ពិធីជួបសំណេះសំណាលរវាងអគ្គលេខាធិការ គណបក្សសមរង្ស៊ី និងថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់របស់គណបក្ស ក្នុងខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ គឺដើម្បីពង្រឹង និងផ្សព្វផ្សាយពីយុទ្ធសាស្ត្រថ្មីៗរបស់ គណបក្សសមរង្ស៊ី ក្នុងនោះផ្តោតជាសំខាន់លើការរួបរួមគ្នាជាកំលាំងតែមួយរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សជាសម្លេងប្រឆាំងតែមួយ ត្រៀមចូលរួមការប្រកួតប្រជែងក្នុងការបោះឆ្នោតក្នុងឆ្នាំ២០១៣ខាងមុខនេះ។
លោកស្រីបានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសកម្មជនរបស់គណបក្សសមរង្ស៊ីទាំងអស់ ត្រូវសំរបខ្លួនធ្វើការងាររួមគ្នាជាមួយគណបក្សសិទ្ធិមនុស្ស ដើម្បីសំរេចគោលដៅស្រោចស្រង់ជាតិនៅពេលខាងមុខ។ លោកស្រីបានបញ្ជាក់ទៀតថាអ្នកប្រជាធិបតេយ្យនៅកម្ពុជា ដែលមានគណបក្សប្រជាធិបតេយ្យធំៗចំនួន២ ជាកំលាំងស្នូល បាន និងកំពុងធ្វើការងាររួមគ្នាក្នុងក្របខណ្ឌ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដើម្បីប្រមូលសម្លេងគាំទ្រ ពីប្រជាពលរដ្ឋ និងអ្នកប្រជាធិបតេយ្យស្នេហាជាតិទាំងអស់។ នៅពេលឆាប់ៗខាងមុខនេះ គណបក្សនយោបាយថ្មីមួយទៀត មានឈ្មោះគណបក្សសង្គ្រោះជាតិ នឹងចេញរូបរាងជាផ្លូវការ និងចុះបញ្ជីសំរាប់ចូលរួមការបោះឆ្នោតនាពេលខាងមុខ។
ដូចនេះអ្វីដែលថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ត្រូវធ្វើ គឺការផ្សព្វផ្សាយបន្តអំពីជំហរនយោបាយ និងគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ទៅកាន់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។
ឆ្លៀតឱកាសនោះផងដែរ លោកស្រីកែសុវណ្ណរតន៍ បានពាំនាំនូវការនឹករលឹក សួរសុខទុក្ខ ពីលោកប្រធានសមរង្ស៊ី ចំពោះថ្នាក់ដឹកនាំ និងសកម្មជនទាំងអស់របស់គណបក្ស។ លោកស្រីថាជានិច្ចជាកាល លោកប្រធានសមរង្ស៊ី តែមានការនឹករលឹក មកកាន់ថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្ស ដែលលោកប្រធាននឹងវិលត្រឡប់មកជួបបងប្អូនទាំងអស់គ្នាវិញ នៅក្នុងពេលដ៏ខ្លីខាងមុខនេះមិនខាន។