សមាជិកព្រឹទ្ឋសភាមកពីគណបក្ស សម រង្ស៊ី លោកហូរ វ៉ាន់ និងជាប្រធានក្រុមប្រឹក្សាគណបក្សសមរង្ស៊ីរាជធានី ភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១២ បាននាំយក ជំនួយសង្គ្រោះ ទៅចែកជូនគ្រួសារពលរដ្ឋបឹងកក់ចំនួន១៥គ្រួសារ ដែលត្រូវបានតុលាការកាត់ទោសអោយ ជាប់ពន្ឋនាគារ យ៉ាងអយុត្តិធម៌ ដោយសារតែការតវ៉ារឿងដីធ្លី។
ពលរដ្ឋរងគ្រោះទាំង១៥គ្រួសារកំពុងជួបទុក្ខលំបាក និងខ្វះខាតក្នុងជីវភាពគ្រួសារយ៉ាងខ្លាំង ខណៈដែលម្តាយរបស់ពួកគេកំពុងឋិតក្នុងពន្ធនាគារព្រៃស នៅសល់តែក្មេងៗតូចៗ និងជីដូនចាស់ជរានៅចាំផ្ទះ។
លោក ហូរ វ៉ាន់ នៅក្នុងពិធីចែកជំនួយសង្គ្រោះដល់ពលរដ្ឋនៅតំបន់បឹងកក់ បានប្រកាសថ្កោលទោសអជ្ញាធររាជធានីភ្នំពេញ ក្រុមហ៊ុន និងតុលាការ ដែលបានប្រើប្រាស់តួនាទី និងសិទ្ធិអំណាចរបស់ខ្លួនធ្វើបាបដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី។ លោកទទូចឲ្យតុលាការត្រូវតែរកយុត្តិធម៌ដល់ពួកគាត់ទាំង១៥នាក់ ដោយត្រូវផ្តន្ទាទោសចំពោះអ្នកដែលបានរំលោភយកដីរបស់ពួគគាត់វិញ។
លោក អួង សឿន ដែលត្រូវជាស្វាមីរបស់អ្នកស្រី ផាន់ ឈុនរ៉េត បានថ្លែងពីទុក្ខលំបាកដោយ សារបាត់បង់មេគ្រួសារនេះថា បច្ចុប្បន្នក្រៅពីជីវភាពជួបការខ្វះខាត ពួកគាត់ត្រូវរងសំពាធ ផ្លូវចិត្តអាណិតអាសូរភរិយា ដែលកំពុងជាប់ឃុំក្នុងពន្ឋនាគារព្រៃសថែមទៀត។ លោក អួង សឿន បានថ្លែងអំណរគុណដល់តំណាងគណបក្ស សម រង្ស៊ី ដែលបានយកអង្ករចែកជូនគ្រួសារពួកគាត់ក្នុងការជួយរំលែកទុក្ខលំបាកនាពេលនេះ។ លោក អួង សឿន បានអំពាវនាវដល់អង្គការជាតិ អន្តរជាតិជាម្ចាស់ជំនួយ អោយជួយដល់គ្រួសារពួកគាត់ និងជួយអន្តរាគមន៍ដោះលែងភរិយាគាត់ និងតំណាងអ្នកបឹងកក់១៤អ្នកផ្សេងទៀត ដែលកំពុងឋិតក្នុងពន្ធនាគារ អោយមានសិទ្ធិសេរីភាពឡើងវិញ។