នៅព្រឹកថ្ងៃអាទិត្យទី២២ ខែកក្កដានេះ លោកឡុងរី អ្នកតំណាងរាស្ត្រ និងជាប្រធានគណបក្សសមរង្ស៊ីខេត្តក្រចេះ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាខេត្តក្រចេះ ដើម្បីធ្វើការផ្សព្វផ្សាយពីលទ្ធផលជំនួបរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សនៅក្រុងម៉ានីលប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៦ និង១៧ ខែកក្កដាកន្លងមក។
លោកឡុងរីប្រធានក្រុមប្រឹក្សាខេត្តរបស់គណបក្សសមរង្ស៊ី បានបញ្ជាក់ថា ដោយផ្អែកលើផលប្រយោជន៍របស់ជាតិ និងប្រជាពលរដ្ឋ គណបក្សសមរង្ស៊ី និងគណបក្សសមរង្ស៊ី បានប្រជុំ សំរេច បង្រួបបង្រួមជាសម្លេងប្រជាធិបតេយ្យតែមួយ ក្នុងគោលដៅដើម្បីធ្វើការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០១៣ខាងមុខ។
ដើម្បីសំរេចឲ្យបាននូវគោលដៅនេះ គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដើម្បីប្រមូលយកប្រជាពលរដ្ឋ និងអ្នកនយោបាយស្នេហាជាតិទាំងអស់ឲ្យមកចូលរួមកំលាំងគ្នា ដែលចលនានេះមានលោកប្រធានសមរង្ស៊ីជាប្រធាន លោកកឹមសុខាជាអនុប្រធាន។ ហើយក្នុងពេលដ៏ខ្លីខាងមុខ ចលនាប្រជាធិតេយ្យសង្គ្រោះជាតិ នឹងបង្កើតជាគណបក្សនយោបាយថ្មីមួយ ដែលមានថ្នាក់ដឹកនាំ និងសមាជិកកើតចេញពីគណបក្សទាំងពីរ រួមទាំងអ្នកស្នេហាជាតិដ៏ទៃទៀត ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិឆ្នាំ២០១៣។
ទាំងគណបក្សសមរង្ស៊ី គណបក្សសិទ្ធិមនុស្ស និងប្រជាពលរដ្ឋខ្មែរ រំពឹងនឹងអាចយកឈ្នះលើគណបក្សប្រជាជនបច្ចុប្បន្ននេះបាន ដរាបណាមានការរៀបចំការបោះឆ្នោតឲ្យបានត្រឹមត្រូវ។ ដូចនេះហើយទើបជាទិសដៅរបស់ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិបានកំណត់យកការជំរុញឲ្យមានកំណែទំរង់ស្ថាប័នជាតិរៀបចំការបោះឆ្នោត ជាសកម្មភាពយុទ្ធសាស្ត្រ ដើម្បីសំរេចគោលដៅដឹកនាំប្រទេសនៅអណ្ណត្តិទី៥។ លើសពីនេះវត្តមានរបស់លោកប្រធានសមរង្ស៊ីប្រធានគណបក្សសមរង្ស៊ី និងជាប្រធានគណបក្សថ្មីនោះ ក៏នឹងត្រូវបានអនុញ្ញាតឲ្យមកចូលរួមការបោះឆ្នោតនោះផងដែរ។ បើគ្មានវត្តមានលោកប្រធានសមរង្ស៊ី ប្រធានគណបក្សប្រឆាំង និងគ្មានការកែទំរង់គជប នោះ ការបោះឆ្នោត នឹងគ្មានការទទួលស្គាល់ ហើយគណបក្សប្រឆាំងក៏មិនចូលរួមការបោះឆ្នោតនោះដែរ។ ហើយរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតរបៀបនេះ គឺជារដ្ឋាភិបាលខុសច្បាប់។