លោក យឹម សុវណ្ណ សមាជិកសភា និងជាអ្នកនាំពាក្យរបស់គណបក្ស សម រង្ស៊ី បានប្រកាសថា ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៣ នេះមិនមានតម្លាភាព សេរី និងយុត្តិធម៌នោះឡើយ ។ មិនមានតម្លាភាពនៅត្រង់ថា ការបោះឆ្នោតលើកនេះប្រព្រឹត្តទៅដោយគ្មានវត្តមានរបស់ លោកប្រធាន សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ដើម្បីដឹកនាំយុទ្ធនាការរកសម្លេងឆ្នោត។
នៅក្នុងសិក្ខាសាលាជាមួយអង្គការខុមហ្វ្រែលកាលពីថ្ងៃទី៤ មិថុនា ម្សិលមិញ លោកយឹមសុវណ្ណបានបញ្ជាក់ទៀតថា ប្រព័ន្ឋបោះឆ្នោត រៀបចំឡើងដោយគជប បង្ហាញពីភាពលំអៀងទៅរកគណបក្សកាន់អំណាច ដែលបង្កឲ្យមានការស្មុគ្រស្មាញដល់ដំណើរការបោះឆ្នោត ដូចជាធ្វើឲ្យ បាត់់ឈ្មោះអ្នកបោះឆ្នោត ការបោះឆ្នោតលើឈ្មោះស្ទួន ឈ្មោះខ្មោច ការបង្កការរំខានដល់អ្នកបោះឆ្នោតជាដើម ដែលលោកទាមទារឲ្យត្រូវតែមានការកែទំរង់គជប ដើម្បីធានានូវឯករាជ្យ ភាពក្នុងការរៀបចំការបោះឆ្នោតលើកក្រោយៗទៀត។
លោក យឹម សុវណ្ណ បានបន្តថា សម្លេងរបស់គណបក្សសម រង្ស៊ី ដែលទទួលបានជាង១លាន សម្លេងគឺជាសម្លេងពិត ជាសម្លេងដែលមិនខ្លាចការគំរាមកំហែង ជាសម្លេងដែលទិញមិនលក់ ប៉ុន្តែសម្រាប់សម្លេងរបស់គណបក្សកាន់អំណាចវិញ ជាសម្លេងបានមកពីការទិញដូច ការគំរាមកំហែង សម្លេងអន្តោប្រវេសន៍ខុសច្បាប់ និងសម្លេងខ្យល់ជាដើម។