អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី មណ្ឌលក្រចេះ គឺលោកឡុងរី កាលពីព្រឹកថ្ងៃសៅរ៍ទី២១ កក្កដានេះ បានចូលរួមក្នុងវេទិកា រៀបចំឡើងដោយអង្គការ NDI ក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ប្រជាពលរដ្ឋចូលរួមមានប្រមាណ៦០០នាក់។ អ្វីដែលលោកបានលើកឡើងក្នុងជំនួបជាមួយប្រជាពលរដ្ឋ គឺការប្តេជ្ញាចិត្តរបស់លោកក្នុងនាមជាតំណាងរាស្ត្ររបស់គណបក្សសមរង្ស៊ី ក្នុងការការពារដាច់ខាតចំពោះផលប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយជាយូរ ណាស់មកហើយ គឺតំណាងរាស្ត្ររបស់គណបក្សសមរង្ស៊ី តែងធ្វើការតស៊ូ ដើម្បីបុព្វហេតុការពារសិទ្ធិមនុស្ស និងប្រឆាំងចំពោះទង្វើរំលោភជិះជាន់ធ្វើបាបលើប្រជាពលរដ្ឋខ្មែរ ពិសេសក្នុងរឿងដីធ្លី ដែលជារឿងអាស្រូវដ៏ធ្ងន់ធ្ងររបស់រដ្ឋាភិបាល។
លោកឡុងរី អ្នកតំណាងរាស្ត្ររបស់គណបក្សសមរង្ស៊ី ដែលទើបវិលត្រឡប់ពីក្រុងម៉ានីលប្រទេសហ្វីលីពីន លោកក៏បានជំរាបទៅកាន់ប្រជាពលរដ្ឋ អំពីលទ្ធផលដែលគណបក្សសមរង្ស៊ីសំរេចបាន ក្នុងគោលដៅស្រោចស្រង់ជាតិឲ្យបានទាន់ពេលវេលា នោះគឺការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យជាកម្លាំង តែមួយ ដើម្បីផ្លាស់ប្តូរការដឹកនាំប្រទេសសព្វថ្ងៃ។ វាគឺជាពេលវេលាមួយដែលអ្នកប្រជាធិបតេយ្យត្រូវរួមគ្នា ដើម្បីផ្តួលរំលំតាមវិធីបោះឆ្នោត លើគណបក្សកាន់អំណាចបច្ចុប្បន្ន ដែលដឹកនាំប្រទេសជាង៣០ឆ្នាំ ប៉ុន្តែបានធ្វើឲ្យពលរដ្ឋខ្មែរនៅតែរងគ្រោះ និងនៅតែភ័យខ្លាច។