ពិធីនេះបានធ្វើឡើងនៅក្នុងឃុំគូលេន ស្រុកគូលេន ខេត្តព្រះវិហារ ដោយក៏មានការចូលរួមពី លោកម៉ែនសុថាវរិន្ទ្រ សមាជិកព្រឹទ្ធសភា និងថ្នាក់ដឹកនាំស្រុក ខេត្តមួយចំនួនទៀត។
ខ្លឹមសារនៃជំនួបនេះ គឺដើម្បីផ្តល់ជាគំនិត ដល់បេក្ខជនឈរឈ្មោះទាំងអស់ ដែលមកពីគណបក្សសមរង្ស៊ី ឲ្យត្រៀមខ្លួន និងចូលរួមការឃោសនាបោះឆ្នោតនាពេលខាងមុខ ដែលនឹងចូលមកដល់ នៅថ្ងៃទី១៨ ខែឧសភា។
ដើម្បីចូលរួមការឃោសនាខាងមុខ បេក្ខជនទាំងអស់ត្រូវតែយល់ឲ្យបានច្បាស់នូវគោលនយោបាយរបស់គណបក្សដែលបានដាក់ចេញ ពិសេសគោលការណ៍សំរាប់បេក្ខជនមេឃុំ ចៅសង្កាត់ ដែលបានកំណត់ឡើងដោយថ្នាក់ដឹកនាំគណបក្ស។ អ្វីទាំងនេះបេក្ខជនទាំងអស់ នឹងត្រូវយកទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីស្វែងរកការគាំទ្រ។
លោកស្រីកែសុវណ្ណរតន៍បានបញ្ជាក់ជំហរទៀតថា អ្វីដែលគណបក្សសមរង្ស៊ីបានដាក់ចេញសំរាប់មេឃុំ ចៅសង្កាត់ របស់គណបក្សដែលជាប់ឆ្នោត គឺត្រូវតែអនុវត្តឲ្យបានជោគជ័យ ដោយគ្មានការគេចវេសនោះឡើយ។ ករណីមេឃុំ ឬចៅសង្កាត់ ដែលជាប់ឆ្នោត មានកំហុសឆ្គង ដែលផ្ទុយទៅនឹងគោលការណ៍ទាំងអស់នោះ មេឃុំ ឬចៅសង្កាត់ រូបនោះ នឹងត្រូវដកចេញពីតំណែងរបស់ខ្លួនភ្លាម។ លោកស្រីសូមឲ្យបេក្ខជនទាំងអស់ នៅពេលជាប់ឆ្នោត ត្រូវយកគំរូ តាមលោកប៉ូយទុំ មេឃុំត្បែង២របស់គណបក្សសមរង្ស៊ី ដែលបានធ្វើដោយជោគជ័យក្នុងការ អភិវឌ្ឍ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅក្នុងភូមិ។ លើសពីនេះ មេឃុំ និងចៅសង្កាត់ចំនួន២៧ផ្សេងទៀតនៅទូទាំងប្រទេស ដែលជាប់ឆ្នោតមកពីគណបក្សសមរង្ស៊ី ក៏សុទ្ធតែ បានអនុវត្តនូវតួនាទីរបស់ខ្លួនបានយ៉ាងឥតខ្ចោះ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការជឿជាក់ និងបានរស់នៅដោយភាពសុខសាន្តថែមទៀតផង។ នេះជាគំរូ និងវីរភាព សំរាប់មេឃុំ ឬចៅសង្កាត់របស់គណបក្ស ដែលនឹងជាប់ឆ្នោតថ្មី ក្រោយថ្ងៃទី៣ ខែមិថុនា ខាងមុខ។