រហូតមកទល់ថ្ងៃនេះ យ៉ាងហោចណាស់មានពាក្យបណ្តឹងចំនួន៦៨ ត្រូវបានគណបក្សសមរង្ស៊ីដាក់ចូលទៅកាន់គណកម្មាធិការរៀបចំការបោះឆ្នោត។
លោកយឹមសុវណ្ណអ្នកនាំពាក្យរបស់គណបក្សសមរង្ស៊ី នៅក្នុងសន្និសីទសាពត៌មាននារសៀលថ្ងៃអង្គារទី២៩ ខែឧសភានេះ បានបញ្ជាក់ថាករណីទាំងនោះ មានដូចជា
ការប្រើអំពើហឹង្សា ការគំរាមកំហែង មកលើសកម្មជនរបស់គណបក្សសមរង្ស៊ី
ការលួចហែកខិត្តបណ្ណពត៌មានរបស់គណបក្សសមរង្ស៊ី
ការរំខានក្បួនឃោសនារបស់គណបក្សសមរង្ស៊ី
ការចែកអំណោយទិញទឹកចិត្ត ការគំរាមលើប្រជាពលរដ្ឋឲ្យបោះឆ្នោតគាំទ្រខ្លួន
ការប្រើប្រាស់រថយន្តរបស់រដ្ឋបំរើការឃោសនាជូនគណបក្សនយោបាយជាដើម។
លើសពីនេះគណបក្សសមរង្ស៊ីបានរកឃើញចុងក្រោយថា មានឈ្មោះរបស់មន្ត្រីរាជការ ត្រូវបានចុះជាប្រព័ន្ធ ធ្វើឲ្យមានឈ្មោះស្ទួន។ លោកបានលើកឯកសារជាអំណះអំណាង ដោយគ្រាន់តែនៅក្នុងនាយកដ្ឋានតូចមួយនៃក្រសួងឧស្សាហកម្មរ៉ែ និងឋាមពល មានមន្ត្រីរាជការនៃនាយកដ្ឋាននេះប្រមាណជិត១០០នាក់ទៅហើយ ដែលមានទីលំនៅ និងមានឈ្មោះបោះឆ្នោត ក្នុងរាជធានីភ្នំពេញ ហើយមានឈ្មោះទីពីរទៀតក្នុងឃុំចំនួន២នាខេត្តកំពង់ចាម។