគ្រោងនឹងធ្វើការសម្ពោធនៅប៉ុន្មានថ្ងៃទៀតនេះ មានកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី រាជធានី-ខេត្ត ទូលទាំងប្រទេស ដើម្បីជជែកពិភាក្សាគ្នាជុំវិញ ការចុះឈ្មោះបោះឆ្នោត និងការពិនិត្យ បញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១១ ដែលនឹងចូលមកដល់នៅពេលឆាប់ៗនេះ ហើយដំណើរការនោះ តែងបង្កបញ្ហាចំពោះប្រជាពលរដ្ឋ ពិសេសអ្នកដែលត្រូវបានសង្ស័យថាមិនគាំទ្រចំពោះគណបក្ស កាន់អំណាចសព្វថ្ងៃ ។ ពិធីនេះប្រព្រឹត្តក្រោមអធិបតីភាពលោកប្រធាន សម រង្ស៊ី តាមរយៈ វីដេអូខន់ហ្វឺរ៉េន ។
លោកស្រី កែ សុវណ្ណរ័ត្ន អគ្គលេខាធិការគណបក្ស សម រង្ស៊ី បានមានប្រសាសន៍ថា ការជួបជុំគ្នានេះ គឺមានសារៈសំខាន់ណាស់ ដោយសារតែកាលបរិច្ឆេទ ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតបានខិតជិតមកដល់ហើយ គឺនឹងធ្វើចាប់ពីថ្ងៃទី១ ខែកញ្ញា ខាងមុខ រហូតដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១១ ។ ហេតុនេះហើយទើបគណបក្ស សម រង្ស៊ី ត្រូវមានផែនការនិងវិធីសាស្រ្ត ដើម្បីការពារប្រជាពលរដ្ឋស្របច្បាប់ ដែលដល់អាយុបោះឆ្នោត និងត្រូវមានវិធានការណ៍ចំពោះករណីមិនប្រក្រតីទាំងឡាយណា ដែលកើតមាននៅក្នុងអំឡុង ពេលនោះ ។ លោកស្រី កែ សុវណ្ណរ័ត្ន បានបញ្ជាក់ទៀតថា បើកាលណាយើងអាចរក្សា បញ្ជីចុះឈ្មោះបោះឆ្នោតមួយដែលត្រឹមត្រូវ មានតម្លាភាពបានច្បាស់លាស់ នោះសំលេងឆ្នោត គំាទ្រគណបក្ស សម រង្ស៊ី នឹងមានការកើនឡើង ហើយជាការព្រួយបារម្ភ និងជាបទពិសោធ ធ្លាប់កើតឡើងនាពេលកន្លងមក អជ្ញាធរមូលដ្ឋានរបស់គណបក្សកាន់អំណាចសព្វថ្ងៃ តែងបាន បំប៉ោងសម្លេងអ្នកចុះឈ្មោះ ឲ្យខុសពីស្ថានភាពពិត ដោយអ្នកដែលដល់អាយុពិតប្រាកដ មិនអាចចុះឈ្មោះ ឬចុះឈ្មោះមិនបាន ហើយឈ្មោះខ្មោច និងឈ្មោះស្ទួនត្រូវបានបង្កើន ស្ទើគ្រប់បញ្ជី ។ លោកស្រីបានបញ្ជាក់ទៀតថាគណបក្ស សម រង្ស៊ី អាចប្រើប្រាស់កំលាំង ក្រុមប្រឹក្សាឃុំសង្កាត់ និងសកម្មជនរបស់គណបក្សនៅតាមមូលដ្ឋានគ្រប់ទីកន្លែង ដើម្បីធ្វើការ តាមដានលើការងារទាំងអស់នេះ ។
លោក គួយ ប៊ុនរឿន អគ្គលេខាធិការរងរបស់គណបក្ស សម រង្ស៊ី ទទួលបន្ទុកខាងកិច្ចការបោះឆ្នោតក៏បានបញ្ជាក់ ក្នុងអង្គប្រជុំប្រធានក្រុមការងារខេត្តរបស់គណបក្ស សម រង្ស៊ី ផងដែរថា បើទោះបីកាលបរិច្ឆេទចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតមានរយៈពេលយូរជាងមុន ប៉ុន្តែ គណបក្ស សម រង្ស៊ី នៅតែមានការប្រុងប្រយ័ត្ន ព្រោះគូរប្រជែងរបស់គណបក្សកាន់អំណាចសព្វថ្ងៃ ពិតប្រាកដគឺគណបក្ស សម រង្ស៊ី ដែលគណបក្សកាន់អំណាចមានការភ័យខ្លាច និងតែងរកគ្រប់វិធីដើម្បីធ្វើឲ្យសំលេងគាំទ្ររបស់គណបក្សប្រឆាំងមួយនេះថយចុះ តាមរយៈការរំខានមិនឲ្យប្រជាពលរដ្ឋ ដែលគេសង្ស័យថាមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាច ចុះឈ្មោះ មិនបាន ។ លើសពីនេះឈ្មោះជនអន្តោប្រវេសន៍ខុសច្បាប់ ពិសេសជនជាតិយួន ការបង្កើត ឲ្យមានឈ្មោះស្ទួន និងឈ្មោះខ្មោច នៅតែកើតមានច្រើននៅរៀងរាល់រដូវកាលចុះឈ្មោះបោះឆ្នោត ហើយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនដែលបានដោះស្រាយដោយជោគជ័យមកគណបក្ស សម រង្ស៊ី ដែលជាដើមបណ្តឹងនោះទេ ។ លើសពីនេះត្រូវតែមានក្រុមការងាររបស់គណបក្សដើម្បីផ្សព្វផ្សាយពត៌មានអំពីការចុះឈ្មោះបោះឆ្នោត និងជំរុញឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបានគ្រប់គ្នា ។
