បើយើងរំលឹងឡើងវិញពីការតវ៉ារបស់កម្មកររោងចក្រមិថុនា ក្រោយថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១១ បន្ទាប់ពីរោងចក្រកាត់ដេរ ជួនតិចថាលយ៍ ហៅមិថុនា១នេះ ត្រូវបានភ្លើងឆេះ គេនឹងបានមើល ឃើញនូវការតស៊ូយ៉ាងស្វិតស្វាញ និងសាមគ្គីភាពជាធ្លុងមួយរវាងកម្មករ សហជីព និងអ្នកតំណាងរាស្រ្តនៃគណបក្សសមរង្ស៊ី ដែលរហូតមកទល់ពេលនេះ បានវាយបំបែកឧបសគ្គគឺការគេចវេសមិនទទួលខុសត្រូវចំពោះកម្មករទទួលបានជោគជ័យ។
បន្ទាប់ពីទទួលបានដំណឹងពីការតវ៉ារបស់កម្មកររោងចក្រមិថុនា អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី ដែលដឹកនាំដោយលោកហូរវ៉ាន់ និងលោកស្រីមួរសុខហួរ បានចុះទៅជួបកម្មករ និងធ្វើអន្តរាគមន៍បើទោះបីជាមានការមមាញឹកក្នុងការងារជាអ្នកតំនាងរាស្ត្រយ៉ាងណាក៏ដោយ។
គ្រប់ពេលវេលា ដែលមានការលេចលឺថា កម្មករបានជួបជុំគ្នាធ្វើការតវ៉ា អ្នកតំណាងរាស្ត្រនៃគណបក្សសមរង្ស៊ីតែងបានទៅផ្ទាល់ដើម្បីតាមដាន និងធ្វើអន្តរាគមន៍ រួមគ្នាប្រយុទ្ធប្រឆាំងជាមួយក្រុមថៅកែខិលខូច ដែលមានចេតនារំលោភលើកម្មករ ដោយមិនគោរពច្បាប់ការងារ។
ការតវ៉ាបានកើតមានឡើងជាបន្តបន្ទាប់ នៅក្នុងបរិវេណរោងចក្រមិថុនា ធ្វើដោយក្រុមកម្មករ ដែលមានគ្នាសរុបប្រមាណ៤០០០នាក់ បើទោះបីជាមានការរារាំង និងការគំរាមកំហែង ប្រើហឹង្សា រួមទាំងការចាប់តំនាងកម្មករ ដោយកងកំលាំងប្រដាប់អាវុធការពារក្រុមហ៊ុន។
អជ្ញាធរមូលដ្ឋាន អ្នកតំណាងរាស្ត្រគណបក្សកាន់អំនាច មិនបានចេញមុខមកការពារដល់កម្មករ នោះទេ ក្រៅពីក្រុមសហជីពការងារ និងតំណាងរាស្ត្រគណបក្សប្រឆាំងសមរង្ស៊ី ផ្ទុយទៅវិញថ្នាក់ដឹកនាំរដ្ឋាភិបាលបែរជាព្យាយាមរិះគន់ និងចោទប្រកាន់មកលើក្រុមសហជីព និងគណបក្សប្រឆាំង ថាការពារប្រជាពលរដ្ឋដោយខុសច្បាប់ទៅវិញ។
ជាលទ្ធផលក្រោយការសាមគ្គីគ្នាយ៉ាងរឹងមាំរវាង កម្មករ សហជីព និងគណបក្សសមរង្ស៊ី ចុងក្រោយនេះ ក្រុមប្រឹក្សាអជ្ញាកណ្តាលបានសំរេច បង្គាប់ឲ្យរោងចក្រត្រូវបង់ប្រាក់សំណង ដល់កម្មករតាមការស្នើសុំ ដែលមានអ្នកខ្លះនឹងទទួលបានប្រាក់ប្រមាណ២០០០ដុល្លាសហរដ្ឋអាមេរិកដោយយោងទៅលើអតីតភាពការងាររបស់ខ្លួន។
ចាប់ពីថ្ងៃទី៣០ ខែកក្កដា២០១១នេះទៅ កម្មករទាំងអស់នឹងត្រូវមកទទួលយកប្រាក់ឧបត្ថមរបស់ខ្លួន។ ពួកគាត់បានសម្តែងការសាទរ និងសប្បាយរីករាយបំផុត។ លោកស្រីផេងជូ តំណាងកម្មករ បានថ្លែងអំណរគុណ ចំពោះការចូលរួមគ្រប់ភាគីទាំងអស់ ដែលបានជួយគាំទ្រ និងធ្វើការតស៊ូ ជាមួយកម្មករ រហូតទទួលបានជោគជ័យដូចពេលនេះ។ លោកស្រីផេងជូបានថ្លែងដូច្នេះថាៈ
សូមបញ្ជាក់ថាការសងប្រាក់ទៅកម្មករតាមច្បាប់ការងារនេះគឺបន្ទាប់ពីមានក្រុមហ៊ុនធានារ៉ាប់រងមួយយល់ព្រមសងប្រាក់ឲ្យរោងចក្រដែលបានឆេះនេះ ចំនួន ប្រមាណ១៦លានដុល្លាសហរដ្ឋអាមេរិក កាលពីខែឧសភា។ បើទោះបីជាទទួលបានប្រាក់សំណងធានារ៉ាប់រង ប៉ុន្តែរោងចក្រនៅតែព្យាយាមគេចវេសមិនចង់បង់ប្រាក់ទទួលខុសត្រូវឲ្យកម្មករ ដែលធ្វើឲ្យការតវ៉ានៅតែបន្ត បើទោះបីមានការគំរាមកំហែង ការចាប់តំនាងកម្មករជាដើម។
ការតស៊ូមិនរាថយ របស់កម្មកររោងចក្រមិថុនា នៅទីបំផុតទៅធ្វើឲ្យថៅកែរោងចក្រត្រូវសំរេចចិត្តចុះចាញ់ និងយល់ព្រមអនុវត្តតាមការទាមទារបស់កម្មករ ដែលមានចែងក្នុងច្បាប់ការងារ។