ពិធីនេះមានការចូលរួមជាអធិបតីដោយលោក ហូរ វ៉ាន់សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាគណបក្សសមរង្ស៊ីរាជធានីភ្នំពេញ លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ លោកស្រី លី ស្រីវីណា អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ លោកស្រី ហ៊ីង សុក្ខុំ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញជាប់ឆ្នោត រួមជាមួយថ្នាក់ដឹកនាំខណ្ឌពោធិ៍សែនជ័យ ក្រុមប្រឹក្សាសង្កាត់ សមាជិកគណបក្សសមរង្ស៊ីសង្កាត់គោករការមួយចំនួនទៀត។
ពិធីនេះផងដែរ ក៏មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋប្រមាណ២០០នាក់មកពីគ្រប់ភូមិក្នុងសង្កាត់ ដែលភាគច្រើនជាប្រជាពលរដ្ឋអតីតសហគមន៍សំបុកចាប ដែលត្រូវបានអជ្ញាធររាជធានីភ្នំពេញជំលៀសឲ្យចាកចេញពីកណ្តាលក្រុងកាលពីអំឡុងឆ្នាំ២០០៧។
លោក ហូរ វ៉ាន់ ប្រធានក្រុមប្រឹក្សាគណបក្សសមរង្ស៊ីរាជធានីភ្នំពេញបានថ្លែងក្នុងពិធីនោះថា គណបក្សសមរង្ស៊ីពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលការអភិវឌ្ឍរបស់រដ្ឋាភិបាល បាន បណ្តាលឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបាត់បង់ទីជំរក និងត្រូវមករស់នៅជាយក្រុង ក្នុងជីវភាពថ្មីដោយគ្មានការទទួលខុសត្រូវយ៉ាងដូច្នេះ។ ការអភិវឌ្ឍរបៀបនេះគណបក្សសមរង្ស៊ីប្រឆាំងដាច់ខាត ដោយលោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវតែធ្វើការផ្លាស់ប្តូរការដឹកនាំ ដើម្បីទទួលបានយុត្តិធម៌មួយពិតប្រាកដ។
បើទោះបីជាមានការគំរាមកំហែងពីចៅសង្កាត់ និងមេភូមិ របស់គណបក្សប្រជាជនកម្ពុជានៅក្នុងសង្កាត់ មិនឲ្យប្រជាពលរដ្ឋមកចូលរួមក្នុងជំនួបជាមួយអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី ប៉ុន្តែប្រជាពលរដ្ឋនៅតែអាចមកចូលរួមបានតាមការគ្រោងទុក ដែលលោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្របានថ្លែង ដោយកោតសសើរខ្ពស់ចំពោះឆន្ទៈរបស់បងប្អូន ប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួម ដោយគ្មានការភ័យខ្លាច ដើម្បីផ្តល់ពត៌មាន និងទទួលពត៌មានពីអ្នកតំណាងរាស្ត្រ ជុំវិញបញ្ហាសង្គម នយោបាយ និងគោលនយោបាយរបស់គណបក្សសមរង្ស៊ី ក្នុងការដោះស្រាយវិបត្តិទាំងអស់នោះ។
លោកយឹមសុវណ្ណបានបញ្ជាក់ទៀតថា ដើម្បីធ្វើការផ្លាស់ប្តូរការដឹកនាំដែលផ្តល់នូវការឈឺចាប់ ទឹកភ្នែកខ្លោចផ្សារដល់ប្រជាពលរដ្ឋខ្លួនឯងយ៉ាងដូច្នេះ ប្រជាពលរដ្ឋត្រូវតែច្បាស់នៅក្នុងចិត្តថា តើគណបក្សនយោបាយណាមួយ ដែលជាក្តីសង្ឃឹមពិតប្រាកដ ហើយយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ទៀតថាបច្ចុប្បន្ននេះ មានគណបក្សនយោបាយតែ២ប៉ុណ្ណោះ កំពុងប្រកួតប្រជែងគ្នាពិតប្រាកដ គឺគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាច និងគណបក្សសមរង្ស៊ី ដែលជាគណបក្សប្រឆាំង។
នៅពេលដែលគណបក្សប្រជាជនដឹកនាំប្រទេសជាង៣០ឆ្នាំ ធ្វើឲ្យប្រជាពលរដ្ឋជួបតែទុក្ខលំបាក មានការគំរាមកំហែង បណ្តេញចេញ ដូច្នេះជំរើសដើម្បីផ្លាស់ប្តូរវាប្រាកដណាស់ថា មានតែគណបក្សសមរង្ស៊ីតែមួយគត់ ដែលមានទាំងលទ្ធភាព និងកំលាំងគ្រប់គ្រាន់ដើម្បីនឹងដឹកនាំប្រទេសឲ្យមានការរីកចំរើនពិតប្រាកដ ប្រកបដោយយុត្តិធម៌ និងសមធម៌។