នៅទីស្នាក់ការកណ្តាលរបស់គណបក្ស សម រង្ស៊ី នាថ្ងៃពុធទី២៧ ខែកក្កដា មានរៀបចំសិក្ខាសាលា ជាមួយកម្មវិធីអភិវឌ្ឍន៏សហប្រជាជាតិ UNDP ដើម្បីផ្សព្វផ្សាយអំពីលទ្ធផល នៃការស្រាវជ្រាវមួយធ្វើឡើងដោយកម្មវិធីនេះ ដោយផ្តោតសំខាន់លើបញ្ហាយុវជន និងការចូលរួម ។
សិក្ខាកាមចូលរួមមានតំណាងយុវជនទូទាំងរាជធានីភ្នំពេញ រួមទាំងតំណាងចលនាស្ត្រីរបស់គណបក្ស សរុបប្រមាណ៥០នាក់ ។
ការសិក្សាអំពីការចូលរួមរបស់យុវជនកម្ពុជា និងការទទួលបានចំណេះដឹងពីប្រព័ន្ធផ្សព្វផ្សាយ ទៅលើអ្វីទៅហៅថាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ត្រូវបានរៀបចំឡើងដោយ BBC WORLD SERVICE TRUST ដែលបានទទួលការឧបត្ថម្ភថវិកាដោយ UNDP ក្នុងឆ្នាំ២០១០ ។ ការសិក្សានេះត្រូវបានរួមបញ្ចូលវិធីសាស្ត្រចំនួន២គឺ បែបគុណវិស័យ និងបរិមាណវិស័យ ដែលផ្នែកទាំងពីរនេះបំពេញព័ត៌មានឲ្យគ្នាទៅវិញទៅមក ។ ទិន្នន័យទាំងអស់ប្រមូលបានមកពីការធ្វើសំភាសន៏ផ្ទាល់ជាមួយយុវជនប្រមាណ២០០០នាក់ អាយុចន្លោះពី ១៥-២៤ឆ្នាំ រស់នៅក្នុងតំបន់ចំនួន៥ រួមមានភ្នំពេញ តំបន់វាលរាប តំបន់ឆ្នេរ តំបន់ទន្លេសាប និងតំបន់ភ្នំ។
យុវជនទាំងអស់ផ្តល់នូវចំលើយខុសគ្នាអំពីពាក្យចំនួន៣ គឺសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការចូលរួមរបស់ប្រជាពលរដ្ឋ ដែលរកឃើញថា យុវជនភាគច្រើនមិនបានដឹងពីពាក្យទាំងនេះទេ ។ យុវជន១ភាគ៤ ឆ្លើយថាមិនដឹងពីអត្ថន័យនៃពាក្យទាំងនេះ ហើយអ្នកដែលបានដឹងគឺតាមរយៈការបណ្តុះបណ្តាលនៅសាលា ដែលមានចំនួនប្រមាណ១ភាគ៤ដែរ ស្របពេលដែលមានអ្នកខ្លះបានឆ្លើយនូវការចោទសួរសំនួរទាំងនេះ ដោយច្របូកច្របល់។
បើទោះបីជាមានយុវជនភាគច្រើនបានស្គាល់ពាក្យថាក្រុមប្រឹក្សាឃុំ-សង្កាត់ ប៉ុន្តែពួកគេមិនបានដឹងថាតើ ស្ថាប័ននេះមានតួនាទីធ្វើអ្វីទេ ហើយរដ្ឋសភាក៏ដូច្នេះដែរ មានតែ១ភាគ៣នៃយុវជនដែលបានសំភាសន៏ប៉ុណ្ណោះបានដឹងថាស្ថាប័ននេះមានតួនាទីធ្វើអ្វី ។
អំពីពាក្យតម្លាភាព និងគណនេយ្យភាព យុវជនភាគតិចបំផុតបានយល់អំពីពាក្យនេះ ប៉ុន្តែអ្នកភាគច្រើនបានទទូចចង់ឲ្យឃើញមានការតែងតាំងមន្ត្រីចូលបំរើការងារក្នុងស្ថាប័នរដ្ឋ ត្រូវឈរលើ គុណសម្បត្តិជាជាងបញ្ហាបក្សពួក ។
