យ៉ាងហោចណាស់មានប្រាក់ចំណូលប្រមាណពី៤០ ទៅ ៥០លានដុល្លាសហរដ្ឋអាមេរិក ដែលបានមកពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត ត្រូវបានបាត់បង់ ស្របពេល ដែលប្រាក់បានមកពីវិស័យនេះប្រមាណតែ២លានដុល្លាសហរដ្ឋអាមេរិកប៉ុណ្ណោះ ត្រូវបានបញ្ជូលជាថវិកាជាតិជារៀងរាល់ឆ្នាំ។
លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានពន្យល់អំពីរឿងនេះដោយបញ្ជាក់ថាចំនួនទឹកប្រាក់ ដែលបាត់បង់ត្រូវធ្លាក់ចូលក្នុងហោប៉ៅជនពុករលួយ និងក្រុមបក្សពួករបស់គេ រួមទាំងក្រុមហ៊ុនឯកជន ដែលស្និទ្ធជាមួយអ្នកដឹកនាំ ហើយទទួលបានសិទ្ធិ គ្រប់គ្រង និងលក់សំបុត្រចូលតំបន់អង្គរ។ លោកថាការទទួលបានសិទ្ធិគ្រប់គ្រងការចូលទៅទស្សនាតំបន់អង្គររដ្ឋាភិបាលមិនបានធ្វើឲ្យមានតម្លាភាព តាមរយៈការដាក់ដេញថ្លៃជាសាធារណៈនោះទេ ដោយធ្វើរបៀបលាក់កំបាំង និងមានការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ។ ការឃុបឃិតគ្នា និងការមិនដាក់ឲ្យដេញថ្លៃនេះហើយជាមូលហេតុ ដែលធ្វើឲ្យប្រាក់ចំនូលពីតំបន់អង្គរត្រូវបាត់បង់យ៉ាងសន្ធឹកសន្ធាប់យ៉ាងដូច្នេះ។
ទោះបីមានការគណនាតាមបែបវិទ្យាសាស្ត្រ ដោយផ្អែកលើចំនួននៃភ្ញៀវទេសចរ និងតំលៃសំបុត្ររកឃើញថាប្រាក់ចំណូលមកពីតំបន់អង្គរត្រូវបានបាត់បង់ដោយគ្មានការទទួលខុសត្រូវ ប៉ុន្តែសំរាប់របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថាក្រុមហ៊ុនរបស់លោក ឧកញ៉ាសុខគង់លក់សំបុត្រទស្សនាប្រាសាទបានតែប្រមាណ៤លានដុល្លាប៉ុណ្ណោះ ដែលផ្ទុយពី ការគណនាជាក់ស្តែង។ លោកបានលើកជាអនុសាសន៍ថា ដើម្បីធានាប្រាក់ចំណូលប្រចាំឆ្នាំចូល ថវិការរបស់ជាតិ រដ្ឋាភិបាលកម្ពុជាត្រូវតែមានវិធានការណ៍ និងត្រូវបង្ហាញពីឆន្ទៈពិតប្រាកដក្នុង ការប្រមូលថវិការនេះ។ លោកថា រាល់គំរោងនានា រដ្ឋាភិបាលត្រូវតែធ្វើឲ្យមានតម្លាភាព ដោយត្រូវដាក់ឲ្យមានការដេញថ្លៃជាសាធារណៈ និងត្រូវតាមដានការប្រមូលចំណូលឲ្យបានត្រឹមត្រូវ។
កន្លងមកគណបក្ស សម រង្ស៊ី តែងបានធ្វើការតស៊ូមតិជំរុញឲ្យរដ្ឋាភិបាលធ្វើការលាតត្រដាងជាសាធារណៈនូវរបាយការណ៍ចំណូល ដែលទទួលបានពីគំរោងអភិវឌ្ឍនានា ដែលកំពុង ប្រតិបត្តការ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានគំរោងគ្រប់គ្រងលើតំបន់អង្គរផងដែរ។ លោកថា រដ្ឋាភិបាលមិនដែលបានយកចិត្តទុកដាក់ និងឆ្លើយតបទៅតាមសំណើររបស់អ្នកតំណាងរាស្ត្រ គណបក្សសមរង្ស៊ីនោះទេ បើទោះបីរដ្ឋធម្មនុញ្ញខ្មែរបានចែងយ៉ាងច្បាស់ពីតួនាទីរបស់រដ្ឋាភិបាល ក្នុងការធានាឆ្លើយតបមកសមាជិកសភាក៏ដោយ។ តាមរយៈនេះផងដែរ បានបង្ហាញឲ្យឃើញពី ភាពកំសោយនៃស្ថាប័នសភា ដែលជាហេតុធ្វើឲ្យរដ្ឋាភិបាលហ៊ានធ្វើសកម្មភាព តាមរបៀបបិទ បាំងតាមអំពើចិត្ត។
សូមបញ្ជាក់ថាដោយសារកម្ពុជាខ្វះច្បាប់ស្តីពីសិទ្ធទទួលបានពត៌មាន បានធ្វើឲ្យប្រជាពលរដ្ឋ សូម្បីតែអ្នកតំណាងរាស្ត្រ មិនដែលបានទទួលពត៌មាន ពីសេចក្តីសំរេចរបស់រដ្ឋាភិបាលលើការផ្តល់គំរោងអភិវឌ្ឍនានាទៅឲ្យក្រុមហ៊ុនឯកជន និងយន្តការក្នុងការប្រមូលប្រាក់ចំណូល។ ប្រាក់ ទាំងនោះបានហូរចេញពីថវិការជាតិ ដោយទំនងធ្លាក់ចូលក្នុងកណ្តាប់ដៃជនពុករលួយ និងក្រុមបក្សពួករបស់គេ ដែលជាអ្នកមានអំណាច ហើយគំរោងមួយចំនួនទំនងត្រូវបានធ្លាក់ចូលក្នុង កណ្តាប់ដៃអ្នកដែលស្និទ្ធ នឹងអ្នកមានអំណាច ដែលធ្វើឲ្យកម្ពុជានៅតែមិនអាចប្រមូលប្រាក់ចំណូលបានតាមភាពជាក់ស្តែង ៕