យោងតាមការអញ្ជើញរបស់គណបក្សសិទ្ធិមនុស្ស និងក្នុងនាមជាដៃគូប្រជាធិបតេយ្យសង្គ្រោះជាតិ យ៉ាងហោចណាស់មានតំណាងគណបក្សសមរង្ស៊ី ៧រូប បានចូលរួមក្នុងពិធីសមាជរបស់គណបក្សសិទ្ធិមនុស្ស នៅព្រឹកនេះ ដែលបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់គណបក្សសិទ្ធិមនុស្សរាជធានីភ្នំពេញ។
លោកយឹមសុវណ្ណក្នុងនាមគណបក្សសមរង្ស៊ី លោកបានថ្លែងចាប់អារម្មណ៍ចំពោះវត្តមានចូលរួមយ៉ាងច្រើនកុះករ នៃសមាជិកសមាជិការរបស់គណបក្សសិទ្ធិមនុស្ស និងក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្ស ដែលបានអញ្ជើញថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី ឲ្យចូលរួមជាកិត្តិយសក្នុងសមាជ។
លោកបានថ្លែងថា ចាប់ពីពេលនេះតទៅ គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សត្រូវធ្វើការរួមគ្នា ក្នុងនាមជាដៃគូនយោបាយ និងជាបងប្អូនគ្នា ដើម្បីស្រោចស្រង់ប្រទេសជាតិឲ្យបានទាន់ពេលវេលា ក្នុងចលនាអ្នកប្រជាធិបតេយ្យសង្គ្រោះជាតិ។
លោក យឹម សុវណ្ណ ក៏បានអំពាវនាវឲ្យថ្នាក់ដឹកនាំ និងសមាជិកទាំងអស់របស់គណបក្សសិទ្ធិមនុស្សត្រូវមានជំហររឹងមាំ ដូចសមាជិករបស់គណបក្សសមរង្ស៊ី ដែលត្រូវបានគេសម្លុតមិនខ្លាច ទិញមិនលក់ គឺយើងរួមកំលាំងគ្នាតែមួយដើម្បីស្រោចស្រង់ប្រទេសជាតិជាទីស្នេហារបស់យើង ឲ្យរួចផុតពីគ្រោះមហន្តរាយ ។
ដោយឡែកលោកស្រី មួរ សុខហួរ ប្រធានលេខាធិការដ្ឋានរបស់ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ បានថ្លែងថា ក្នុងនាមលោកប្រធានសមរង្ស៊ី ដែលជាប្រធានចលនា លោកស្រីមានកិត្តិយស ដែលបានចូលរួមក្នុងសមាជលើកទី២របស់គណបក្សសិទ្ធិមនុស្ស។ ឆ្លៀតឪកាសនេះ លោកស្រី បានរំលឹកឡើងវិញ នូវសេចក្តីសំរេចចំនួន៥ចំនុច ដែលគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានសំរេចរួមគ្នា កាលពីអំឡុងជំនួបនៅក្រុងម៉ានីល ប្រទេសហ្វីលីពីន។
សេចក្តីសំរេចទាំងនោះ បានបង្ហាញឲ្យឃើញពីជំហររួមគ្នា និងការឯកភាពគ្នាជាធ្លុងមួយរវាងគណបក្សទាំងពីរ ដែលត្រូវបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងគំរោងបង្កើតគណបក្សថ្មីមួយទៅពេលដ៏ខ្លីខាងមុខ ដើម្បីចូលរួមបោះឆ្នោត និងផ្លាស់ប្តូរអំណាចផ្តាច់ការបច្ចុប្បន្ន។