លោក អេង ឆៃអ៊ាង សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាលរបស់គណបក្សសមរង្ស៊ី នៅព្រឹកថ្ងៃទី២៣ខែកក្កដានេះ បានដឹកនាំប្រជុំសមាជិកក្រុមប្រឹក្សាខេត្ត ស្រុកជាប់ឆ្នោតរបស់គណបក្សសមរង្ស៊ី ក្នុងខេត្តកណ្តាល ដើម្បីផ្សព្វផ្សាយអំពីលទ្ធផលនៃជំនួបរវាងថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នៅក្រុងម៉ានីលកាលពីថ្ងៃទី១៦ និង១៧កក្កដាកន្លងមក។
ពិតណាស់តែពត៌មានស្តីពីលទ្ធផលនៃជំនួបបង្រួបបង្រួមអ្នកប្រជាធិបតេយ្យត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ធ្វើការផ្សព្វផ្សាយជាច្រើនទៅហើយក៏ដោយ ប៉ុន្តែជំនួបផ្ទៃក្នុងរបស់គណបក្សសមរង្ស៊ីខេត្តកណ្តាល គឺដើម្បីធ្វើឲ្យបានទូលំទូលាយ និងឲ្យកាន់តែច្បាស់លាស់ថែមទៀត អំពីគោលបំណង និងគោលដៅនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលត្រូវបានបង្កើតឡើងដោយគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។
លោក អេង ឆៃអ៊ាង បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនាព្រឹកនេះថា កន្លងមកមន្ត្រីគណបក្សកាន់អំនាច និងអ្នកអត្ថាធិប្បាយពត៌មាន ដែលបំរើគណបក្សកាន់អំណាច តែងបានឃោសនាអកុសល និងវិភាគផ្ទុយពីការពិត ក្នុងចេតនាបន្ទុចបង្អាក់ដំណើរការ នៃចលនាមួយនេះ និងមានចេតនាមិនឲ្យប្រជាពលរដ្ឋចូលរួម។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការបំប៉ោងពត៌មាន និងការវិភាគទាំងនោះ បានបង្ហាញយ៉ាងច្បាស់ថាគណបក្សកាន់អំណាច កំពុងតែព្រួយបារម្ភខ្លាំងមែនទែនចំពោះចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ។ លោកបានហៅការវិភាគទាំងនោះថាជាការវិភាគ ដោយគ្មានយល់អ្វីទាល់តែសោះ។ លោកថាមិនមានឧបសគ្គអ្វីរារាំងដំណើរការចលនានេះឡើយ ហើយទាំងអ្នកនយោបាយនានា និងប្រជាពលរដ្ឋ អាចមកចូលរួមដោយសេរី ព្រោះមានតែចលនានេះហើយ ទើបអាចសង្គ្រោះជាតិឲ្យបានទាន់ពេលវេលា។ ហើយគណបក្សកាន់អំណាចសព្វថ្ងៃកំពុងប្រឈមជាមួយជាមួយដៃគូដ៏ធំ និងមានឥទ្ធិពល ដែលជាហេតុនាំឲ្យគណបក្សកាន់អំណាច ត្រូវពង្រាយគ្នាធ្វើការវាយប្រហារមិនសុច្ចរិតមកលើចលនាថ្មីមួយនេះ។
លោក អេង ឆៃអ៊ាង បានបញ្ជាក់ទៀតថា ការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យដោយបង្កើតជាចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលនៅពេលអនាគតនឹងក្លាយជាគណបក្សថ្មីមួយនោះ គឺដើម្បីឲ្យប្រទេសកម្ពុជា មានប៉ូលនយោបាយតែពីរប្រកួតប្រជែងគ្នា គឺប៉ូលនយោបាយដែលកាន់អំណាច និងប៉ូលនយោបាយប្រឆាំង។ នៅពេលដែលកម្ពុជាមានប៉ូលនយោបាយតែ២ វាកាន់តែងាយស្រួលសំរាប់ការប្រកួតប្រជែងគ្នា និងកាន់តែធ្វើឲ្យគណបក្សប្រឆាំងមានឥទ្ធិពលលើឆាកអន្តរជាតិ និងប្រជាប្រិយភាពលើប្រជាពលរដ្ឋក្នុងប្រទេស។