នៅព្រឹកនេះ លោករៀល ខេមរិន្ទ្រ អនុប្រធានក្រុមប្រឹក្សាគណបក្សសមរង្ស៊ី ខេត្តស្វាយរៀង ដែលអមដំណើរដោយសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមទ្រទ្រង់ មួយចំនួន រួមជាមួយជំទប់ឃុំពងទឹក និងប្រជាពលរដ្ឋរងគ្រោះ បានចុះទៅពិនិត្យផ្ទាល់ដល់ដីទំនាស់មួយកន្លែង ឋិតនៅភូមិ ត្រពាំងផ្អាវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ដែលត្រូវបានក្រុមហ៊ុនកៅស៊ូមិត្តភាពវៀតណាម កម្ពុជា បិទផ្លូវមិនអាចឲ្យម្ចាស់ដីចូលធ្វើស្រែចំការ។
លោកស្រី លិលី ប្រជាពលរដ្ឋរងគ្រោះ បានប្រាប់ថា ដីនោះជាដីកេរ្តិ៍របស់លោកស្រី ត្រូវបានក្រុមហ៊ុនមកសុំជួលពីលោកស្រីដើម្បីដាំដើមអំពៅ កាលពីប្រមាណ២ ឬ៣ខែមុន ប៉ុន្តែដោយសារតែតម្លៃទាបពេកលោកស្រីមិនព្រមជួល។ នៅពេលនេះ ក្រុមហ៊ុនបានជួល និងទិញដីពីប្រជាពលរដ្ឋដទៃទៀតជុំវិញនោះអស់ទាំងស្រុង នៅសល់តែដីរបស់លោកស្រីប្រមាណកន្លះហិចតា ដែលក្រុមហ៊ុនមិនព្រមជួល ឬទិញ ដែលធ្វើឲ្យលោកស្រីមិនអាចចូលធ្វើស្រែចំការបាន ព្រោះដីនោះឋិតនៅកណ្តាលគេ ហើយគ្មានផ្លូវចេញចូលដូចពីមុនទៀត។
ករណីនេះ លោកស្រី លិ លី បានប្រាប់ទៀតថា លោកស្រីធ្លាប់បានរកជំនួយពីមេឃុំ ប៉ុន្តែត្រូវបានមេឃុំរុញឲ្យទៅរក ចៅហ្វាយស្រុក ហើយនៅពេលទៅដល់ត្រូវចៅហ្វាយស្រុករុញឲ្យទៅរកចៅហ្វាយខេត្ត គឺលោក ជាងអំ ប៉ុន្តែត្រូវបានលោក ជាង អំ បដិសេធ ដោយរុញឲ្យទៅជួបមេឃុំវិញ។ នៅពេលទៅដល់មេឃុំ លោកស្រីត្រូវបានមេឃុំស្តីបន្ទោសដោយថា :បើចៅហ្វាយខេត្តដោះមិនបាន តើនរណាធំជាងចៅហ្វាយខេត្តហ៊ានដោះរឿងនេះ :។
លោកស្រីថា ដោយអស់ទំនុកចិត្តលើអជ្ញាធរ លោកស្រីបានទៅពឹងពាក់គណបក្សសមរង្ស៊ីខេត្តស្វាយរៀង ហើយនៅព្រឹកនេះ លោកស្រី និងតំណាងគណបក្សសមរង្ស៊ីខេត្តស្វាយរៀងបានចុះទៅពិនិត្យមើលដីនោះ។ បើមានដំណោះស្រាយ លោកស្រី សុំឲ្យក្រុមហ៊ុនទិញយកដីនោះតែម្តង ដោយលោកស្រីលក់ក្នុងតម្លៃ ២០០០ដុល្លា។
លោករៀលខេមរិន្ទ ដែលបានដឹកនាំក្រុមការងាររបស់លោក ទៅពិនិត្យមើលដីទំនាស់ លោកបានបញ្ជាក់ថា តាមឯកសារ ដែលលោកស្រី លិ លី បានបង្ហាញ និងដីជាក់ស្តែង វាពិតជាដីរបស់លោកស្រី លិ លី ពិតប្រាកដ។ លោកថាដីនោះត្រូវបានក្រុមហ៊ុនព្ជួរលើ អស់មួយផ្នែក ហើយមួយផ្នែកទៀត ត្រូវបានក្រុមហ៊ុនរំលោភយកមកធ្វើផ្លូវ ដូចនេះបន្ថែមពីលើការបិទផ្លូវមិនឲ្យម្ចាស់ដីអាចចូលធ្វើស្រែចំការបាន ក្រុមហ៊ុននៅបានរំលោភយកចំណីដីរបស់ជនរងគ្រោះ បន្តិចម្តងៗថែមទៀត។ លោកថា លោកនឹងចរចាជាមួយតំណាងក្រុមហ៊ុន ដើម្បីរកដំណោះស្រាយជូនជនរងគ្រោះ គឺលោកស្រី លិ លី។