ដោយឡែកសំរាប់លោក ហូរ វ៉ាន់ ប្រធានក្រុមការងារគណបក្សរាជធានីភ្នំពេញបានលើកឡើង ជាក្តីបារម្ភថា ប្រជាពលរដ្ឋមួយចំនួនទំនងជាមិនអាចចុះឈ្មោះបោះឆ្នោត និងមានការលំបាកទៅចុះឈ្មោះបោះឆ្នោត ដែលភាគច្រើនគឺក្រុមប្រជាពលរដ្ឋត្រូវបានបណ្តេញចេញពីដីធ្លី ក្នុងរាជធានីភ្នំពេញ និងអ្នកដែលមានទីលំនៅមិនច្បាស់លាស់ ពោលគឺអ្នកចំណាកស្រុកដែលមកធ្វើការងារក្នុងរាជធានីភ្នំពេញ ហើយកំពុងស្នាក់នៅក្នុងផ្ទះជួល ឬរស់នៅតាមសហគ្រាសតូចៗមួយចំនួន។ កត្តាទាំងអស់នេះផងដែរ ក៏ជាបញ្ហាដែលធ្វើឲ្យការចុះឈ្មោះបោះឆ្នោតក្នុងរាជធានីភ្នំពេញ មិនមានតម្លាភាព និងមិនពេញលេញ ដែលត្រូវតែមានការចាត់វិធានការណ៍ដោះស្រាយ ដើម្បីធានាឲ្យក្រុមប្រជាពលរដ្ឋទាំងនោះបានចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា និងមានឈ្មោះក្នុងបញ្ជីត្រឹមត្រូវ។ លោកបានរំលឹកឲ្យមន្ត្រី ដែលមានតួនាទីតាមដានការចុះឈ្មោះ និងពិនិត្យបញ្ជី ឈ្មោះបោះឆ្នោតទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់គ្រប់ពេលវេលា ពិសេសពេលដែលគិត ថាគេអាចឆ្លៀតពេលនោះធ្វើការបន្លំឈ្មោះប្រជាពលរដ្ឋ ឬចុះឈ្មោះជនជាតិវៀតណាមខុសច្បាប់។ ម្យ៉ាងទៀតក៏ត្រូវធ្វើអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ ដែលចង់ចុះឈ្មោះបោះឆ្នោតហើយខ្វះលិខិតបញ្ជាក់អត្តសញ្ញាណ ដោយធានាថាពួកគាត់ជាប្រជាពលរដ្ឋស្របច្បាប់ មានទីលំនៅពិតប្រាកដ និងអាចបោះឆ្នោតបាន។
សំរាប់លោក អេង ឆៃងអ៊ាង ប្រធានក្រុមការងារគណបក្សខេត្តកណ្តាលក៏បានស្នើសុំឲ្យមានការបង្កើតក្រុមការងារសំរាប់សង្កេតការណ៍លើការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត។ លោកថា ត្រូវតែមានការបណ្តុះបណ្តាល និងបំពាក់បំប៉នស្មារតីដល់ពួកគេទាំងនោះ ដើម្បីធានា ការអនុវត្តការងារមានប្រសិទ្ធភាពខ្ពស់។
នៅក្នុងកិច្ចប្រជុំនោះផងដែរ លោកប្រធាន សម រង្ស៊ី បានថ្លែងតាមរយៈវីដេអូខន់ហ្វឺរ៉េន ដោយលើកទឹកចិត្តឲ្យថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្សទាំងអស់ ពិសេសក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្ស សម រង្ស៊ី ឲ្យពង្រឹងការយកចិត្តទុកដាក់លើការងារនេះ ព្រោះការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះក្នុងឆ្នាំនេះ ដែលនឹងចូលមកដល់នៅថ្ងៃទី១កញ្ញា ដល់ថ្ងៃទី១៥តុលា គឺជាការចុះឈ្មោះចុងក្រោយ សំរាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលប្រព្រឹត្តឡើងក្នុងឆ្នាំ២០១២ និងឈានទៅការបោះឆ្នោតរើសអ្នកតំណាងរាស្ត្រនៅឆ្នាំ២០១៣។ លោកប្រធាន សម រង្ស៊ី បានថ្លែងដោយបញ្ជាក់ថា អំឡុងពេលនោះ លោកមានជំនឿយ៉ាងមុតមាំ ចំពោះថ្នាក់ដឹកនាំ ពិសេសក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្ស សម រង្ស៊ី ទាំងអស់ ដែលត្រូវធ្វើការងារដោយផ្ទាល់ រួមជាមួយសកម្មជនរបស់គណបក្ស សម រង្ស៊ី នៅតាមភូមិ ឃុំ ពិតជាអាច សំរេចការងារនេះបានដោយជោគជ័យ ដើម្បីបុព្វហេតុគណបក្ស និងប្រទេសជាតិទាំងមូល។ លោកបានអំពាវនាវឲ្យសកម្មជនរបស់គណបក្សទាំងអស់ត្រូវចូលរួមតាមដានការចុះឈ្មោះបោះឆ្នោតលើកនេះ ហើយក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលដល់អាយុបោះឆ្នោតទៅចុះឈ្មោះឲ្យបានគ្រប់គ្នា និងទៅពិនិត្យបញ្ជីឈ្មោះនៅតាមមណ្ឌលរៀងខ្លួន។ នៅពេលមានបញ្ហា សូមរកតំណាងរបស់គណបក្ស សម រង្ស៊ី នៅតាមមណ្ឌលនីមួយៗដើម្បីធ្វើអន្តរាគមន៍ ៕