តំណាងព្រឹទ្ធសភា និងរដ្ឋសភា គណបក្សសមរង្ស៊ីយ៉ាងហោចណាស់៦រូបដឹកនាំដោយលោកស្រី កែ សុវណ្ណរតន៍ អគ្គលេខាធិការគណបក្សសមរង្ស៊ី បានចូលរួមឃ្លាំមើលការតវ៉ារបស់កម្មករោងចក្រកាត់ដេតៃយៀន ឋិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលនៅព្រឹកថ្ងៃអង្គារនេះ។
កម្មកររោងចក្រតៃយៀន ប្រមាណ៣០០នាក់ បន្ទាប់ពីបានដាក់ញត្តិទៅកាន់ស្ថានទូតអាមេរិកកាលពីថ្ងៃម្សិលមិញ នៅព្រឹកនេះពួកគេបាននាំគ្នាធ្វើការតវ៉ា ដោយប៉ុនប៉ងបិទផ្លូវជាតិលេខ៤ ជាលើកទី២ ប៉ុន្តែត្រូវបានអជ្ញាធរប្រដាប់អាវុធវាយបំបែក។
កម្មកររោងចក្រតៃយាន បានទាមទារឲ្យថៅកែរោងចក្រធ្វើការដោះស្រាយសំណើររបស់ពួកគាត់ ដែលក្នុងនោះមាន ៥ចំណុច ដែលសរុបជាទឹកប្រាក់ទៅមានចំនួនប្រមាណ ១៧០ដុល្លារអាមេរិក សម្រាប់កម្មករម្នាក់ក្នុងមួយឆ្នាំ។
ប្រាក់អត្ថប្រយោជន៍កម្មករទាំង ៥ នោះរួមមាន ប្រាក់បណ្ដេញចេញ ប្រាក់ជូនដំណឹង ប្រាក់សងជំងឺចិត្ត ប្រាក់បំណាច់ឆ្នាំ និងប្រាក់ខែចុងក្រោយ។
សូមបញ្ជាក់ថាការតវ៉ានេះបានអូសបន្លាយប្រមាណ១ខែមកហើយ ដោយក្រុមកម្មករបានព្យាយាមរកអន្តរាគមន៍គ្រប់ច្រកល្ហក ដើម្បីឲ្យដាក់សំពាធលើថៅកែរោងចក្រ ឲ្យយល់ព្រមធ្វើការដោះស្រាយសំណើររបស់កម្មករ។ ទន្ទឹមនឹងការមិនអើពើពីមន្ត្រីរដ្ឋាភិបាល មន្ត្រីសហជីពរបស់រដ្ឋាភិបាល និងរោងចក្រ ក៏មានប្រព័ន្ធផ្សព្វផ្សាយលុតក្រាប បំរើគណបក្សកាន់អំណាចមួយចំនួន បានព្យាយាមវាយប្រហារ និងបន្ទោសបង្អាប់ចំពោះការតវ៉ារបស់កម្មករ ដែលសូម្បីតែការចូលរួមរបស់អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី អន្តរាគមន៍ចំពោះការតវ៉ារបស់កម្មករ ស្របពេល ដែលតំណាងរាស្ត្រគណបក្សកាន់អំណាចកំពុងសោយសុខនោះ ក៏ត្រូវបានសារពត៌មានអគតិនោះធ្វើការវាយប្រហារដែរ។ បើសារពត៌មាននោះពិតជាមានសតិសម្បជ្ជញ្ញៈ គេគួរតែជួយជំរុញ និងផ្សព្វផ្សាយឲ្យមានការដោះស្រាយបញ្ឍប់ការតវ៉ារបស់កម្មករ ហើយមិនត្រូវមានចេតនា រារាំងការលូកដៃអន្តរាគមន៍ពីមជ្ឍដ្ឋានខាងក្រៅនោះទេ។
កម្មករជាកំលាំងចលករ បង្កើតចំណូលជូនជាតិរាប់រយលានដុល្លាក្នុងមួយឆ្នាំៗ។ ដូចនេះកម្មករ ត្រូវតែទទួលបានការលើកកំពស់ទាំងសិទ្ធិសេរីភាព និងអត្ថប្រយោជន៍របស់កម្មករ ដើម្បីធានាការគោរពច្បាប់ និងធ្វើឲ្យកម្មករមានជីវភាពរស់នៅសមរម្យ។