លោកស្រី កែសុវណ្ណរតន៍ អគ្គលេខាធិការគណបក្សសមរង្ស៊ី លោកចេបគឹមអ៊ាង ក្រុមប្រឹក្សាគណបក្សសមរង្ស៊ីរាជធានី លោកម៉នផល្លា លោកស្រីហ៊ីងសុក្ខំ លោកដាំសិទ្ធិ លោកស្រីលីនារី និងថ្នាក់ដឹកនាំរាជធានីមួយចំនួនទៀត នៅព្រឹកនេះ បានចុះសួរសុខទុក្ខ និងនាំយកជំនួយឧបត្ថម ទៅជូនដល់គ្រួសារអ្នកបឹងកក់ ១៣គ្រួសារ ដែលទើបត្រូវបានដោះលែងឲ្យមានសេរីភាព ពីពន្ធនាគារមកវិញ។ ជំនួយ ដែលកើតចេញពីការរៃអង្គាសគ្នារវាងថ្នាក់ដឹកនាំ និងសមាជិកគណបក្សសមរង្ស៊ីក្នុងរាជធានី ដើម្បីចែករំលែក ក្នុងគ្រាដែលពួកគាត់ កំពុងជួបការលំបាក។ សកម្មភាពនេះ គឺក្នុងរូបភាពមនុស្សធម៌សុទ្ធសាធ ដែលសមាជិកគណបក្សសមរង្ស៊ី រួមទាំងថ្នាក់ដឹកនាំគណបក្សសុទ្ធតែមានចិត្តអាណិតអាសូរចំពោះប្រជាពលរដ្ឋបឹងកក់ ពិសេស អ្នកដែលត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ព្រោះពួកគាត់ជាម្ចាស់ដីពិតប្រាកដ បែរជាក្លាយជាអ្នកទោស និងត្រូវបានរំលោភយកដីធ្លី ដោយអយុត្តិធម៌ពីសំណាក់ឈ្មួញស្និទ្ធ គណបក្សកាន់អំណាច និងមានការចូលរួមពីអជ្ញាធររាជធានីភ្នំពេញ។
លោកស្រីកែសុវណ្ណរតន៍បានកត់សំគាល់ថា ដោយសារតែផលប្រយោជន៍ បានធ្វើឲ្យអជ្ញាធរ និងតុលាការ ចាប់ខ្លួនប្រជាពលរដ្ឋដាក់ពន្ធនាគារ យ៉ាងអយុត្តិធម៌ ហើយ ការដោះលែងពួកគាត់ឲ្យមានសេរីភាពឡើងវិញនេះ គឺដោយសារតែការតស៊ូរបស់អ្នកភូមិបឹងកក់ ពិសេសកូនតូចៗ ដែលធ្វើការតវ៉ាស្ទើគ្មានលោះថ្ងៃ ហើយចុងក្រោយនេះ សហរដ្ឋអាមេរិក បានដាក់សំពាធមកលើរដ្ឋាភិបាលកម្ពុជា។ ការនាំយកសំភារៈ និងស្បៀងបន្តិចបន្តួច មកជួនអ្នកបឹងកក់ដែលទើបរួច ពីពន្ធនាគារនេះ គឺជាទឹកចិត្តសប្បុរស របស់គណបក្សសមរង្ស៊ី ដែលមានការស្អប់ខ្ពើមចំពោះទង្វើឃោរឃៅ ធ្វើបាបប្រជាពលរដ្ឋ ដែលកំពុង និងបានប្រព្រឹត្តដោយរដ្ឋាភិបាលបច្ចុប្បន្ន។ គណបក្សសមរង្ស៊ី នឹងដោះស្រាយបញ្ហាទាំងនេះឲ្យបានជោគជ័យនៅពេលដឹកនាំប្រទេសនាពេលអនាគត។