លទ្ធផលនៃការបោះឆ្នោតឃុំអណ្ណត្តិទី៣ ដែលទើបតែកន្លងផុតទៅនេះ បានបង្ហាញយ៉ាងច្បាស់ថា គឺមានតែការបង្រួបបង្រួមគ្នាទេ ទើបអាចធ្វើឲ្យ កម្លាំង ប្រជាធិបតេយ្យ ក្លាយជាកម្លាំងស្នូលដ៏រឹងមាំ សំរាប់យកជ័យជំនះ ធ្វើការផ្លាស់ប្តូរការដឹកនាំនៅប្រទេសកម្ពុជា តាមរយៈការបោះឆ្នោត ក្នុងឆ្នាំ២០១៣ ខាងមុខនេះបាន។
ពិតណាស់តែសម្លេងប្រជាពលរដ្ឋ ដែលបានគាំទ្រចំពោះគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ក្នុងការបោះឆ្នោតឃុំអណ្ណត្តិទី៣ បូកបញ្ជូលគ្នាទៅ តិចជាងសម្លេងគាំទ្ររបស់គណបក្សកាន់អំណាច ប៉ុន្តែបើគេគ្រលេកមើលលើនិតិវិធីរៀបចំការបោះឆ្នោត ឃើញថាមានការលុបឈ្មោះប្រជាពលរដ្ឋ ការរំខានប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត ការបោះឆ្នោតលើឈ្មោះស្ទួន ការចេញលិខិតបញ្ជាក់អត្តសញ្ញាណក្លែងក្លាយឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតជាដើម នៅតែមានច្រើន។ ហើយសរុបចំនួនអ្នកទៅបោះឆ្នោតមានប្រមាណតែ៦០ភាគរយប៉ុណ្ណោះ ដែលអ្នកភាគច្រើន មិនបានទៅបោះឆ្នោតត្រូវបានគេដឹងថា ជាអ្នកដែលគាំទ្រគណបក្សប្រឆាំង។ ដូច្នេះយោងលើលទ្ធផលនេះសម្លេងប្រជាធិបតេយ្យ ច្បាស់ក្រឡែត បានប្រហាក់ប្រហែល ឬឈ្នះគណបក្សកាន់អំណាចរួចទៅហើយ បើមានការរៀបចំការបោះឆ្នោតបានត្រឹមត្រូវ។
ដើម្បីគៀងគរប្រជាពលរដ្ឋ ដែលអស់សង្ឃឹមឲ្យទៅបោះឆ្នោត ដើម្បីកុំឲ្យសម្លេងគណបក្សប្រឆាំងបែកខ្ញែក និងដើម្បីបន្ថែមសំពាធទៅលើស្ថាប័នរៀបចំការបោះឆ្នោតរបស់កម្ពុជា ពិតណាស់គណបក្សសមរង្ស៊ី ត្រូវតែរកផ្លូវដើម្បីឲ្យមានការបង្រួបបង្រួមគ្នាជាមួយនឹងគណបក្សសិទ្ធិមនុស្សរបស់លោកកឹមសុខា។ បើមិនរួបរួមគ្នា គឺបានផ្តល់ឪកាសឈ្នះរួចជាស្រេចជូនទៅគណបក្សកាន់អំណាច ដូចនេះលទ្ធភាពឈ្នះដឹកនាំប្រទេស គឺមានដ៏តិចតួច។ ផ្ទុយទៅវិញ ឪកាសឈ្នះលើការបោះឆ្នោត ត្រូវបានគេទស្សន៍ទាយ ដោយមានទំនុកចិត្តយ៉ាងខ្ពស់ បើការរួបរួមបញ្ជូលគ្នាតែមួយ រវាងគណបក្សទាំងពីរអាចចេញជាលទ្ធផលមុនការបោះឆ្នោត ហើយវាជាជំហរដ៏ឥតងាករេ និងតាំងពីដើមរហូតមក របស់គណបក្សសមរង្ស៊ី និងជាសំណូមពរយ៉ាងទទូចរបស់ប្រជាពលរដ្ឋ ដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ចង់ផ្តួលរំលំរបបជិះជាន់ធ្វើបាបរាស្ត្រនៅកម្ពុជា។
ទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែររាប់សតវត្សមកនេះ ល្មមដល់ពេលបញ្ជប់នៅត្រឹមឆ្នាំ២០១៣ខាងមុខនេះហើយ។ ខ្មែរធ្លាប់ទទួលរងការជិះជាន់ធ្វើបាប ការបណ្តេញចេញទាំងបង្ខំ ដើម្បីរំលោភយកដីធ្លី ការកើតមានសង្គ្រាមរាំរ៉ៃ ការរស់នៅក្រោមឥទ្ធិពលគ្រប់គ្រងរបស់បរទេសឈ្លានពាន និងការទទួលរងភាពអយុត្តិធម៌ ដោយសារប្រព័ន្ធតុលាការជាដើម។ ដូចនេះភាពជោគជាំដោយការភ័យខ្លាច និងទទួលរងគ្រោះទាំងនេះ គឺត្រូវតែបញ្ជប់នៅត្រឹមឆ្នាំ២០១៣ខាងមុខ បន្ទាប់ពីការបោះឆ្នោតជាតិ។ ក្នុងជំហរនេះ ប្រជាពលរដ្ឋ ត្រូវតែសំរេចចិត្តឲ្យបានច្បាស់ និងមានចិត្តចង់ជួយខ្លួនឯងជាមុន និងបន្ទាប់មកត្រូវតែជ្រើសរើសយកមេដឹកនាំ ដែលស្រឡាញ់ប្រជាពលរដ្ឋ ស្នេហាជាតិ និងមានសមត្ថភាពមកដឹកនាំប្រទេសម្តងវិញ។
ការរួបរួមនៃអ្នកដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យទាំងអស់ ជាមួយគណបក្សសមរង្ស៊ី គឺនឹងបង្ហាញឲ្យឃើញកម្លាំងប្រជែងជាមួយគណបក្សកាន់អំណាច កាន់តែខ្លាំង និងកាន់តែធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត។
របបផ្តាច់ការដឹកនាំប្រទេស ដោយការធ្វើបាបរាស្ត្រ ដើម្បីរក្សាអំណាចខ្លួនឯងឲ្យបានយូរអង្វែង។ ក្នុងរបបដឹកនាំបែបនេះ គឺមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលក្លាយជាមានបាន ជាមហាសេដ្ឋី ស្របពេលដែលប្រជាពលរដ្ឋកាន់តែក្រកី្ររងទុក្ខវេទនា។ ផ្ទុយពីរបបប្រជាធិបតេយ្យសេរី ដែលមេដឹកនាំយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់រាស្ត្រ ដោយចាត់ទុកប្រជារាស្ត្រជាម្ចាស់អំណាច។ នៅប្រទេសមួយចំនួន របបផ្តាច់ការបានជ្រកកោនក្រោមផ្លាកប្រជាធិបតេយ្យ ដែលមានតែប្រជាពលរដ្ឋប៉ុណ្ណោះ ដែលជាអ្នកវិនិច្ឆ័យ ដើម្បីធ្វើការផ្លាស់ប្តូររបបបែននេះបាន។