សមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោត និងជាបេក្ខជនក្រុមប្រឹក្សាឃុំ មកពីគ្រប់ឃុំក្នុងស្រុករវៀង ខេត្តព្រះវិហារ ប្រមាណ៨០នាក់ នៅព្រឹកនេះ បានជួបពិភាក្សាការងារជាមួយលោកស្រី កែ សុវណ្ណរតន៍ អគ្គលេខាធិការគណបក្សសមរង្ស៊ី។ ពិធីនេះក៏មានការអញ្ជើញចូលរួមដោយលោកម៉ែនសុថាវរិន្ទ្រ សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាគណបក្សសមរង្ស៊ីខេត្តកំពង់ធំដើម្បីលើកទឹកចិត្តដល់បេក្ខជនក្រុមប្រឹក្សាឃុំទាំងអស់នៅក្នុងស្រុក ក្នុងការត្រៀមខ្លួនចូលរួមការឃោសនា និងបោះឆ្នោតនាថ្ងៃទី៣ ខែមិថុនាខាងមុខ។ លើសពីនេះលោកស្រីអគ្គលេខាធិការបានឆ្លៀតពង្រឹងសមត្ថភាពបន្ថែមដល់បេក្ខជនទាំងអស់ លើគោលនយោបាយរបស់គណបក្សសមរង្ស៊ីក្នុងការដឹកនាំឃុំសង្កាត់ និងការដឹកនាំជាតិផងដែរ។
សំរាប់ការដឹកនាំឃុំសង្កាត់ ជាគោលការណ៍ មេឃុំ ចៅសង្កាត់ របស់គណបក្សសមរង្ស៊ីទាំងអស់ ដាច់ខាតមិនត្រូវជំរិតទារប្រាក់ពីប្រជាពលរដ្ឋក្នុងការបំរើសេវាផ្សេងៗ លើសពីតម្លៃដែលរដ្ឋបានកំណត់ ត្រូវបំរើសេវាជូនបងប្អូនឲ្យបានឆាប់រហ័ស ដោយមិនមានការរើសអើង ត្រូវបែងចែក និងគ្រប់គ្រងថវិការជំនួយ និងថវិការគំរោងរបស់ឃុំសង្កាត់ ទៅលើគំរោងអាទិភាព ដោយមានការចូលរួមតាមដានពីប្រជាពលរដ្ឋ និងត្រូវតែការពារដាច់ខាតផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងឃុំពិសេសបញ្ហាដីធ្លី។ លោកស្រីកែសុវណ្ណរ័ត្នបានបញ្ជាក់ថា បើមេឃុំ ឬចៅសង្កាត់ណា ដែលមិនគោរពតាមគោលការណ៍ទាំងនេះ អ្នកនោះ នឹងត្រូវប្រឈមមុខ ការដកចេញពីតំណែង។ នេះជាអ្វីដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតត្រូវតែបានជ្រាបជាពត៌មាន និងមានទំនុកចិត្តចំពោះបេក្ខជនមេឃុំ ឬចៅសង្កាត់របស់គណបក្សសមរង្ស៊ី។
សូមបញ្ជាក់ថាកាលពីថ្ងៃម្សិលមិញ លោកស្រី កែ សុវណ្ណរតន៍ ដែលអមដំណើរដោយលោក ម៉ែន សុថាវរិន្ទ្រ សមាជិកព្រឹទ្ធសភា និងលោក កែត ឃី សមាជិករដ្ឋសភា បានចូលរួមជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណ១៣០០នាក់ មកពីឃុំចំនួន៣ មានឃុំសាគ្រាម ឃុំក្រយា និងឃុំសាលាវិស័យ ក្នុងស្រុកប្រាសាទបាល្ល័ង្ក ខេត្តកំពង់ធំ។ ជំនួបជាមួយប្រជាពលរដ្ឋគឺដើម្បីចង់ដឹងពីសុខទុក្ខរបស់បងប្អូន ទទួលយកពត៌មានជុំវិញការរស់នៅរបស់ពួកគាត់ និងដើម្បីធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សសមរង្ស៊ីទៅកាន់បងប្អូនពិសេស ក្នុងឪកាសដែលការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់កាន់តែខិតជិតចូលមកដល់។ លោកស្រីបានជំរាបប្រាប់ប្រជាពលរដ្ឋថា ដោយសារតែការបោះឆ្នោតខុសកាលពីអណ្ណត្តិមុន បានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកប្រាសាទបាល្ល័ង្ក ខេត្តកំពង់ធំ ក៏ដូចជាប្រជាពលរដ្ឋ នៅតំបន់មួយចំនួនទៀត ប្រឈម និងបានបាត់បង់ដីធ្លីផ្ទះសម្បែង ដោយសារតែមេឃុំ ឬចៅសង្កាត់មិនមែនជាមេឃុំ ឬចៅសង្កាត់ ដែលល្អត្រឹមត្រូវ ពោលគឺជាមេឃុំ ឬចៅសង្កាត់ របស់បក្ស ដូច្នេះមិនមានអ្វីចំលែកនោះទេ ដែលពួកគេត្រូវបំរើបក្សកាន់អំណាច និងអ្នកមានអំណាចសព្វថ្ងៃ ដែលធ្វើឲ្យបាត់បង់ដីធ្លីរបស់ប្រជាពលរដ្ឋរាប់លានហិចតា។ ទន្ទឹមនឹងនេះ មានតែឃុំសង្កាត់ចំនួន២៨ប៉ុណ្ណោះ នៅទូទាំងប្រទេស ដែលប្រជាពលរដ្ឋមានជីវភាពរស់នៅ និងកក់ក្តៅជាងគេ។ ឃុំសង្កាត់ទាំង២៨ដឹកនាំដោយមេឃុំ និងចៅសង្កាត់ មកពីគណបក្សសមរង្ស៊ី។ ឃុំសង្កាត់ទាំងនោះគ្មានទេការរឹបអូសយកដីធ្លីរបស់ពលរដ្ឋ ដោយសារតែមេឃុំ និងចៅសង្កាត់ទាំងនោះ បានប្តេជ្ញាលះបង់ជីវិត ក៏មិនអនុញ្ញាតឲ្យអ្នកមានអំណាច និងឈ្មួញខិលខូច ប្រើប្រាស់សជណរបស់រដ្ឋាភិបាល មករឹបអូសយកដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋបានដែរ ហើយនេះជាគោលការណ៍ទូទៅ សំរាប់មេឃុំ ចៅសង្កាត់មកពីគណបក្សសមរង្ស៊ី។
ដូចនេះនៅក្នុងការបោះឆ្នោតអណ្ណត្តិទី៣ នៅថ្ងៃទី៣ មិថុនានេះ ប្រជាពលរដ្ឋ ត្រូវតែបោះឆ្នោតឲ្យចំគណបក្សនយោបាយ ដែលប្រជាពលរដ្ឋស្រឡាញ់ទុកចិត្ត ដើម្បីទទួលបានមេឃុំ ចៅសង្កាត់ ដែលបំរើ និងការពារផលប្រយោជន៍របស់បងប្អូនពិតប្រាកដ។
អំណោយរស់បានមួយគ្រា មានមេឃុំស្អាតស្អំ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយការកក់ក្តៅ និងមានជីវភាពរុងរឿង។ មានតែគណបក្សសមរង្ស៊ីប៉ុណ្ណោះ ដែលប្រជាពលរដ្ឋទុកចិត្ត និងជាក្តីសង្ឃឹមដ៏ពិតប្រាកដ។