ដោយមានការរៀបចំកម្មវិធីដោយគណបក្សសមរង្ស៊ីខេត្តកណ្តាល សហការជាមួយនឹងគណបក្សឃុំ ស្រុក នៅក្នុងខេត្ត នាព្រឹកនេះ លោកប្រធានស្តីទី គង់គាំ បានជួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំចំនួន២មានឃុំលើកដែក និងឃុំពោធិបាន ក្នុងស្រុកកោះធំ។
ការជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅព្រឹកនេះ លោកប្រធានស្តីទីគង់គាំ នឹង ជំរាបប្រាប់បងប្អូន ដែលជាម្ចាស់ឆ្នោតអំពីពត៌មានមួយចំនួនពាក់ព័ន្ធនឹងបញ្ហា សេដ្ឋកិច្ច នយោបាយនៅក្នុងប្រទេស ដើម្បីធ្វើយ៉ាងណា ឲ្យពួកគាត់មានមូលដ្ឋានក្នុងការសំរេចចិត្ត ជ្រើសរើសមេដឹកនាំ ខណៈការបោះឆ្នោតឃុំសង្កាត់កាន់តែខិតជិតចូលមកដល់។
កម្មវិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ជាផ្នែកមួយដែលលោកប្រធានស្តីទីគង់គាំ នឹងឆ្លៀតឪកាសធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សទៅកាន់បងប្អូនប្រជាពលរដ្ឋ វិបត្តដែលកំពុងកើតមានឡើងក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន និងដំណោះស្រាយ ដែលគណបក្សសមរង្ស៊ីនឹងដោះស្រាយឲ្យបាននៅពេលឈ្នះឆ្នោតឡើងកាន់អំណាចដឹកនាំប្រទេស ហើយចំពោះមុខនេះ គឺ ធ្វើយ៉ាងណាឲ្យគណបក្សសមរង្ស៊ីមានតំណាងជាមេឃុំ ឬចៅសង្កាត់កាន់តែច្រើនជាមុនសិន។
លោកប្រធានស្តីទីគង់គាំ ក៏នឹងជំរាបប្រាប់បងប្អូនប្រជាពលរដ្ឋផងដែរ អំពីភាពចាំបាច់នៃការផ្លាស់ប្តូរ។ ការផ្លាស់ប្តូរត្រូវតែធ្វើឡើង នៅពេលដែលការដឹកនាំក្នុងរបបចាស់មិនបានឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ មានការប្រព្រឹត្តអំពើពុករលួយ ការលក់ទ្រព្យសម្បត្តិជាតិ ការបំផ្លាញធនធានធម្មជាតិ រួមទាំងការដណ្តើមយកដីធ្លីរបស់ប្រជាពលរដ្ឋជាដើម។ ដូចច្នេះដើម្បីឲ្យបញ្ហាទាំងនោះត្រូវបានដោះស្រាយប្រជាពលរដ្ឋត្រូវតែនាំគ្នាធ្វើការផ្លាស់ប្តូរ។ នៅតាមបណ្តាប្រទេសមួយចំនួនការផ្លាស់ប្តូរត្រូវបានធ្វើឡើងតាមរយៈការបំផុសចលនាមហាជន ដើម្បីធ្វើការតវ៉ាទំលាក់មេដឹកនាំចាស់ ហើយមានពេលខ្លះធ្លាយជាអំពើហឹង្សាថែមទៀតផង ប៉ុន្តែសំរាប់ប្រទេសកម្ពុជា លោកប្រធានស្តីទីគង់គាំសង្ឃឹមថា ការបោះឆ្នោតនឹងក្លាយទៅជាជំរើសសំរាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការផ្លាស់ប្តូរមេដឹកនាំប្រទេស បើទោះបីមានចលនាមហាជនកើតឡើងច្រើនករណីទៅហើយក៏ដោយ ដែលប្រជាពលរដ្ឋបានក្រោកឡើងតស៊ូប្រឆាំងការ ដណ្តើមដីធ្លីរបស់ពួកគាត់។
សូមបញ្ជាក់ថាបន្ទាប់ពីជំនួបជាមួយប្រជាពលរដ្ឋនៅក្នុង ឃុំលើកដែក និងឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាលនៅព្រឹកនេះ លោកប្រធានស្តីទីគង់គាំ នឹងបន្តជួបជាមួយប្រជាពលរដ្ឋ នៅក្នុងឃុំខ្ពប និងឃុំស្វាយប្រទាល ស្រុកស្អាង នៅល្ងាចនេះ។
ហើយនៅថ្ងៃស្អែកលោកជួបជាមួយប្រជាពលរដ្ឋនៅក្នុងស្រុកស៊ីធរកណ្តាល ស្រុកស្វាយអន្ទរ និងស្រុកកញ្ច្រៀច ខេត្តព្រៃវែង។