យ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រមាណ១៣០០នាក់មកពីឃុំចំនួន៣ មានឃុំសាគ្រាម ឃុំក្រយា និងឃុំសាលាវិស័យក្នុងស្រុកប្រាសាទបាល្ល័ង្ក ខេត្តកំពង់ធំ បាននាំគ្នាមកចូលរួមក្នុងកម្មវិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សសមរង្ស៊ីកាលពីថ្ងៃទី៧ ខែឧសភាកន្លងមកនេះ។
ការសំរុកមកចូលរួមជួបថ្នាក់ដឹកនាំរបស់គណបក្សសមរង្ស៊ី ដែលបានធ្វើដំណើរទៅដល់ទីនោះ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋ ដែលពួកគាត់ភាគច្រើនជាជនរងគ្រោះ ដោយសារការរំលោភយកដីធ្លីផ្ទះសម្បែង ពួកគាត់នៅពេលនេះគ្មានរំពឹងនរណាក្រៅតែពីគណបក្សសមរង្ស៊ីនោះទេ។ ពួកគាត់បានយល់ច្បាស់ថាមានតែគណបក្សសមរង្ស៊ីប៉ុណ្ណោះជាក្តីសង្ឃឹម អាចជួយស្រោចស្រង់ពួកគាត់បាន ដូច្នេះការចូលរួមដ៏កុះករនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សសមរង្ស៊ី នៅពេលដែលពួកគាត់បានសំរេចចិត្តបោះឆ្នោតជូន ឬនៅពេលដែលគណបក្សសមរង្ស៊ីឈ្នះឆ្នោតដឹកនាំប្រទេស ហើយនៅពេលដ៏ខ្លី ខាងមុខនេះ នឹងជាប់ឆ្នោតជាមេឃុំរបស់ពួកគាត់ តើគណបក្សសមរង្ស៊ីនឹងដោះស្រាយបញ្ហាអ្វីខ្លះ។
ជាការពិតអ្វីដែលជាគោលនយោបាយ និងគោលការណ៍ដែលគណបក្សសមរង្ស៊ីបានដាក់ចេញ ពិសេសសំរាប់បេក្ខភាពមេឃុំ និងចៅសង្កាត់ វាពិតជាឆ្លើយតបទៅនឹងអ្វីដែលប្រជាពលរដ្ឋកំពុងត្រូវការ។ ប្រជាពលរដ្ឋបានប្តេជ្ញា នឹងគាំទ្រដល់បេក្ខជនមេឃុំ មកពីគណបក្សសមរង្ស៊ី ដើម្បី ដឹកនាំឃុំរបស់ពួកគាត់ ជួយការពារពួកគាត់ ឲ្យរួចផុតពីការជិះជាន់គំរាមកំហែង និងការរើសអើងមកលើប្រជាពលរដ្ឋ។
លោកស្រីអគ្គលេខាធិការគណបក្សសមរង្ស៊ី បានជំរាបប្រាប់ទៅប្រជាពលរដ្ឋថា នៅពេលដែលគណបក្សសមរង្ស៊ីឈ្នះឆ្នោតដឹកនាំឃុំ សង្កាត់ណា មេឃុំ ចៅសង្កាត់គណបក្សសមរង្ស៊ីនោះធានាដា់ច់ខាតមិនស៊ីញ៉េឲ្យមានការរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ លើសពីនេះ នឹងរៀបចំ ជ្រើសរើសមេភូមិ ស្របតាមការពេញចិត្តរបស់ប្រជាពលរដ្ឋ ដោយមិនចាត់តាំងដោយខ្លួនឯង ដូចគណបក្សប្រជាជនកម្ពុជាបានធ្វើនោះទេ។