Wednesday 01 February 2012

ទំព័រដើម សកម្មភាព

តំណាងរាស្ត្រគណបក្ស សម រង្ស៊ី បន្ទោសការបណ្តែតបណ្តោយ ឲ្យមានការកាប់ឈើលើដី សម្បទាន ដែលត្រូវបានដកហូតមកវិញ ថាមានការប្រព្រឹត្តអំពើពុករលួយ

យ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន២កំពុងធ្វើការការបំផ្លាញព្រៃក្នុងខេត្តរតនៈគិរី ក្រោមលេស សម្បទាន បើទោះបីរដ្ឋាភិបាលបានប្រកាសយកដីមកវិញហើយក៏ដោយ ។

បើតាមប្រសាសន៍ពីលោក ប៉ែន ប៊ុណ្ណា មន្ត្រីជាន់ខ្ពស់របស់អង្គការការពារសិទ្ធិមនុស្សអាដហុក ប្រចាំនៅខេត្តរតនៈគិរី បានប្រាប់កាសែតក្នុងស្រុកមួយថា យ៉ាងហោចណាស់មានក្រុមហ៊ុន ចំនួន២ ក្នុងចំណោមក្រុមហ៊ុនចំនួន១២ ដែលរដ្ឋាភិបាលបានប្រកាសដកហូតដីសម្បទានមកវិញ កំពុងបន្តធ្វើការកាប់ឈើនៅឡើយលើដីសម្បទានរបស់ខ្លួន។ បើតាមការដកស្រង់សម្តីមកចុះ ផ្សាយរបស់កាសែត Cambodia Daily លោកប៉ែន ប៊ុណ្ណា បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុន ទាំង២នោះគឺក្រុមហ៊ុនហេងអភិវឌ្ឍ ដែលទទួលបានសម្បទានដីទំហំ៨៦៥៤ហិចតា សម្រាប់ដាំ​ ដើមកៅស៊ូក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី និងក្រុមហ៊ុនមួយទៀតឈ្មោះ ហេង ហ៊ាប វិនិយោគ ដែលទទួលបានដីសម្បទានទំហំ៧០០០ហិចតា ក្នុងស្រុកអូរយ៉ាដាវ កំពុងធ្វើការរាន ព្រៃ ទោះបីក្រុមហ៊ុនទាំង២នេះឋិតក្នុងចំណោមក្រុមហ៊ុនទាំងអស់ចំនួន១២ ដែលទទួលនូវការ ចោទប្រកាន់ថា មិនបានធ្វើការអភិវឌ្ឍលើដីសម្បទាន ហើយត្រូវបានរដ្ឋាភិបាលសម្រេចប្រកាស ជាសាធារណៈលុបចោលកិច្ចសន្យាសម្បទាន ដកហូតយកដីមកវិញរួចហើយក៏ដោយ ។

ការបណ្តែតបណ្តោយឲ្យការកាប់ឈើព្រៃ លើដីសម្បទានយ៉ាងអាណាធិបតេយ្យកើតមានឡើង បន្ទាប់ពីការធ្វេសប្រហែសរបស់រដ្ឋាភិបាល ក្នុងការតាមដានគំរោងប្រើប្រាស់ដីរបស់ក្រុមហ៊ុន​ ខិលខូចមួយចំនួន។ ការព្រងើយកន្តើយរបស់អជ្ញាថ្នាក់លើដែលពាក់ព័ន្ធ បានធ្វើឲ្យក្រុមហ៊ុនទាំង នោះឆ្លៀតឪកាសអន្ទងទឹកចិត្តរបស់មន្ត្រីមួលដ្ឋាន ឲ្យភ្លេចអស់នូវតួនាទី និងមើលមិនឃើញពី សកម្មភាពរបស់ក្រុមហ៊ុន ហើយនិងមិនរាយការណ៍។

លោក គីសួរ ភីរិទ្ធ អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានស្តីបន្ទោសអជ្ញាធរមូលដ្ឋាន ដែលសង្ស័យមានការឃុបឃិតគ្នាជាមួយក្រុមហ៊ុន ហើយបណ្តែតបណ្តោយឲ្យមានការកាប់ឈើ និងឈូសឆាយព្រៃតាមតែអំពើចិត្ត ។ លោកថាគួរតែមានការរឹតបន្តឹងការអនុវត្តសេចក្តីសំរេច របស់ខ្លួនឲ្យបានតឹងរឹង ហើយអនុវត្តវិន័យរដ្ឋបាលចំពោះមន្ត្រីណាដែលបានប្រព្រឹត្តទង្វើមិនគួរ គម្បីប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ។ លោក គីសួរ ភីរិទ្ធ បានកត់សំគាល់ផងដែរថា ភាពជិតស្និទ្ធ របស់ក្រុមហ៊ុនមួយចំនួនជាមួយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ក៏អាចជាមូលហេតុ ដែលធ្វើឲ្យភាពអាណាធិបតេយ្យ នៅតែកើតមានមិនឈប់ឈរផងដែរ ។ មានពេលខ្លះក្រុមហ៊ុន មានអំណាចធំជាងច្បាប់ទៅទៀត ដោយលោកបានលើកឧទាហរណ៍ការទទួលបានសម្បទាន របស់ក្រុមហ៊ុនមួយក្នុងខេត្តកំពង់ឆ្នាំងរហូតដល់ប្រមាណ១៧ម៉ឺនហិចតា ទោះបីច្បាប់បានកំណត់ ទំហំដីសម្បទានមិនឲ្យច្រើនជាងមួយម៉ឺនហិចតាក៏ដោយ ។

សូមបញ្ជាក់ថា ដោយសារតែអាចរកចំណូលបានខ្ពស់ មានក្រុមហ៊ុនមួយចំនួនបានប្រើលេស សម្បទាន ដើម្បីគ្រប់គ្រងដីព្រៃ និងធ្វើការកាប់បំផ្លាញឈើ​ធ្វើការជួញដូរ ដោយគ្មានការទទួល ខុសត្រូវ ។  ដែលមូលហេតុនេះគេរំពឹងថានឹងជះផលប៉ះពាល់ដល់និរន្តភាព ព្រៃឈើនៅកម្ពុជា ដែលកាន់តែប្រឈមនឹងការវិនាសហិនហោច ប្រសិនបើមិនទប់ស្កាត់ឲ្យទាន់ ពេលវេលា ។ គណបក្ស សម រង្ស៊ី បានសន្យាដកហូតយកដីសម្បទានមិនត្រឹមត្រូវទាំងអស់នោះ មកវិញ នៅពេលខ្លួនទទួលបានអំណាចនៅក្នុងដៃ ។ ការអភិវឌ្ឍសេដ្ឋកិច្ចរបស់រដ្ឋាភិបាល សម រង្ស៊ី ខុសពីការអភិវឌ្ឍ របស់រដ្ឋាភិបាលគណបក្សកាន់អំណាចសព្វថ្ងៃ ដោយគណបក្ស សម រង្ស៊ី ចាត់ទុកការអភិវឌ្ឍ ត្រូវតែធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋបានធូរធា និងមិនបង្កផលប៉ះពាល់ដល់ ធនធានធម្មជាតិ ៕ កង ប៊ុន

 

Related Posts