ជាអនុសាសន៍ ការស្រាវជ្រាវបានលើកឡើងថា ត្រូវតែមានការបង្កើនការយល់ដឹងអំពីអត្ថន័យ គោលគំនិតនៃលទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ច និងការពាក់ព័ន្ធពលរដ្ឋក្នុងការងារសាធារណៈ ។ លើសពីនេះក៏ត្រូវបង្កើនការចេះដឹងរបស់យុវជន អំពីតួនាទីរបស់ស្ថាប័នសំខាន់ៗ ពិសេសតួនាទីរបស់ ថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ជាតិ ។
នៅក្នុងកិច្ចពិភាក្សា និងការចាប់អារម្មណ៍របស់អ្នកចូលរួម សិក្ខាកាមទាំងអស់បានស្នើឲ្យ UNDP បង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យយុវជន ដែលក្នុងមួយអណត្តិ នៃរដ្ឋាភិបាលមានយុវជន ជាងមួយលាននាក់ ។ ការបង្កើនការចូលរួមរបស់យុវជន គឺជាឪកាសដើម្បីឲ្យពួកគេទទួលបានការអប់រំ និងចំណេះដឹងជាមូលដ្ឋានអំពីបញ្ហាសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យ ។ តំណាងយុវជនគណបក្ស សម រង្ស៊ី ក៏ បានទទូចឲ្យមានការចូលរួមឧបត្ថម្ភដល់សកម្មភាពរបស់យុវជនគណបក្ស សម រង្ស៊ី ផងដែរ ព្រោះយុវជនរបស់គណបក្ស សម រង្ស៊ី មានគំរោងផែនការសកម្មភាពជាច្រើនដើម្បីជម្រុញការចូលរួមរបស់យុវជននៅទូទាំងប្រទេស ដែលត្រូវការការគាំទ្របន្ថែម ។
ការសិក្សានេះពិតជាមានសារៈសំខាន់ ដើម្បីវាស់ស្ទង់ចំណេះដឹងរបស់យុវជនកម្ពុជា ប៉ុន្តែសិក្ខាកាមទាំង អស់បានស្នើឲ្យមានការរៀបចំទ្រង់ទ្រាយធំ និងទូលំទូលាយជាងនេះ ដែលអាចឆ្លុះបញ្ចំាងឲ្យឃើញពី ឆន្ទៈ និងចំណេះដឹងរបស់យុវជនជារួម ។
យុវជនជាសរសរទ្រូងរបស់ប្រទេសជាតិ ប៉ុន្តែយុវជននៅកម្ពុជា នៅមានកំរិតការយល់ដឹងទាប ដែលភាគច្រើនជាក្រុមប្រជាពលរដ្ឋរស់នៅតំបន់ឆ្ងាយពីរាជធានីភ្នំពេញ និងនៅតាមតំបន់ដាច់ស្រយាល ។
គេបានស្តីបន្ទោសការខ្វះខាតដ៏ធំនេះ គឺជាកំហុសឆ្គងរបស់រដ្ឋាភិបាលកម្ពុជា ដោយសារតែការមិនឲ្យតំលៃលើក្រុមយុវជន។
រដ្ឋាភិបាលពុំមានគោលនយោបាយច្បាស់លាស់ក្នុងការអភិវឌ្ឍធនធានយុវជនរបស់កម្ពុជានោះឡើយ ស្របពេលដែលការភ្លើតភ្លើន ការប្រឡូកដោយមិនយល់ដឹង លើការប្រើប្រាស់ គ្រឿងញៀន មានការកើនឡើងច្រើន។
យុវជនមួយចំនួនបានបញ្ចប់ការសិក្សារបស់ខ្លួនទាំងកំរិតទាប ដោយយោងទៅលើបទពិសោធន៍របស់ អ្នកមុនដែលរៀនចប់គ្រប់គ្រាន់ហើយមិនមានការងារធ្វើ។
ការបង្កើនការងារជូនដល់យុវជន ក៏ជាការលើកទឹកចិត្តដ៏ធំធេងផងដែរ សំរាប់ជម្រុញឲ្យយុវជនមានការ ចូលរួម និងទទួលបានចំណេះដឹងខ្ពង់ខ្ពស់។ គណបក្ស សម រង្ស៊ី មានគោលនយោបាយច្បាស់លាស់ក្នុង ការបង្កើតការងារដល់យុវជននេះ ។