Monday 30 April 2012

ទំព័រដើម សកម្មភាព

មន្រ្តីអង្គការសង្គមស៊ីវិល និងតំណាងរាស្រ្តគណបក្ស សម រង្ស៊ី ចាត់ទុក របាយការណ៍​បឋមរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ថាមានភាពមិនប្រក្រតី


ក្រោយពីមានព្រឹត្តិការណ៍បាញ់សម្លាប់លោក ឈុត វុទ្ឋី កាលពីថ្ងៃទី២៦ ខែមេសា មកភ្លាមៗ មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនបានចុះអង្កេត ដល់កន្លែងកើតហេតុបានឃើញថា មានភាពមិនប្រក្រតីជាច្រើនខុសទៅនឹងរបាយការណ៍ របស់​​​​មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង។

របាយការណ៍នោះបានបញ្ជាក់ថា មន្ត្រីអវុធហត្ថមួយរូប ដែលបានបាញ់លោកឈុតវុទ្ធី បាន​បាញ់សម្លាប់ខ្លួនឯងនៅកន្លែងកើតហេតុ។ ការអះអាងនេះបានបង្កើតឲ្យមានការសង្ស័យច្រើន ដែលថា បើសិនជាបាញ់សម្លាប់ខ្លួនឯង តើអាចបាញ់បាន ២គ្រាប់ដែរឬទេ? ហើយថាបើសិនជាបាញ់សម្លាប់ខ្លួន ក៏មិនដែលបាញ់ចំភ្លៅ ឬបាញ់ចំដើម​ទ្រូងនោះដែរ ភាគច្រើននៃការបាញ់សម្លាប់ខ្លួនគឺគេតំរង់សៀតថ្កា ឬបើកាំភ្លើងវែងភាគ ច្រើនគេបាញ់ចំពីក្រោមចង្ការឡើងទៅលើ។ ដែលនេះជាការអះអាងរបស់លោក អំ សំអាត មន្រ្តីស៊ើប​អង្កេត​ជាន់ខ្ពស់​របស់អង្គការលីកាដូ។​

ថ្លែងស្រដៀងគ្នានេះដែរ លោក សុន ឆៃ សមាជិកសភា និងជាប្រធានក្រុមអ្នកតំណាងរាស្រ្ត គណបក្ស​ សម រង្ស៊ី ថ្លែងថា របាយការណ៍របស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង លោក ថុង ណារ៉ុង បានចូលរួមលាក់បាំងការពិត ចំពោះការបាញ់សម្លាប់លោក ឈុត វុទ្ឋី ប្រធានអង្គការការពារធនធានធម្មជាតិ ក៏ដូចជាការស្លាប់របស់មន្រ្តីប៉េអឹម ខេត្តកោះកុង លោក​អ៊ិន រតនា។ លោកសុន ឆៃ អះអាងថា របាយការណ៍នោះជារបាយការណ៍ភូតកុហក ដែលត្រូវតែមានការស៊ើបអង្កេតឡើងវិញជាបន្ទាន់។

Related Posts