លោកស្រីកែសុវណ្ណរតន៍អគ្គលេខាធិការគណបក្សសមរង្ស៊ី រួមដំណើរដោយថ្នាក់ដឹកនាំចលនាស្ត្រីគណបក្សសមរង្ស៊ីមួយចំនួនទៀត កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានជួបសំណេះសំណាលជាមួយសមាជិក និងថ្នាក់ដឹកនាំ ខេត្ត ស្រុក និងឃុំ ក្នុងខេត្តបន្ទាយមានជ័យ ប្រមាណជាង១០០នាក់។
នៅក្នុងពិធីនេះ លោកស្រីកែសុវណ្ណរតន៍បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសមរង្ស៊ីទាំងអស់ នៅក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជា នៅតាមបណ្តាខេត្តរាជធានី ដទៃទៀត ដែលបានប្រឹងប្រែងយ៉ាងសកម្ម ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់កាលពីពេលកន្លងមក។ សកម្មភាពនេះ ក្នុងនាមលោកស្រីជាថ្នាក់ដឹកនាំរបស់គណបក្សសមរង្ស៊ី លោកស្រីសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសកម្មជនទាំងគ្នា បើទោះបីលទ្ធផលបោះឆ្នោតមិនបានផ្តល់ឲ្យគណបក្សតាមការគ្រោងទុក ដោយសារតែមានការរៀបចំល្បិចកលខិលខូចក៏ដោយ។
ក្នុងឪកាសនោះដែរ លោកស្រីកែសុវណ្ណរតន៍ អគ្គលេខាធិការគណបក្សក៏បានលើកទឹកចិត្តបន្តឲ្យថ្នាក់ដឹកនាំ និងសកម្មជនទាំងអស់ ត្រូវខិតខំបំពេញការងារទាំងនេះបន្ថែមទៀត ពិសេសក្នុង ឪកាសខាងមុខ គឺត្រូវធ្វើយ៉ាងណាគៀងគរប្រជាពលរដ្ឋឲ្យបានទៅចុះឈ្មោះ ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងត្រៀមឯកសារសំរាប់ការបោះឆ្នោត។ លោកស្រីបានបញ្ជាក់ថា មានតែការចុះឈ្មោះបោះឆ្នោតទេ ទើបអាចឲ្យប្រជាពលរដ្ឋ មានសិទ្ធិគ្រប់គ្រាន់ដើម្បីអាចបោះឆ្នោតបាន។ ដូចនេះដើម្បីឲ្យប្រជាពលរដ្ឋបានសម្តែងមតិតាមរយៈសន្លឹកឆ្នោត ពួកគាត់ត្រូវតែទៅចុះឈ្មោះបោះឆ្នោត ដែលនឹងចាប់ផ្តើមពីខែតុលាខាងមុខ។
ការខកខាន ក្នុងការប្រមូលប្រជាពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោត គឺជាការហុចឪកាសឈ្នះរួច ជាស្រេចដល់គណបក្សកាន់អំណាច ដូចនេះការចុះឈ្មោះបោះឆ្នោតត្រូវបានគណបក្សសមរង្ស៊ី ចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលត្រូវតែមានការចូលរួមទាំងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំមូលដ្ឋានរបស់គណបក្សសមរង្ស៊ី។
ចំពោះការបោះឆ្នោតនាពេលកន្លងមក លោកស្រីកែសុវណ្ណរតន៍បានធ្វើការកត់សំគាល់ ដោយបញ្ជាក់ថាមានភាពមិនប្រក្រតីច្រើន កើតមានតាមបណ្តាខេត្តទាំងអស់។ គណបក្សសមរង្ស៊ីបានដាក់ពាក្យប្តឹងជាច្រើន ទៅកាន់គជប ប៉ុន្តែត្រូវបានដោះស្រាយដោយមិនយុត្តិធម៌ និងត្រូវបានទាត់ចោលតែម្តង។ លោកស្រីបានចោទប្រកាន់គជបថាកំពុងអនុវត្តយុទ្ធ សាស្ត្រដើម្បីជួយការពារ និងរកជ័យជំនះជូនគណបក្សកាន់អំណាច តាមរយៈការរៀបចំការបោះឆ្នោតរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ គណបក្សសមរង្ស៊ីមានមោទនភាពចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សសមរង្ស៊ី។ បើទោះបីជាមានការរំខាន ការលុបឈ្មោះប្រជាពលរដ្ឋ ជាប្រព័ន្ធប៉ុន្តែនៅតែមានប្រជាពលរដ្ឋយ៉ាងច្រើនបានបោះឆ្នោតជូនគណបក្សសមរង្ស៊ី។ សម្លេងនេះជាសម្លេង ដែលនៅសេសសល់ពីការលួចបន្លំ និងជាសម្លេងរបស់ពលរដ្ឋខ្មែរសុទ្ធសាធ ផ្ទុយពីសម្លេងរបស់គណបក្សកាន់អំណាច បើទោះបីជាឈ្នះ ក៏ឈ្នះដោយទុច្ចរិត មិនយុត្តិធម៌ ជាសម្លេងបំប៉ោង ដោយការលួចបន្លំជាដើម។ ដូចនេះអ្វីដែលសមាជិករបស់គណបក្សសមរង្ស៊ី ត្រូវធ្វើបន្ត គឺការប្រមូលប្រជាពលរដ្ឋឲ្យបានកាន់តែច្រើនទៅចុះឈ្មោះថ្មី និងប្រជាពលរដ្ឋដែលត្រូវបានគេលួចលុបឈ្មោះ ក៏ត្រូវតែទៅចុះឈ្មោះឡើងវិញដែរ លើសពីនេះក៏ត្រូវជួយតាមដានចំពោះសកម្មភាពរបស់គជប ដើម្បីកាត់បន្ថយ សកម្មភាពបំរើនយោបាយគណបក្សកាន់អំណាចធ្វើដោយស្ថាប័ននេះឲ្យបានជាអតិបរមា។
ឆ្លៀតឪកាសនោះដែរ លោកស្រី ក៏បានផ្តាំផ្ញើឲ្យថ្នាក់ ដឹកនាំគ្រប់រចនាសម្ព័ន្ធគណបក្សក្នុងខេត្ត ទាំងអស់ ក៏ត្រូវតែរួមគ្នាតាមដាន មើលសកម្មភាពរំលោភជិះជាន់ធ្វើបាបដល់ប្រជាពលរដ្ឋ ផងដែរពិសេសសកម្មភាពរំលោភដីធ្លីប្រជាពលរដ្ឋ។ គណបក្សសមរង្ស៊ី គឺជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ ដូចនេះនៅពេលដែលប្រជាពលរដ្ឋរងគ្រោះដោយការរំលោភដីធ្លី ថ្នាក់ដឹកនាំគណបក្សសមរង្ស៊ីត្រូវតែចេញមុខធ្វើអន្តរាគមន៍ភ្លាមៗតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនាកន្លងមកផងដែរ លោកស្រីកែសុវណ្ណរតន៍ បានដឹកនាំ ថ្នាក់ដឹកនាំគណបក្សមួយចំនួនចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្សសមរង្ស៊ី ក្នុងស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។ ថ្នាក់ដឹកនាំដែលចូលរួមមាន លោកនុតរំដួល ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ លោកម៉ែនសុថាវរិន្ទ្រ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោកឡុងរីប្រធានក្រុមប្រឹក្សាគណបក្សសមរង្ស៊ី ខេត្តក្រចេះ។